នៅក្នុងឱកាសដ៏មហានក្ខត្តប្ញក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ព្រះវស្សាយាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមការប្រកួតតែងនិពន្ធមួយ ដោយយកការអបអរព្រះរាជពិធីដ៏សិរីមហាមង្គលនេះជាប្រធានបទតែម្តង។
ក្នុងការប្រកួតប្រជែង ដែលមានរយៈពេល៣ខែកន្លងមកនេះ គណៈកម្មការបានទទួលស្នាដៃតែងនិពន្ធថ្មីផ្នែកចម្រៀងចំនួន ១០ស្នាដៃ និងកំណាព្យចំនួន ៧៣ស្នាដៃ ពីបេក្ខជន និងបេក្ខសមណៈ មកពីគ្រប់មជ្ឈដ្ឋាន។ ជាលទ្ធផល ពានរង្វាន់ជ័យលាភីឯកផ្នែកតែងនិពន្ធកំណាព្យ បានទៅលើលោក ឯក ខន ហើយពានរង្វាន់ជ័យលាភីឯកផ្នែកតែងនិពន្ធចម្រៀង បានទៅលើលោក សូមុត្រ បុត្ររ៉ាសា។ ចំណែកលោកស្រី វុធ ច័ន្ទម៉ូលី ទទួលបានពានកិត្តិយសផ្នែកតែងនិពន្ធចម្រៀង។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីទាំងអស់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈអចិន្ដ្រៃយ៍ គណៈកម្មធិការកណ្ដាល ព្រឹទ្ធាចារ្យ បេក្ខជន បេក្ខនារី សមាជិក សមាជិកា ស.ស.យ.ក. សរុបប្រមាណជាង ៤០០នាក់។
ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងការកោតសរសើរចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិត និងសហការគ្នាបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ ចាប់តាំងពីដំណាក់កាលដំបូង រហូតឈានដល់ដំណាក់កាលប្រកាសជ័យលាភីនាពេលនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ការរៀបចំការប្រកួតនានេះ មិនត្រឹមតែជាឱកាសសម្រាប់សាធារណជន ពិសេសយុវជន ដែលស្រឡាញ់ចូលចិត្តសិល្បៈវប្បធម៌ អាចចូលរួមប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួម ដើម្បីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ ព្រះវស្សាយាងចូល ៩១ ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕
ផលិតដោយ៖ ខាន់ ទិត្យវីរីយ៉ា