ហែលស៊ិនគី ៖ ប្រទេសហ្វាំងឡង់ បានសម្រេចចិត្តបញ្ជាទិញគ្រាប់បែកប្រភេទ GBU-53 SDB II ពីសហរដ្ឋអាមេរិក ដើម្បីបំពាក់ដល់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ខ្លួន ។

ហែលស៊ិនគី ៖ ប្រទេសហ្វាំងឡង់ បានសម្រេចចិត្តបញ្ជាទិញគ្រាប់បែកប្រភេទ GBU-53 SDB II ពីសហរដ្ឋអាមេរិក ដើម្បីបំពាក់ដល់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ខ្លួន ។
ការសម្រេចចិត្តនេះ ត្រូវបានប្រកាសដោយក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃ ព្រហស្បតិ៍ ដោយបានបញ្ជាក់ថា ការបញ្ជាទិញគ្រាប់បែកប្រភេទនេះ នឹងបង្កើនសមត្ថភាពវាយប្រហារពីអាកាសទៅដី ។
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen និយាយថា ការទិញគ្រាប់បែកនេះ បន្ថែមសមត្ថភាពថ្មី ក្នុងការវាយប្រហារពីដែនអាកាសទៅលើដីគោក ដល់កងយន្តហោះចម្បាំង F-35 របស់ប្រទេសហ្វាំងឡង់ ។
លោក Hakkanen បានបញ្ជាក់ទៀតថា ការទិញគ្រាប់បែក SDB II ក៏នឹងជួយបំពេញបន្ថែម ចំពោះការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 សរុបចំនួន ៦៤ គ្រឿង ក្នុងទំហំទឹកប្រាក់ ៩,៤ ពាន់លានដុល្លារពីក្រុមហ៊ុន Lockheed Martin ។
បើតាម Straits Times, GBU-53 SDB II គឺជាគ្រាប់បែកនាំផ្លូវឆ្លាតវៃផលិតដោយក្រុមហ៊ុន RTX របស់សហរដ្ឋអាមេរិក ។ វាមានទម្ងន់សរុបជាង ៩០គីឡូក្រាម និងអាចផ្ទុកក្បាលគ្រាប់ទម្ងន់ ៤៨គីឡូក្រាម ។
គ្រាប់បែកនេះ មានសមត្ថភាពវាយប្រហារក្នុងចម្ងាយជាង ១១០គីឡូម៉ែត្រ ពីរយៈកម្ពស់មធ្យម លើគោលដៅដែលអាចផ្លាស់ទី ទោះអំឡុងមានអាកាសធាតុមិនល្អក៏ដោយ ។
ដោយសារតែមានទំហំតូច និងទម្ងន់ស្រាល វាអំណោយផលដល់ការបំពាក់គ្រាប់បែក SDB II បានច្រើនគ្រាប់ នៅលើយន្តហោះចម្បាំងបំបាំងកាយ F-35 ។ វាមានតម្លៃចាប់ពី ២០ម៉ឺន ទៅ ២៥ម៉ឺនដុល្លារក្នុងមួយគ្រាប់ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា


