បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីរី ប្រកាសថា អ៊ីស្រាអែល ចូលឈ្លានពានប្រទេសខ្លួន

ស៊ីរី ប្រកាសថា អ៊ីស្រាអែល ចូលឈ្លានពានប្រទេសខ្លួន

ដាម៉ាស ៖ ប្រទេសស៊ីរីអះអាងនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីស្រាអែលកំពុងឈ្លានពានចូលមកក្នុងទឹកដីស៊ីរី តាមរយៈការបាញ់ផ្លោងកាំភ្លើងធំចូលមកក្នុងខេត្ត Quneitra និង ខេត្ត Daraa ភាគខាងត្បូងប្រទេសរបស់ខ្លួន ។

Advertisement

ការអះអាងរបស់ស៊ីរីធ្វើឡើង បន្ទាប់ពីកងទ័ពអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានសម្លាប់មនុស្ស ២ នាក់ នៅភាគខាងត្បូង ប្រទេសស៊ីរី ដោយយកលេសថា ពួកគេបានផ្លាស់ទី ខុសធម្មតា នៅខាងក្នុងតំបន់សន្តិសុខ ដែលបង្កើតឡើង ដោយអ៊ីស្រាអែល លើទឹកដីស៊ីរី ។

បើតាមក្រសួងការបរទេសស៊ីរី, សកម្មភាពទាំងនេះបានរំលោភលើអធិបតេយ្យភាពរបស់ស៊ីរី ជាពិសេសវាបង្កើតបានជាការរំលោភលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងដកទ័ពឆ្នាំ ១៩៧៤ ។

យ៉ាងណា បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់ លោក អាសាដ អតីតប្រធានាធិបតីស៊ីរី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤, អ៊ីស្រាអែលបានប្រកាសពីការដួលរលំនៃកិច្ចព្រមព្រៀងដកទ័ព ឆ្នាំ ១៩៧៤ ហើយបានកាន់កាប់តំបន់មួយចំនួននៅខាងព្រំដែនស៊ីរី ។

ក្រសួងការបរទេសស៊ីរីបញ្ជាក់ថា ការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខ និងស្ថិរភាព បង្កើនការឈឺចាប់របស់ជនស៊ីវិលនៅក្នុងតំបន់គោលដៅ និងធ្វើឲ្យភាពតានតឹងក្នុងតំបន់កាន់តែកើនឡើងផងដែរ ។

បើតាម Anadolu, ប្រទេសស៊ីរីក៏បានជំរុញឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ទទួលខុសត្រូវ និងចាត់វិធានការ ដើម្បីបញ្ចប់ការរំលោភបំពាន ម្តងហើយម្តងទៀតនេះ ។ ប្រទេសស៊ីរីក៏បានជំរុញឱ្យអ៊ីស្រាអែលគោរពកិច្ចព្រមព្រៀងដកទ័ព ដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ស៊ីរីផងដែរ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា