កាហ្វេដែលដាំដុះនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តមណ្ឌលគិរី កំពុងទទួលបានការទទួលស្គាល់កាន់តែច្រើនថាមានគុណភាពល្អ និងរសជាតិប្រណិត ដែលអាចឈានទៅប្រកួតប្រជែងជាមួយកាហ្វេល្បីៗនៅលើទីផ្សារអន្តរជាតិ។ អ្នកជំនាញ និងក្រុមហ៊ុនប្រមូលទិញកាហ្វេបានលើកទឹកចិត្តឱ្យកសិករយកចិត្តទុកដាក់លើការប្រមូលផលតាមស្តង់ដារ ដើម្បីលើកកម្ពស់គុណភាព និងកេរ្តិ៍ឈ្មោះកាហ្វេកម្ពុជា។
លោក ស្រួច ផល្លី បុគ្គលិកក្រុមហ៊ុន ខូហ្វី (Kofi) និងជាមន្ត្រីសម្របសម្រួលសហគមន៍នៅខេត្តមណ្ឌលគិរី បានឱ្យដឹងថា កត្តាសំខាន់បំផុតដែលធ្វើឱ្យកាហ្វេមានគុណភាពខ្ពស់ គឺការប្រមូលផលនៅពេលផ្លែកាហ្វេទុំ ១០០ភាគរយ។ ប្រសិនបើកសិករប្រមូលផលនៅពេលផ្លែមិនទាន់ទុំពេញលេញ គុណភាព និងរសជាតិកាហ្វេនឹងធ្លាក់ចុះ។
លោកបញ្ជាក់ថា កាហ្វេ ដែលទុំ១០០ភាគរយ មានតម្លៃទិញប្រមាណ ៤ ២០០រៀលក្នុងមួយគីឡូក្រាម ខណៈកាហ្វេដែលប្រមូលផលពេលទុំត្រឹម ៥០ទៅ៧០ភាគរយ គឺមានតម្លៃប្រហែល ៣ ៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ កាហ្វេជារុក្ខជាតិខុសប្លែកពីរុក្ខជាតិដទៃ ព្រោះផ្លែកាហ្វេទុំល្អមានជាតិស្ករកាន់តែខ្ពស់ និងទម្ងន់កាន់តែធ្ងន់ ដែលជួយបង្កើនទាំងគុណភាព និងប្រាក់ចំណូលរបស់កសិករ។
ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន ខូហ្វី បានប្រមូលទិញកាហ្វេស្រស់ពីកសិករនៅខេត្តមណ្ឌលគិរីសរុបជាង ៥៨៤តោន។ សម្រាប់ឆ្នាំ២០២៦នេះ ក្រុមហ៊ុនរំពឹងថាបរិមាណទិញនឹងបន្តកើនឡើង ស្របពេលដែលកសិករកាន់តែច្រើនចាប់អារម្មណ៍លើការដាំកាហ្វេ។ កសិករសហការជាមួយក្រុមហ៊ុន ក៏ទទួលបានកិច្ចសន្យាទិញលក់ច្បាស់លាស់ ដែលជួយកាត់បន្ថយហានិភ័យខ្វះទីផ្សារនៅពេលប្រមូលផល។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ ផ្ទៃដីដាំកាហ្វេនៅកម្ពុជាបានកើនឡើងដល់ជិត ១ ០០០ហិកតា ហើយនៅចុងឆ្នាំនេះអាចនឹងកើនបន្ថែមពី ៥០០ ទៅ ៦០០ហិកតាទៀត។ កំណើននេះបង្ហាញពីសក្តានុពលនៃវិស័យកាហ្វេ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីកសិករ និងអ្នកវិនិយោគកាន់តែច្រើន។
បច្ចុប្បន្ន ការដាំកាហ្វេភាគច្រើនមាននៅខេត្តមណ្ឌលគិរី និងរតនគិរី ខណៈខេត្តមួយចំនួនទៀតដូចជា ពោធិ៍សាត់ កោះកុង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ចាម ក៏មានការដាំដុះផងដែរ ប៉ុន្តែនៅមានទំហំតិចតួចនៅឡើយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៥ កម្ពុជាផលិតកាហ្វេបានជាង ១ ៣១៤តោន ដោយមានទិន្នផលជាមធ្យម ២,៥តោនក្នុងមួយហិកតា។
អ្នកជំនាញក្នុងវិស័យកាហ្វេអះអាងថា ទីផ្សារកាហ្វេទាំងក្នុង និងក្រៅប្រទេសនៅតែមានតម្រូវការខ្ពស់ ខណៈការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់។ ជាមួយគុណភាព និងរសជាតិពិសេសដែលកំពុងទទួលបានការទទួលស្គាល់ កាហ្វេមណ្ឌលគិរីត្រូវបានរំពឹងថានឹងក្លាយជាផលិតផលកសិកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស៕
ដោយ៖ ម៉ាដេប៉ូ
































