បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

ភ្នំពេញ ៖ យោងតាមការ​សិក្សា​ស្រាវជ្រាវ​របស់​ U.S News & World Report បានយកមកផ្សព្វផ្សាយបន្តដោយ Asian Speech បង្ហាញឱ្យដឹងថា កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

Advertisement

បើតាមការ​ចុះផ្សាយ​របស់​សារព័ត៌មានសហរដ្ឋអាមេរិក​បានឱ្យដឹងថា របាយការណ៍ដែលបានចាត់​ចំណាត់ថ្នាក់​លើប្រទេស​នៅក្នុងពិភពលោក​ជា​ប្រទេសដែលមានិរន្តរភាពដីធ្លី និងធនធា​ល្អជាង​គេ ដោយផ្អែក​លើ​សូចនាករ​សំខាន់ៗដែលវិជ្ជមាន រួមទាំង​ការ​កាត់បន្ថយបំភាយ​ឧស្ម័ន​កាបូន ការទប់ស្កាត់​កាប់បំផ្លាញព្រៃឈើ មានតំបន់​ធម្មជាតិដែល​ស្ថិតនៅក្នុង​ដែនការពារ ការអនុវត្ត​ពាណិជ្ជកម្ម​ប្រកបដោយនិរន្តរភាព និងការ​គ្រប់គ្រ​ងធនធានទឹក ។

តាមការ​វាយតម្លៃ​ និងដាក់ចំណាត់​ថ្នាក់​ប្រទេស​ដែលមាននិរន្តរភាព​ដីធ្លី ក៏បានផ្អែកលើ​របាយការណ៍​នៃការ​វាស់វែង និងចុះបញ្ជី​ដីធ្លី ផងដែរ ហើយជាក់ស្ដែង​ កម្ពុជាបានសម្រេចការ​វាស់វែង​ដីធ្លី​បញ្ចប់ជាស្ថាពរ និងកំពុង​ដំណើរការ​ចុះបញ្ជី និ​ងត្រៀម​ចេញ​បណ្ណជូនម្ចាស់​កម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា មិនថា​កម្មសិទ្ធិ​ឯកជន ជាកម្មសិទ្ធិ​សមូហភាព និងជា​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋនោះទេ ។

នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួមក្នុងវេទិកា​របស់​អង្គការសហប្រជាជាតិ​ នាទីក្រុ​ងបាគូ ប្រទេស​អាល់​ស៊ែបៃហ្សង់ កាលពី​ដើម​សប្ដាហ៍​នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា​ កម្ពុជា រំពឹងថានឹងដោះស្រាយបញ្ហានៃការតាំងទីលំនៅក្រៅផ្លូវការទាំងស្រុងនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ក្នុងន័យនេះ ប្រជាជនកម្ពុជា​ទូ​ទាំង​ប្រទេស នឹង​ទទួលបានលំនៅឋានជាក់​លាក់​មួយ​សមរម្យ​ ក្នុងពេលដែល​រាជរដ្ឋាភិបាល​តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ក៏នឹង​ចុះបញ្ជី​ដីធ្លី​ជូនពលរដ្ឋ​ទូទាំងប្រទេស​ឱ្យអស់​ទាំ​ងស្រុង​នា​ពេលឆាប់ៗនេះដែរ​ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីកសិកម្ម និងលំនៅដ្ឋានដល់ប្រជាពលរដ្ឋរាប់​ច្រើនម៉ឺននាក់ និងបានប្រែជីវភាពរបស់ពលរដ្ឋក្រីក្រចំនួន ៥សែនគ្រួសារផ្លាស់ប្តូរទៅជាគ្រួសារដែលមានជីវភាពមធ្យម ។​ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងជួយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់តាំងទីលំនៅក្រៅផ្លូវការ ឱ្យទទួលបានការងារធ្វើ អាចទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប រួមជាមួយនឹងកម្មវិធីសន្សំ និងលំនៅដ្ឋានថ្មី ។

ឯកឧត្តម​ តឹករ៉េត សំរេច រដ្ឋលេខាធិការ​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍​នៅក្នុងវេទិកា​មួយ​កាលពីពេលថ្មីៗនេះឱ្យដឹង​ថា កម្ពុជា​គ្រោងនឹង​បញ្ចប់ការ​ចុះបញ្ជីដីធ្លី​ទាំង​ស្រុង​នៅអំឡុងឆ្នាំ២០២៧ ហើយចាប់ពីពេលនោះតទៅ កម្ពុជា​នឹងលែង​មានវិវាទដីធ្លី និង​លែង​មានការទិញដីអត់ប្លង់ទៀតហើយ ។​

ឯកឧត្តម​បន្តថា ចាប់តាំងពីឆ្នាំ២០២៧​ តទៅ រាជរដ្ឋាភិបាលនឹង​អាច​គ្រប់គ្រង​ដីធ្លីបានកាន់តែល្អ និងជាការសម្រួលដល់​ការ​វិនិយោគលើវិស័យដីធ្លី ដោយអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស​ អាចដឹង​អត្ត​សញ្ញាណ​ម្ចាស់​ដីបាន​យ៉ាង​ងាយ​ស្រួលែងពិបាកទៀត​ហើយ ។​

ឯកឧត្តម ​ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងដែរថា បច្ចុប្បន្ន​កម្ពុជា​មានតំបន់​ការពារ​ធនធាន​ធម្មជាតិ​ចំនួន ៧៣ទីតាំង សរុបជា​ផ្ទៃដីរហូតដល់ ៧លានហិកតា ឬស្មើនឹ​ងប្រមាណ ​៤១ភាគរយ នៃផ្ទៃដីប្រទេស ដែលមានអត្រា​ខ្ពស់បំផុត​បើប្រៀបធៀបនឹង​ប្រទេ​សផ្សេងទៀត​នៅក្នុងតំបន់អាស៊ី និងលើពិភពលោក ។

ឯកឧត្តម​មានប្រសាសន៍ថា តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋានតាមរយៈការទទួលបានចំណូលពីអនុផលព្រៃឈើ និងការផ្តល់សេវាទេសចរណ៍ ជាពិសេសអាចរក្សាបាននូវប្រភពទឹក ធ្វើឱ្យដីមានសំណើមអនុគ្រោះដល់ការដាំដុះ និងអាចទប់ទល់ការបម្រែបម្រួលអាកាសធាតុបានយ៉ាងប្រសើរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា