កណ្ដាល៖សារមន្ទីរព្រះវិហារអដ្ឋរស្ស ត្រូវបានសម្ពោធអមជាមួយពិធីពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ស្ថិតក្នុងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃចន្ទទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះក្រោមវត្តមានចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ព្រះវិហារជាទីសក្ការៈបូជាដ៏មានវ័យចំណាស់មួយនេះ ត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ នាសម័យឧដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង ។ព្រះវិហារដ៏ធំស្កឹមស្កៃមានបណ្តោយ ៣៩.២ម៉ែត្រ, ទទឹង ២២.៣ម៉ែត្រ និងកម្ពស់២៣.៦ម៉ែត្រ ។នៅខាងក្នុងព្រះវិហារ មានព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ)ដែលមានន័យថា អដ្ឋរស្សទើបព្រះវិហារនេះត្រូវបានហៅថា ព្រះវិហារអដ្ឋរស្ស។
ប្រធានយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឆាយ វិសុទ្ធ បានអធិប្បាយថា ដោយសារមើលឃើញថា ទីតាំងនេះមានសារសំខាន់ ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ បានរៀបចំជាកន្លែងផ្សព្វផ្សាយពីប្រវត្តិអតីតរដ្ឋធានីឧដុង្គ ជាពិសេស ប្រវត្តិសាស្ត្រភ្នំឧដុង្គ ដែលមានសល់សំណល់ជាច្រើនពាក់ព័ន្ធនឹងព្រះចេតិយ ។
លោកបានបន្តថា ក្រោយពីទុកចោលជាច្រើនឆ្នាំ ក្រសួងបានរៀបចំប្រែក្លាយព្រះវិហារនេះ ទៅជាសារមន្ទីរព្រះវិហារអដ្ឋរស្ស ឱ្យមានជីវិតឡើងវិញ ទុកជាទីកន្លែងសក្ការបូជាសម្រាប់ពុទ្ធបរិស័ទ ។គោលបំណងមួយទៀត គឺពន្យល់ណែនាំពីសាវតាសំខាន់ៗ នៃការកកើតទីក្រុងនៅទីនេះ។ ការកសាងព្រះចេតិយផ្សេងៗ រួមទាំងវត្ថុបុរាណមួយចំនួន ដែលរកឃើញកន្លងមកកាលពីសម័យឧដុង្គ ខណៈបច្ចុប្បន្នសារមន្ទីរមានព្រះបដិមាធ្វើពីមាស និងប្រាក់ជាដើមជាង ១.៤០០អង្គ ។
លោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា សារមន្ទីរព្រះវិហារអដ្ឋរស្ស ក្រោយពីសម្ពោធដាក់ឱ្យដំណើរការនេះទៅ គឺអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ ជាមួយអនុញ្ញាតឱ្យពុទ្ធបរិស័ទ អាចគោរពប្រតិបត្តិសាសនាបាន ក្រោយពីមានការព្រមព្រៀងពីអ្នកប្រចាំការការពារ និងស្ថាប័នពាក់ព័ន្ធ ។
លោកប្រធានយកដ្ឋានសារមន្ទីរដដែលបានបញ្ជាក់ដែរថា ដោយសារកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើន ទម្រាំទទួលបានសន្តិភាពដូចសព្វថ្ងៃ ព្រះវិហារអដ្ឋរស្សនេះ ក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រគល់គម្រោងជួសជុលកែលម្អ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុវត្ត ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ ហើយសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ ។
លោកបន្ថែមថា ដើម្បីចូលរួមថែរក្សាក៏ដូចជាផ្សព្វផ្សាយមរតវប្បធម៌ ព្រះវិហារត្រូវបានប្រែក្លាយជាសារមន្ទីរ ដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដុង្គផងដែរ ។

























































