ភ្នំពេញ៖៖ ប្រវត្តិសាស្រ្ដទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានភាពល្អ រឹងមាំ ហើយកំពុងពូនជ្រំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ។អាចនិយាយបានថា «ជាបងប្អូននឹងគ្នា» ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនិងឯកឧត្តម ហេណុក ពូរ៉ារ៉ូ (Henock Puraro) សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ក្នុងជំនួបពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងឱកាសនោះ ឯកឧត្តម ហេណុក ពូរ៉ារ៉ូ បានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានភាពរឹងមាំក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ។ ឯកឧត្តម បានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីថា «ជាបងប្អូននឹងគ្នា» ។
ឯកឧត្តមថ្លែងថា ប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នា ជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនេះ ក៏ជាផ្នែកមួយនៃការរុញច្រានទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម វិនិយោគ និងការអប់រំរវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អប្រសើរ ផងដែរ ។
ទន្ទឹមនឹងនោះ ឯកឧត្តម ហេណុក ពូរ៉ារ៉ូ បានបង្ហាញថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ គឺដើម្បីពិភាក្សាគ្នាលើគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ដែលជាគំនិតផ្គួចផ្ដើមនាពេលកន្លងមករបស់សម្ដេចតេជោ និងប្រធានព្រឹទ្ធសភា របស់ឥណ្ឌូណេស៊ី។
ឯកឧត្តម ជា ធីរិទ្ធ បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអរគុណចំពោះការលើកឡើងដ៏ល្អ របស់ឯកឧត្តម ហេណុក ពូរ៉ារ៉ូ ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី ។ ខ្វូត៖ សម្ដេចតេជោ ថា ក្នុងប្រវត្តិសាស្រ្ដ ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានភាពល្អ និងរឹងមាំ ហើយកំពុងពូនជ្រំនៃទំនាក់ទំនងនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ។ ខ្វូតឯកឧត្តមជាធីរិទ្ធ
ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ សម្ដេចតេជោ បានជំរុញឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ ធ្វើយ៉ាងណា ជំរុញឱ្យទំនាក់ទំនងនេះ កាន់តែមានភាពបើកជំហរ និងអាចពង្រីកនូវពាណិជ្ជកម្មកាន់តែមានភាពកើនឡើង បន្ថែមទៀត ។ សម្ដេចតេជោ បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ ។
បន្ថែមលើនេះ ប្រទេសទាំងពីរ បានភ្ជាប់ជើងហោះហើរជាមួយគ្នារួចហើយ សម្ដេចតេជោ ក៏ចង់ឱ្យប្រទេសទាំងពីរ ជំរុញនូវជើងហោះហើរឱ្យមានការកើនឡើងកាន់តែច្រើន បន្ថែមទៀត ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងការផ្ដល់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពមមាញឹកជាងមុន ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនទានចំពោះគម្រោង នៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ដែលជាគំនិតផ្គួចផ្ដើមដោយសម្ដេច និងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូណេស៊ី ដោយបានចែករំលែកនូវចំណុចស្នូលមួយចំនួន ដែលវេទិកានេះ គួរតែធ្វើនៅពេលខាងមុខ និងធ្វើការពិភាក្សា សិក្សាស្រាវជ្រាវបន្ថែមទៀត ថា តើលទ្ធភាព និងតួនាទីនៃវេទិកាប្រធានព្រឹទ្ធសភាអាស៊ាននេះ ត្រូវធ្វើនៅក្នុងក្របខណ្ឌណា ៕
ដោយ៖វណ្ណលុក