តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់ ដោយសារការអូសបន្លាយនៃសង្ក្រាមរវាងសហរដ្ឋអាម៉េរិក សហការជាមួយអ៊ីស្រាអែល វាយប្រហារទៅលើអ៊ីរ៉ង់។

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់ ដោយសារការអូសបន្លាយនៃសង្ក្រាមរវាងសហរដ្ឋអាម៉េរិក សហការជាមួយអ៊ីស្រាអែល វាយប្រហារទៅលើអ៊ីរ៉ង់។
លោក សាន់ ពុទ្រា ស្ថាបនិក និងជាប្រធានគ្រប់គ្រងសិប្បកម្មធ្យូងអនាម័យខេត្តកំពង់ធំ បានប្រាប់សារព័ត៌មាន AMS ដោយទទួលស្គាល់ថា តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមភោជនីយដ្ឋាន និងនៅតាមគេហដ្ឋានពលរដ្ឋមានការកើនឡើងខ្លាំងរហូតផលិតមិនទាន់ នៅតំណាក់កាលដែលកម្ពុជាជួបបញ្ហាប្រឈមនឹងការឡើងថ្លៃប្រេង និងឧស្ម័នហ្គាស់នៅលើទីផ្សារ។
លោកថា ៖
«នៅតំណាក់កាលដែលហ្គាសឡើងថ្លៃនេះ តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យកើនឡើងខ្លាំង ទាំងនៅទីក្រុង និងទីជនបទ រហូតធ្វើឱ្យការផលិតមិនទាន់ មិនគ្រប់ចំនួនទៅតាមការកម្ម៉ង់ទិញរបស់អតិថិជនទៀតផង»។
សិប្បកម្មធ្យូងអនាម័យខាងលើ ត្រូវគេដឹងថាផលិតចេញពីត្រឡោកដូង និងកាកសំណល់ចេញពីឡឧស្ម័ន ដែលមានសមត្ថភាពផលិតបានចន្លោះពី ៤០ ទៅ ៥០តោន ក្នុងមួយខែ ទទួលបានការគាំទ្រពីអតិថិជនទៅនៅតាមជនបទ និងទីប្រជុំជន ពិសេសរាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្តល់ការងារដល់ពលរដ្ឋខ្មែរចំនួន១០នាក់ មានប្រាក់បៀវត្សរ៍សមរម្យទៅតាមការកំណត់របស់ក្រសួងការងារ។
លោក ស៊ាង សុភក្រ្ត ម្ចាស់សិប្បកម្មធ្យូងអនាម័យស្នាដៃកូនខ្មែរ ក៏បានថ្លែងទទួលស្គាល់ផងដែរថា ពិតជាមានតម្រូវការកើនឡើងនៃការប្រើប្រាស់ធ្យូងអនាម័យ ខណៈដែលតម្លៃប្រេងសាំង និងតម្លៃហ្គាសមានការកើនឡើងខ្ពស់នៅលើទីផ្សារ ខណៈដែលលទ្ធភាពសិប្បកម្មរបស់លោកអាចផលិត និងលក់ចេញ ជាមធ្យមចន្លោះពី ៥០ ទៅ ៧០តោន ក្នុងមួយខែ ប៉ុន្តែនៅតំណាក់ដែលតម្លៃហ្គាសឡើងថ្លៃនេះ ការបញ្ជាទិញមានការកើនឡើងចន្លោះពី ៩០តោន ទៅ ១០០តោន ក្នុងមួយខែ។

លោកបញ្ជាក់ថា ៖
«មួយរយៈចុងក្រោយនេះមានតម្រូវការច្រើន ជាមធ្យមចន្លោះពីពី ៩០ទៅ១០០តោន ដែលជាទូរទៅមានការកម្ម៉ង់ទិញតាមហាងលក់សាច់អាំង នឹងតាមតូបចាប់ហួយនៅតាមបណ្តារខេត្តនានា ដែលគាត់កម្ម៉ង់ទិញយកទៅលក់បន្តរកប្រាក់ចំណេញ»។
សូមជម្រាបថា សិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ ប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិតធ្យូងអនាម័យ រួមមានដូចជា ត្រឡោកដូង កាកសំណល់ធ្យូងសល់ពីការដុតអុសនៅតាមរោងចក្រ សហគ្រាសនានា។ សិប្បកម្មខាងលើមានទីតាំងចំនួនពីរផ្សេងគ្នា នៅក្នុងខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង និងមានបុគ្គលិកសរុបចំនួន ១៣នាក់ មានប្រាក់បៀវត្សចាប់ពី ៣០០ដុល្លារទៅដល់ ៤០០ដុល្លារ។
អ្នកជំនាញមើលឃើញថា ការប្រើប្រាស់ធ្យូងអនាម័យផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិ ក្រៅពីការរួមចំណែកផ្តល់ការងារដល់ពលរដ្ឋខ្មែរហើយនោះ ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយការប្រើប្រាស់ធ្យូងព្រៃ ដែលបង្ករផលប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ UNDP Cambodia បង្ហាញថា តម្រូវការប្រើប្រាស់ធ្យូងព្រៃនៅកម្ពុជានាពេលបច្ចុប្បន្នជាសម្ពាធដ៏ធ្ងន់ធ្ងរដល់ព្រៃឈើ។ ការប្រើប្រាស់ធ្យូងព្រៃប្រចាំឆ្នាំបានកើនដល់ ៦ លានតោន ដែលស្មើនឹងការបាត់បង់ព្រៃឈើច្រើនជាង ៧១ពាន់ហិកតា ក្នុងមួយឆ្នាំៗ៕
