ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីអបអរសាទរខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនារវាងអាស៊ាន និងរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៦ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធ រុស្ស៊ី។
អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនកម្ពុជាមួយចំនួនផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៊ី ក្នុងការពិភាក្សា និងកំណត់ទិសដៅថ្មីៗ ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
ក្រៅពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលស្នាក់នៅសហព័ន្ធរុស្ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍អមមួយចំនួន និងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសដៃគូផ្សេងៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម និងអាចផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីពាក់ព័ន្ធ៕
ដោយ៖វណ្ណលុក