ធនាគារពិភពលោក (WB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ចំនួន ១១៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលនឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពល បង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្ម និងការងារកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា កញ្ចប់ហិរញ្ញប្បទាននេះ រួមមាន ឥណទានសម្បទានចំនួន ១១០លានដុល្លារ ពីសមាគម International Development Association របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥លានដុល្លារ ពីកម្មវិធី Energy Sector Management Assistance Program។
ការវិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់អគ្គិសនី ស្ថាប័នសាធារណៈ សហគ្រាសឧស្សាហកម្ម អ្នកអភិវឌ្ឍថាមពលកកើតឡើងវិញ ក្រុមហ៊ុនផ្តល់សេវាកម្ម និងអ្នកផ្គត់ផ្គង់បរិក្ខារសន្សំសំចៃថាមពល ព្រមទាំងបង្កើតការងារកាន់តែច្រើន និងមានគុណភាពនៅក្នុងវិស័យនេះ។
ធនាគារពិភពលោក បញ្ជាក់ទៀតថា គម្រោងនេះមានគោលបំណងពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់សេដ្ឋកិច្ចបៃតង ដោយជួយឱ្យអាជីវកម្មទទួលបានអគ្គិសនីប្រកបដោយការជឿជាក់ តម្លៃសមរម្យ និងប្រសិទ្ធភាពកាន់តែខ្ពស់។
លោកស្រី Tania Meyer អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការពង្រីកការទទួលបានអគ្គីសនី។ លោកស្រី បញ្ជាក់ថា គម្រោងនេះនឹងគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត ដែលជួយការពារសេដ្ឋកិច្ចពីភាពប្រែប្រួលនៃថាមពលសកល ជំរុញកំណើនសេដ្ឋកិច្ច បង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតការងារប្រកបដោយគុណភាព។
ការរីកចម្រើននៃឧស្សាហូបនីយកម្ម នគរូបនីយកម្ម និងការកើនឡើងនៃកម្រិតជីវភាពរស់នៅ បានជំរុញឲ្យតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា កើនឡើងយ៉ាងឆាប់រហ័ស។ បើទោះការទទួលបានអគ្គិសនីបានគ្របដណ្តប់ស្ទើរទូទាំងប្រទេសក៏ដោយ អាទិភាពបន្ទាប់របស់កម្ពុជា គឺការកសាងប្រព័ន្ធថាមពលដែលមានភាពជឿជាក់ ភាពធន់ តម្លៃសមរម្យ និងប្រើប្រាស់ប្រភពថាមពលស្អាតកាន់តែច្រើន។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ឈរលើគោលការណ៍ថាមពលស្អាតមានតម្លៃសមរម្យ, អាចទុកចិត្តបាន និងសមធម៌ កម្ពុជាមានការប្តេជ្ញាចិត្តក្នុងការធ្វើអន្តរកាលថាមពល ដែលមានភាពត្រឹមត្រូវ អាចជួយដល់ប្រជាជន, អាជីវកម្ម និងការអភិវឌ្ឍជាតិយូរអង្វែង។
សូមបញ្ជាក់ថា កម្ពុជា បានដាក់ចេញគោលដៅបង្កើនការផលិតថាមពលកកើតឡើងវិញឲ្យបាន ៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០៕
ខន ណារី AMS