ភ្នំពេញ ៖ ឆ្នាំ២០៣០ គឺជាឆ្នាំដែលកម្ពុជាបានដាក់គោលដៅឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការបង្កើនចំនួនប្រជាជនឱ្យបានដល់ ២០លាន ទៅ ២០,២លាននាក់ និងប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក ។
ផ្អែកលើផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០៥០ កម្ពុជាដាក់ផែនការត្រូវធ្វើយ៉ាងណាឱ្យទំហំផលិតផលក្នុងស្រុកសរុបកើនឡើង ២៧៦,៥ពាន់លានដុល្លារអាម៉េរិក ដោយត្រូវធានា និងរក្សាកំណើនសេដ្ឋកិច្ចឱ្យបាន ៧ភាគរយប្រចាំឆ្នាំ ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា បើតាមរបាយការណ៍នៃផែនការរបស់រាជរដ្ឋាភិបាលបានឱ្យឃើញថា ក្នុងឆ្នាំ២០៥០ កម្ពុជានឹងបង្កើនទំហំសេដ្ឋកិច្ចឱ្យបានដល់ជាង ២៧៦ពាន់លានដុល្លារអាម៉េរិក និងត្រូវជំរុញកំណើនសេដ្ឋកិច្ចឱ្យបានចន្លោះពីប្រមាណ ៦,៩ភាគរយ ឬ ៧ភាគរយក្នុងមួយឆ្នាំ ។
លោកបណ្ឌិតបន្តថា ៖
«បើតាមរបាយការណ៍នេះ ទំនងជាបានព្យាករ ឬធ្វើឡើងមុនពេលកម្ពុជាមានសង្គ្រាមជាមួយប្រទេសថៃ ហើយគិតថាកម្ពុជានឹងអាចទៅរួច ប៉ុន្តែយើងនៅមិនទាន់ដឹងថា តើសង្គ្រាមខ្មែរថៃ នឹងត្រូវបញ្ចប់ពេលណា ហើយនៅពេលបញ្ចប់អាចធ្វើឱ្យចរន្តសេដ្ឋកិច្ចមានការប្រែប្រួលយ៉ាងណានៅឡើយ»។
អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា គឺការបង្កើតឱ្យមានមូលធនមនុស្សកាន់តែច្រើន ដែលជាមូលដ្ឋានសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយអំពើពុករលួយ មានកំណែទម្រង់ក្នុងប្រព័ន្ធរាជការ និងការគ្រប់គ្រង ដែលគេហៅថា អភិបាលកិច្ចរបស់រដ្ឋ ។
លោកបន្ថែមថា ៖
«ដើម្បីសម្រេចឱ្យបាននូវផែនការចក្ខុវិស័យឆ្នាំ២០៥០ រដ្ឋត្រូវរៀបចំកែទម្រង់ប្រព័ន្ធអប់រំ ដោយត្រូវចាប់ផ្ដើមពីពេលនេះ ។ ក្មេងៗ ដែលអាយុ ៥ឆ្នាំនៅពេលនេះ ត្រូវតែក្លាយជាយុវជនដែលខ្លាំងមានចំណេះ ជំនាញ នៅរយៈពេល២៥ឆ្នាំខាងមុខ ដូច្នេះ នៅរយៈពេល២៥ឆ្នាំទៀត ក្មេងអាយុ៥ឆ្នាំនៅពេលនេះ នឹងមានអាយុ៣០ឆ្នាំ ហើយក៏ត្រូវតែក្លាយជាមូលធនមនុស្សដ៏ពូកែ ប៉ុន្តែបើសិនជាមិនរៀបចំពីពេលនេះ ឬក៏ទុកបណ្ដែតបណ្ដោយឱ្យវិស័យអប់រំនៅតែបន្តកម្រិតបែបនេះ នៅក្នុងឆ្នាំ២០៥០ នឹងមិនអាចសម្រេចបានតាមផែនការឡើយ» ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងផងដែរថា តាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រេចឱ្យបានជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០នោះ វាអាចនឹងសម្រេចទៅបាន ដោយផ្អែកទៅលើកត្តាមួយចំនួន ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ។
លោកបណ្ឌិតបន្តថា ៖
