បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិនិយោគិនខ្មែរម្នាក់មានមហិច្ឆតានាំចេញគ្រាប់កាហ្វេទៅកាន់ទីផ្សារអន្តរជាតិ

វិនិយោគិនខ្មែរម្នាក់មានមហិច្ឆតានាំចេញគ្រាប់កាហ្វេទៅកាន់ទីផ្សារអន្តរជាតិ

ស្របពេលតម្រូវការគ្រាប់កាហ្វេមានការកើនឡើងខ្ពស់ ហើយកាហ្វេកម្ពុជាមានភាពល្បីល្បាញផងនោះ វិនិយោគិនខ្មែរម្នាក់បានដាក់ចេញមហិច្ឆតានាំចេញគ្រាប់កាហ្វេរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដោយជំហានដំបូងលោកបានបោះទុនវិនិយោគជាង ១លានដុល្លារ លើឧស្សាហកម្មកាហ្វេនៅកម្ពុជា។

Advertisement

លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ បានប្រាប់បណ្ដាញព័ត៌មាន AMS ថា មូលហេតុដែលលោកសម្រេចចិត្តបោះទុនជាច្រើនលើឧស្សាហកម្មកាហ្វេនេះ មិនត្រឹមតែក្នុងគោលបំណងលើកកម្ពស់កាហ្វេក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែលោកមានផែនការនាំចេញគ្រាប់កាហ្វេកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ កន្លងមក កម្ពុជាបាននាំចេញគ្រាប់កាហ្វេដែរ ប៉ុន្តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ។

លោក ជិន ជ័យាបុត្រ បានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៦ ក្រុមហ៊ុនលោកបានប្រមូលទិញគ្រាប់កាហ្វេពីប្រជាកសិករជាជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី បានជិត ១ពាន់តោនហើយ ដែលគិតជាទឹកប្រាក់ប្រហែល ១លានដុល្លារ ដើម្បីពង្រីកផលិតកម្មកាហ្វេក្នុងស្រុក និងកាត់បន្ថយការនាំចូល។

ក្រៅពីការប្រមូលទិញគ្រាប់កាហ្វេពីកសិករ បច្ចុប្បន្ន ក្រុមហ៊ុន គីរីកាហ្វេ កំពុងសាងសង់រោងចក្រសម្ងួតគ្រាប់កាហ្វេ ដែលគ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែតុលា ខាងមុខ ដែលមានសមត្ថភាពសម្ងួតគ្រាប់កាហ្វេចំនួន ២០តោន ក្នុង១ថ្ងៃ នៅដំណាក់កាលដំបូង។
វិនិយោគិនរូបនេះបានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងខេត្តមណ្ឌលគិរី ងាកមកដាំដុះដំណាំកាហ្វេឲ្យបានច្រើន ជៀសវាងទុកដីទំនេរចោល ឬដាំដំណាំ ដែលមិនសូវមានទីផ្សារល្អ។

លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា កត់សម្គាល់ឃើញថា ការដាំដុះដំណាំការហ្វេនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅមួយរយៈពេលចុងក្រោយនេះ ស្របពេលទីផ្សារកាហ្វេក្នុងស្រុកកំពុងមានតម្រូវការខ្ពស់ដែលបានជំរុញឱ្យផ្ទៃដីដាំដុះដំណាំកាហ្វេនៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ កើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំមុន។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានតម្រូវការគ្រាប់កាហ្វេប្រមាណជា ២ម៉ឺនតោនក្នុងមួយឆ្នាំ ប៉ុន្តែ ការផលិតជាក់ស្តែងបានប្រមាណតែ ២ពាន់តោន ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ តួលេខនេះបង្ហាញថា កម្ពុជាត្រូវនាំចូលគ្រាប់កាហ្វេជិត ១ម៉ឺន៨ពាន់ តោនក្នុងមួយឆ្នាំ៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា