ស្ករត្នោតធម្មជាតិរបស់ខ្មែរ កំពុងមានតម្រូវការខ្ពស់លើទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស ស្របគ្នានឹងតម្លៃរបស់វា ក៏ហក់ឡើងខ្ពស់ដែរ ប៉ុន្តែបែរជាមិនសូវមានអ្នកផលិតស្ករត្នោតច្រើនដូចមុន ជាពិសេសស្ករត្នោតកំពង់ស្ពឺ ដែលត្រូវបានចុះបញ្ជី ជាផលិតផលសម្គាល់ភូមិសាស្ត្រ។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន AMS ថា បច្ចុប្បន្ននេះ ផលិតផលស្ករត្នោតកំពង់ស្ពឺមានតម្រូវការទីផ្សារខ្ពស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ប៉ុន្តែការផលិតស្ករត្នោតរបស់កសិករមិនទាន់គ្រប់ទៅតាមតម្រូវការនៅឡើយទេ។ អ្នកដែលបន្តអាជីពនេះ គឺអាចរកចំណូលបានក្រាស់ក្រែលក្នុងមួយឆ្នាំៗ។
លោកបានបន្តថា ឆ្នាំ ២០២៦ នេះ សមាគមបានចុះកិច្ចសន្យាជាមួយអ្នកទិញ ក្នុងបរិមាណ ២៥០ តោន ដោយក្នុងនោះ ទីផ្សារអន្តរជាតិមានចំនួន ១០០ តោន តែនៅមិនទាន់ដឹងថា កសិករ អាចផលិតបានគ្រប់ចំនួនឱ្យគេ ឬអត់នោះទេ ដោយសារតែអាកាសធាតុក្នុងឆ្នាំ ២០២៦ នេះ ឡើងកម្ដៅខ្លាំង ធ្វើឱ្យទិន្នផលទឹកត្នោតធ្លាក់ចុះ។
លោកបានឱ្យដឹងថា៖
“ឆ្នាំ ២០២៦ នេះ ជាឆ្នាំ ដែលស្ករត្នោតកំពង់ស្ពឺមានតម្រូវការខ្ពស់ខ្លាំង មិនធ្លាប់មានពីមុនមកទេ ទាំងក្នុង និងក្រៅប្រទេស ហើយក្នុងនាមជាប្រធានសមាគមក៏បានជំរុញឱ្យកសិករផលិតស្ករត្នោតឱ្យបានច្រើនតាមទៅអាចធ្វើបាន ដើម្បីផ្គត់ផ្គង់ទៅតាមការបញ្ជាទិញ។”
លោកបានបន្តទៀត កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែតម្លៃស្ករត្នោតនៅទាប ហើយរោងចក្រឧស្សាហកម្ម ក៏បានបោះទីតាំងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺច្រើន ធ្វើឱ្យកសិករក្មេងៗ និងវ័យកណ្ដាលដែលធ្លាប់ឡើងត្នោតធ្វើស្ករ បានឈប់ឡើងត្នោត ងាកទៅធ្វើការងាររោងចក្រ ឬការងារសំណង់វិញ។ ប៉ុន្តែ នៅពេលស្ករត្នោតចាប់ផ្ដើមឡើងថ្លៃ ក៏ឃើញថា អ្នកធ្វើការរោងចក្រ ឬការងារសំណង់មួយចំនួន បានងាកមកចាប់យករបរឡើងត្នោតធ្វើស្ករវិញ។ យ៉ាងណាក្ដី ចំនួនអ្នកឡើងត្នោត បច្ចុប្បន្ននេះ មិនច្រើនដូចមុនទេ ។
លោក សំ សារឿន បានបន្ថែមថា បច្ចុប្បន្ននេះ តម្លៃស្ករត្នោតដែលកសិករលក់ចេញឱ្យអតិថិជនរបស់ខ្លួន ក្នុងតម្លៃប្រមាណ ៧០០០ រៀល ទៅ ៨០០០ រៀល ក្នុងមួយគីឡូក្រាម ហើយបើសិនជាតម្លៃស្ករត្នោតនៅតែបន្តហក់ឡើងរហូតដល់ ១០០០០ រៀល ហើយលោកបានរំពឹងថា នឹងមានកសិករកាន់តែច្រើន ងាកមកផលិតស្ករត្នោតដើម្បីផ្គត់ផ្គង់ទីផ្សារ។
