កម្ពុជា លើកទឹកចិត្តឲ្យវិនិយោគិនចិន បន្តស្វែងរកឱកាសវិនិយោគផ្ទាល់ និងពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសលើគម្រោងបច្ចេកវិទ្យាបៃតង នវានុវត្តន៍ឌីជីថល បញ្ញាសិប្បនិម្មិត(AI) រួមទាំងបច្ចេកវិទ្យាយានអាកាសគ្មានមនុស្សបើក (Drone) ដើម្បីរួមចំណែកជំរុញការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
ការជំរុញខាងលើនេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយបណ្ដាវិនិយោគិនចិនធំៗមួយចំនួន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ក្រុមអ្នកវិនិយោគចិន ឱ្យបន្តសិក្សាស្វែងយល់ និងពង្រីកការវិនិយោគផ្ទាល់នៅកម្ពុជា ជាពិសេសលើគម្រោងបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ឌីជីថល ដើម្បីរួមចំណែកជំរុញការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ការវិនិយោគលើគម្រោងបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ឌីជីថល មិនត្រឹមតែគាំទ្រដល់ផែនការអន្តរកាលថាមពលស្អាតរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្ម និងអភិវឌ្ឍសមត្ថភាពបច្ចេកទេសក្នុងស្រុក ដើម្បីជំរុញ «របៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា កម្ពុជា-ចិន» ឱ្យកាន់តែរឹងមាំ ប្រកបដោយបរិយាបន្ន និងចីរភាពថែមទៀតផង។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិស័យសំខាន់ៗ ដែលឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យវិនិយោគិនចិន បន្តបណ្ដាក់ទុននៅកម្ពុជា រួមមាន ការអភិវឌ្ឍថាមពលស្អាត ដូចជា វារីអគ្គិសនី ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងវិស័យវិស្វកម្មគីមី និងឥន្ធនៈ ដូចជា រោងចក្រចម្រាញ់ប្រេង រោងចក្រគីមីឥន្ធនៈ និងរោងចក្រផលិតជីកសិកម្ម។
នៅចំពោះមុខវិនិយោគិនចិន ឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ជាក់ស្ដែង នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២២៥គម្រោង ជាមួយទុនវិនិយោគសរុបចំនួន ៣ពាន់ ៣រយលានដុល្លារ ដែលភាគច្រើនមកពីប្រទេសចិន៕
ខន ណារី AMS