«បច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងវិញជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានកាត់បន្ថយនូវកម្ចីពីបរទេស ដោយខំប្រឹងសងត្រលប់ទៅវិញជាបន្តបន្ទាប់ផងដែរ ថ្វីត្បិតតែមិនច្រើនក៏ដោយ ។ តាមរយៈសកម្មភាពវិនិយោគថ្មីៗលើវិស័យឧស្សាហកម្មខ្នាតតូច មធ្យម និងធុនធ្ងន់ជាបន្តបន្ទាប់ ដែលអាចឱ្យផលិតផលដែលផលិតពីកម្ពុជាមានតម្លៃបន្ថែមខ្ពស់ជាងមុន ហើយក៏ធ្វើឱ្យមានកម្មករជំនាញនៅកម្ពុជាកាន់តែច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន»។
លោកបណ្ឌិត ញឹល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា តាមផែនការរបស់រដ្ឋាភិបាលដែលកំណត់ថា នឹងជំរុញទំហំសេដ្ឋកិច្ចឱ្យបានជាង ២៧៦ពាន់លានដុល្លារ ហើយប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ពលរដ្ឋម្នាក់ជាមធ្យម ១៤ ០០០ដុល្លារ ក្នុងឆ្នាំ២០៥០ គឺអាចទៅរួច ហើយដើម្បីឱ្យផែនការនេះសម្រេចបានគឺត្រូវជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យបានចន្លោះពី ៦ ទៅ ៧ ភាគរយក្នុងមួយឆ្នាំ រយៈពេល២៥ឆ្នាំជាប់គ្នា។
លោកបន្តថា ដើម្បីសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចនេះ កម្ពុជាត្រូវផ្លាស់ប្តូរពីកម្លាំងពលកម្មដែលមានតម្លៃទាបទៅជាកម្លាំងពលកម្មដែលមានតម្លៃខ្ពស់ ជាក់ស្ដែងកម្ពុជាត្រូវផ្លាស់ប្តូរពីការពឹងលើវិស័យកាត់ដេរទៅរកសេដ្ឋកិច្ចដែលពឹងផ្អែកលើបច្ចេកវិទ្យា រួមមានការផលិតគ្រឿងបន្លាស់រថយន្ត ផលិតដ្រូន និងការធ្វើកសិកម្មបែបទំនើប ។ មួយវិញទៀត ដើម្បីឱ្យចំណូលប្រជាជនកើនឡើងដល់ ១៤ ០០០ដុល្លារក្នុងមួយឆ្នាំ កម្ពុជាត្រូវបង្កើនផលិតភាពកម្លាំងពលកម្ម ដោយពលរដ្ឋម្នាក់ៗត្រូវបង្កើនផលិតភាពរបស់ខ្លួនឱ្យបាន ៥ ទៅ ៦ ដង ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៥០ ដោយត្រូវផ្ដោតសំខាន់ទៅលើការអប់រំកម្រិតខ្ពស់ ។
លោកបញ្ជាក់ថា ៖
«ចំណុចសំខាន់មួយទៀត ដែលកម្ពុជាត្រូវធ្វើឱ្យបាននោះ គឺកំណើនសេដ្ឋកិច្ចដែលមានភាពធន់ ដូច្នេះ បើទោះបីជាប្រទេសណាមួយមានបញ្ហាសេដ្ឋកិច្ច ក៏កម្ពុជានៅតែមានកំណើនសេដ្ឋកិច្ចល្អ ដោយកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារបន្ថែមទៀត មិនត្រូវពឹងផ្អែកតែលើប្រទេសណាមួយនោះឡើយ»។
សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ប្រាក់ចំណូលប្រជាជនកម្ពុជាប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ ជាមធ្យម មានចំនួន ២ ៨៥៨ ដុល្លារ អាម៉េរិក ជាមួយនឹងទំហំផលិតផលក្នុងស្រុកសរុបប្រមាណ ៥១,៩៦ពាន់លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៦នេះ កម្ពុជារំពឹងថា ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់ ៣ ០២០ដុល្លារអាម៉េរិក ជាមួយនឹងទំហំផលិតផលក្នុងស្រុកសរុបចំនួនជាង ៥៣ពាន់លានដុល្លារអាម៉េរិក ៕