លោកបានថ្លែងប្រាប់ថា៖
“បច្ចុប្បន្ននេះ កសិករម្នាក់អាចរកចំណូលបានចន្លោះពី១៥ម៉ឺនទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ពីការលក់ស្ករត្នោត ហើយបើសរុបក្នុងមួយឆ្នាំ គឺគិតចាប់ពីខែធ្នូ ដល់ដំណាច់ខែឧសភា ពួកគេអាចរកចំណូលបានរហូតដល់ជិត១ម៉ឺនដុល្លារអាមេរិកឯណោះ ទៅតាមអ្នកដែលអាចមានកម្លាំងឡើងដើមត្នោតបានច្រើន។”
អ្នកស្រី សុតា អ្នកប្រមូលទិញស្ករត្នោតពីកសិករក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីលក់ឱ្យអតិថិជននៅតាមបណ្ដារាជធានី-ខេត្ត បានថ្លែងតាមទូរសព្ទឱ្យដឹងដែរថា ថ្វីត្បិតតែស្ករត្នោត ឡើងថ្លៃមែនពិត តែកសិករក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនសូវមានអ្នកផលិតទេ ដោយសារតែពីមុនស្ករត្នោតមានតម្លៃទាប ត្រឹម ៤០០០ រៀល ឬ ៥០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡក្រាម ដូច្នេះពួកគាត់ក៏បោះបង់មុខរបរនេះចោល ហើយងាកទៅទៅធ្វើការងារផ្សេងដែលអាចរកចំណូលខ្ពស់ជាងនេះ។ ម្យ៉ាងទៀតរបរនេះ ទាមទារ អ្នកដែលមានកម្លាំងខ្លាំងៗ ដើម្បីឡើងត្នោត និងរម្ងាស់ជាស្ករ។
អ្នកស្រីបានបន្តថា ពីមុន ក្នុងភូមិស្រីមានអ្នកឡើងត្នោតធ្វើស្ករ ៥ នាក់ តែឥឡូវនៅសល់តែ ៣ នាក់ទេ ពីព្រោះថា របរនេះ ត្រូវចំណាយអុសដុតសម្រាប់រម្ងាស់ស្ករ និងត្រូវឡើងដើមត្នោតខ្ពស់ៗ ហើយបើចង់បានចំណូលច្រើនបន្ថែម ត្រូវឡើងដើមត្នោតច្រើនដើមក្នុងមួយថ្ងៃៗ។ យ៉ាងណាក៏ដោយ អ្នកស្រីរំពឹងថា បើសិនជាតម្លៃស្ករត្នោតហក់ឡើងខ្ពស់ដូចឆ្នាំនេះ និងបន្តឡើងដល់ ១ ម៉ឺនរៀលមែននោះ កសិករក្នុងភូមិអ្នកស្រី នឹងអាចចាប់ផ្ដើមធ្វើស្ករត្នោតដើម្បី បំពេញទីផ្សារឡើងវិញ។
អ្នកស្រីបានបញ្ជាក់ថា អ្នកដែលនៅបន្តឡើងត្នោតធ្វើស្ករ ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ក៏រកបានប្រមាណត្រឹមជាង ១០ ម៉ឺនរៀលដែរ ប៉ុន្តែបើអ្នកមានកម្លាំង អាចឡើងបានច្រើនដើម ក៏អាចរកចំណូលបានច្រើនទៅតាមហ្នឹងដែរ ហើយផលិតផលស្ករដែលទទួលបាន ក៏មិនពិបាកលក់ចេញដែរ មានទាំងម៉ូយរង់ចាំទិញស្រាប់ និងម៉ូយក្នុងស្រុកភូមិមកទិញទុកប្រើប្រាស់ប្រចាំថ្ងៃ៕