ភ្នំពេញ ៖ ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីពលរដ្ឋខ្មែរកាន់ច្រើនឡើងៗ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលនៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ដើម្បីឱ្យផលិតផលក្នុងស្រុកមានស្ថិរភាព មានភាពប្រកួតប្រជែង និងឈរជើងបានយូរនៅលើទីផ្សារ ទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ សហគ្រាសដេលជាអ្នកផលិតត្រូវផ្តោតលើគុណភាព សោភ័ណភាពនៃការវេចខ្ចប ជាពិសេសកក្តាតម្លៃដែលអាចប្រកួតប្រជែងបាន។
លោកថា ៖
«រាល់ផលិតផលទាំងអស់ ត្រូវផលិតឡើងដោយមានគុណភាពស្តង់ដារខ្ពស់ ដើម្បីផ្តល់ទំនុកចិត្តទៅដល់អតិថិជនដែលជាអ្នកប្រើប្រាស់….បើយើងអត់មានស្តង់ដារផលិតផល ប្រជាជនយើងអត់មានទំនុកចិត្តប្រើប្រាស់នោះទេ ចឹង… បើយើងមិនមានស្តង់ដារផលិតផល គឺអ្នកប្រើប្រាស់មានក្ដីបារម្ភ និងអស់ទំនុកមកលើយើងបន្តិចម្តងៗជាមិនខាន»។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងតំណាក់កាលដំបូងនៃការធ្វើពហិការមិនប្រើផលិតផលថៃ ជារឿងល្អក្នុងរយៈពេលខ្លី ប៉ុន្តែបើគិតរយៈពេលវែងវាប្រាកដជារងផលប៉ះពាល់មិនខាន បើមិនបានគិតទុកជាមុន។ ផលប៉ះពាល់រយៈពេលវែងគឺផ្តោតទៅលើគុណភាព តម្លៃនៃការប្រកួតប្រជែង និងការផ្គត់ផ្គង់ជាដើម។
ឯកឧត្តមសង្កត់ធ្ងន់ថា ៖
«បើផលិតផលដូចគ្នា តែថ្លៃជាងគេ បើផលិតផលដូចគ្នា តែគុណភាពអន់ជាងគេ បើផលិតផលផ្គត់ផ្គង់មិនមានស្ថិរភាព អ្នកគាំទ្រក៏រងផលប៉ះពាល់ ជួបផលលំបាកក្នុងការគាំទ្រដែរ ហើយនឹងពិចារណារកផលិតផលផ្សេងមិនខាន»។
ចំណុចដែលគួរបារម្ភ គឺការប្រកួតប្រជែងតម្លៃ ខណៈដែលសិប្បកម្មក្នុងស្រុកផលិតក្នុងបរិមាណតិច ធ្វើឱ្យថ្លៃដើមផលិតខ្ពស់ ចំណែកផលិតផលនាំចូលភាគច្រើននាំចេញពីរោងចក្រស្តង់ដារធំៗ ការផលិតមានចំនួនច្រើន និងលក់ក្នុងតម្លៃទាបជាង។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ សហគ្រាសដែលជាអ្នកផលិតគួរធ្វើយ៉ាងណាស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីបង្កើនសមត្ថភាពផលិតឱ្យរីកកាន់តែធំ ផលិតបាននូវផលិតផលមានតម្លៃសមរម្យ ទើបអាចប្រកួតប្រែជែង និងមានស្ថិរភាពក្នុងរយៈពេលវែង។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រៅពីគុណភាព និងតម្លៃ ផលិតផលក្នុងស្រុកត្រូវមានការវេចខ្ចប់ស្តង់ដារប្រកដោយភាពទាក់ទាញ។ តាមច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ទាមទារឱ្យមានការផ្តល់ព័ត៌មានគ្រប់គ្រាន់ស្តីពីសុវត្ថិភាពម្ហូបអាហារ រួមមានដូចជា គ្រឿងផ្សំផលិត ការរក្សាគុណភាព និងកាលបរិចេ្ឆទប្រើប្រាស់ជាដើម។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖
«ចំណុចនេះការធានានូវព័ត៌មានគ្រប់គ្រាន់ ការធានានូវស្រោមសំបកវេចខ្ចប់ល្អ ការធានានូវគុណភាព បង្កើតភាពទាក់ទាញ ធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ ការប្រឹងប្រែងជំរុញឱ្យផលិតផលមានវត្តមានលើទីផ្សារ ដែលក្រសូងពាណិជ្ជកម្ម កំពុងយកចិត្តទុកដាក់ និងព្យាយាមជំរុញបន្ថែម»។
សូមជម្រាប ទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា ជាមួយនឹងការងាកមកគាំទ្រផលិតផលជាតិពីប្រជាជនកម្ពុជាក្រោយពហិការមិនប្រើទំនិញសៀម បច្ចុប្បន្ន ផលិតផលខ្មែរបានជ្រៀតចូលចំណែកទីផ្សារបានជាង៣២ភាគរយ ខណៈដែលការដាក់តាំងលក់នៅតាមបណ្តាផ្សារទំនើប និងផ្សារម៉ាតនានាទូទាំងរាជធានី ក្រុង/ខេត្ត មានសរុបច្រើនជាង ៥០០ទីតាំង រួចមកហើយ៕