តំបន់អេកូទេសចរណ៍ធម្មជាតិ«ជីផាត» ក្នុងខេត្តកោះកុង កំពុងបង្ហាញសក្តានុពលយ៉ាងខ្លាំងក្លា ដោយបានទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តប្រមាណ ២ម៉ឺន ៧ពាន់នាក់ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ នេះ។ យោងតាមទិន្នន័យចុងក្រោយរបស់មន្ទីរទេសចរណ៍ខេត្តកោះកុង នៅក្នុងចំនួនភ្ញៀវទេសចរនេះ មានទេសចរជាតិចំនួនជាង ២ម៉ឺន ៦ពាន់នាក់ និងភ្ញៀវអន្តរជាតិចំនួនជិត ៧០០ នាក់។
លោក សេត រ៉ាស៊ូ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងថា ជីផាតគឺជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះដ៏សម្បូរបែប។ ពេលមកកម្សាន្តនៅទីនេះ អ្នកទេសចរនឹងបានជក់ចិត្តដិតអារម្មណ៍ជាមួយសម្រស់ព្រៃឈើដ៏ខៀវស្រងាត់ សត្វព្រៃកម្រៗ រួមទាំងជ្រោះជ្រងជ្រលងដងអូរ ព្រែក និងទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែងដែលលាក់ខ្លួនយ៉ាងអាថ៌កំបាំង។
ក្រៅពីទស្សនាទិដ្ឋភាពធម្មជាតិ ភ្ញៀវទេសចរទាំងអស់ថែមទាំងអាចរីករាយជាមួយសេវាកម្មទេសចរណ៍ ដែលផ្តល់ជូនដោយផ្ទាល់ពីសំណាក់ប្រជាសហគមន៍ ព្រមទាំងមានឱកាសស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជំនឿផ្សេងៗតាមរយៈការរស់នៅដ៏សាមញ្ញ និងទន់ភ្លន់របស់ប្រជាជនមូលដ្ឋានទៀតផង។
សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ជាតិ ក៏ដូចជាគុណភាពបរិស្ថានឱ្យបានគង់វង្ស។ សកម្មភាពទេសចរណ៍ទាំងអស់នៅក្នុងតំបន់នេះរៀបចំដោយប្រជាមូលដ្ឋាននៅក្នុងសហគមន៍ផ្ទាល់។
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ការបង្កើតជាសហគមន៍នេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់ផលិតផល និងសេវាកម្មទេសចរណ៍ផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។
ការប្រែក្លាយមុខមាត់ថ្មីនៃតំបន់អេកូទេសចរណ៍ជីផាត កាន់តែមានភាពលេចធ្លោឡើង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម។ ក្នុងនោះ អាជ្ញាធរទេសចរណ៍បានគូសបញ្ជាក់ថា ផ្លូវថ្នល់មួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ចូលមកកាន់តំបន់ជីផាត ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ ទន្ទឹមនឹងនេះ ផ្លូវមួយខ្សែទៀតដែលតភ្ជាប់ចេញពីតំបន់ជីផាត ឆ្ពោះទៅកាន់តំបន់អារ៉ែង ក៏កំពុងតែដំណើរការសាងសង់យ៉ាងមមាញឹកផងដែរ ហើយផ្លូវយុទ្ធសាស្ត្រមួយខ្សែនេះនឹងរត់តម្រង់ទៅកាន់ទីរួមស្រុកថ្មបាំង រួចឆ្ពោះទៅភ្ជាប់ជាមួយផ្លូវជាតិលេខ ៤៨ វិញ នៅត្រង់ចំណុចផ្លូវបំបែកចូលស្រុកថ្មបាំង។
ការអភិវឌ្ឍនេះ បានទាក់ទាញអ្នកវិនិយោគជាច្រើនឱ្យបណ្តាក់ទុនបង្កើតអាជីវកម្ម និងសេវាកម្មផ្សេងៗនៅក្នុងតំបន់ជីផាត ដែលធ្វើឱ្យតំបន់ទេសចរណ៍ធម្មជាតិមួយនេះ បង្កើនភាពទាក់ទាញកាន់តែខ្លាំង។ ដោយឡែក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងព្រែកជីផាត ក៏ត្រូវបានចាត់ទុកជាគម្រោងអាទិភាពមួយ ដែលត្រូវបានមន្ត្រីជំនាញចុះធ្វើការសិក្សាលម្អិតជាច្រើនដងរួចមកហើយ៕


























