បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ នឹងប្រើបច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត ជួយសម្រួលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ

កម្ពុជា​ នឹងប្រើបច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត ជួយសម្រួលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ

ភ្នំពេញ ៖ សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត គឺជាមធ្យោបាយដែលផ្តល់សារៈសំខាន់ និងផលប្រយោជន៍ជាច្រើន ជាពិសេស ភាពងាយស្រួលក្នុងកិច្ចដំណើរប្រតិបត្តិការ ទាំងនៅលើលំហរសាគរ និងនៅលើកំពង់ផែ។

Advertisement

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ បាន និងកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាជូនដល់មន្រ្តីរាជការដែលបម្រើការងារពាក់ព័ន្ធឱ្យស្របតាម​​​​ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥» ដើម្បីជំរុញការគ្រប់គ្រងវិស័យសាធារណៈឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ឆ្លើយតបទៅនឹងគោលបំណងរាជរដ្ឋាភិបាលខាងលើនេះ ឯកឧត្តម ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នាថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការប្រើប្រាស់ទិន្នន័យអង្កេតការណ៍ពីផ្កាយរណប និងបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីនាយកមជ្ឈមណ្ឌលព័ត៌មានភូមិសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី ,មន្ត្រីតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងវិទ្យាស្ថានជាតិស្ថិតិ និងតំណាងមកពីអគ្គនាយកដ្ឋានចំណុះក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបផងដែរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា បានបង្ហាញពីការសារទរជាមួយនឹងជម្រើសថ្មីនៃការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត ដែលវានឹងជួយសម្រួលដល់ការដឹកជញ្ជូន មានសុវត្ថិភាពជាងមុន និងអាចកំណត់ពីពេលវេលានៃការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ បានច្បាស់ ប្រាកដប្រជាជាងមុន ហើយក៏ជាគន្លឹះនៃការផ្តល់ទំនុកចិត្តកាន់តែខ្លាំងសម្រាប់បណ្តាពាណិជ្ជករទាំងជាតិ និងអន្តរជាតិផងដែរ។

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«មែនទែនទៅ​ សម្រាប់វិស័យបច្ចេកវិទ្យានៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានភាគច្រើនគឺគេរីកចម្រើនជាងយើង ប៉ុន្តែចំពោះការជ្រើសរើស និងការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត ដើម្បីជំនួយដល់វិស័យដឹកជញ្ជូនរបស់កម្ពុជានាពេលនេះ ក៏ជាការបង្ហាញពីការវិវឌ្ឍន៍របស់យើងដែរ ហើយសង្ឃឹមថា បច្ចេកវិទ្យាទាំងនេះនឹងកាន់តែរីកចម្រើននៅកម្ពុជាបន្ថែមទៀត»។

សូមជម្រាប់ថា អត្ថប្រយោជន៍ធំៗដែលនឹងទទួលបានពីបច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត នៅក្នុងវិស័យដឹកជញ្ជូន​ មានជាអាទិ៍ ១). ការតាមដាន និងព្យាករណ៍ពីស្ថានភាពនៃផ្លូវទឹក និងផ្លូវនាវាចរណ៍ឱ្យកាន់តែមានភាពសុក្រឹត ដែលជួយកាត់បន្ថយការចំណាយ និងពេលវេលាបានយ៉ាងច្រើន ២). ការគ្រប់គ្រងចរាចរណ៍នាវា និងសកម្មភាពកំពង់ផែបានតាមពេលវេលាជាក់ស្តែង (Real-time) ដោយការវិភាគទិន្នន័យពីផ្កាយរណប ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃការដឹកជញ្ជូន ៣). ការកំណត់កូអ័រដោនេទីតាំងភូមិសាស្ត្រ ទីតាំងគម្រោង និងសកម្មភាពនានាបានយ៉ាងសុក្រឹត និងរហ័ស ៤). ទិន្នន័យដែលទទួលបាននឹងជួយឱ្យមន្ត្រីពាក់ព័ន្ធអាចប្រើប្រាស់សម្រាប់ធ្វើការវិភាគ និងជាជំនួយសម្រាប់ការពង្រឹងភាពធន់និងការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ មាននិរន្តរភាព និងអាចប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្នផងដែរ៕  

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា