បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

កំពង់ស្ពឺ ៖ ជាអតីតមន្រ្តីរាជការចូលនិវត្តន៍មួយរូបដែលមានជំនាញផ្នែកឱសថបុរាណនៅអាគ្គាធិការដ្ឋានឱសថបុរាណនៃទីស្តីការគណៈរដ្ឋមន្រ្តី បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ ក៏ដូចជាពលរដ្ឋខ្មែរដែលជាអតិថិជនប្រើប្រាស់ទៀតផង។

Advertisement

លោក​ សាយ ថាច ជាស្ថាបនិកសិប្បកម្មផលិតប្រេងកូឡា(សញ្ញាផ្កាខ្ញី) ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានខិតខំកែច្នៃយកវត្ថុធាតុដើមក្នុងស្រុកធ្វើជាផលិតផលប្រេងកូឡា និងប្រេងខ្យល់ ដោយចាប់ផ្តើមដំបូងឡើយកាលពីអំឡុងឆ្នាំ២០២៥ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីអតិថិជនច្រើនគួរសម ជាពិសេសប្រជាពលរដ្ឋខ្មែរ។

លោកបានប្រាប់ឱ្យដឹងថា ចំពោះវត្ថុធាតុដើមដែលយកមកចម្រាញ់ និងកែច្នៃ ផលិតចេញជាប្រេងកូឡា និងប្រេងខ្យល់ រួមមានដូចជា មើមខ្ញី ស្លឹកគ្រៃ ដើមគ្រលែងវែក មើមខ្ជាយ ម្ទេស ពន្លៃ រំដេង មើមយិនស៊ិន និងផលិតផលមួយចំនួនទៀតដើម្បីចម្រាញ់ធ្វើជាប្រេង លាយបញ្ចូលគ្នាជាល្បាយតែមួយ​ទៅតាមរូបមន្តស្តង់ដារឱសថបុរាណកម្ពុជា។ ដោយឡែក ប្រភពវត្ថុធាតុដើមមួយចំនួន គឺលោកមានដាំដុះដោយខ្លួនឯង ហើយមួយចំនួនទៀត អាចរកទិញបានពីកសិករនៅក្នុងតំបន់។ 

លោក សាយ ថាច បញ្ជាក់ថា ៖

«ប្រេងកូឡាដែលខ្ញុំផលិត គឺគិតតាមក្បួនវេជ្ជសាស្រ្ត ដូច្នេះ ប្រេងកូឡាមិនអាចឱ្យក្តៅខ្លាំងពេកទេ កាលណាក្តៅខ្លាំងវាធ្វើឱ្យប៉ះពាល់ដល់ការរលាក ដែលអាចបណ្តាលទៅជាជំងឺសុំាមួយមិនអាចព្យាបាលបាន និងប្រើប្រាស់ផលិតផលប្រេងដូងត្រជាក់ ដើម្បីផ្តល់ភាពត្រជាក់ដល់ស្បែក និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយថែមទៀតផង»

សូមជម្រាបដែរថា ផលិតផលប្រេងកូឡា ក៏ដូចជាប្រេងខ្យល់ ខាងលើនេះ ប្រើសម្រាប់បន្ធូរបន្ថយអាការចុក រោយ​ ឈឺកបាល វិលមុខ និងលាបកន្លែងសត្វទិច ឬខាំ ដែលមានក្លិនក្រអូប ប្រហើរ ។ ក្រោយពីដាក់សាកល្បងប្រើប្រាស់អស់រយៈពេលមួយរយៈបន្ទាប់ពីផលិតបាន ប្រេងកូឡាសញ្ញាផ្កាខ្ញី ត្រូវបានទទួលស្គាល់គុណភាពពីឡាបូជាតិ ទទួលបានលេខសម្គាល់បាកូដប្រទេសពីសភាពាណិជ្ជកម្មកម្ពុជា ជាពិសេសបានការទទួលស្គាល់គុណភាព ច.ប.ផ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថែមទៀតផង។

លោក សាយ ថាច​ ជាមន្រ្តីរាជការចូលនិវត្តន៍មួយរូប និងធ្លាប់បានប្រលងជាប់ជាគ្រូឱសថបុរាណនៅអាគ្គាធិការដ្ឋានឱសថបុរាណនៃទីស្តីការគណៈរដ្ឋមន្រ្តី និងបានសិក្សាស្រាវជ្រាវលើផ្នែកឱសថបុរាណផ្សេងៗជាច្រើនប្រភេទ ប៉ុន្តែអ្វីដែលលោកចាប់អារម្មណ៍ គឺការផលិតប្រងកូឡាដំបូងបង្អស់ ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងដើម្បីបង្ហាញថាខ្មែរក៏មានសមត្ថភាពអាចផលិតបាននូវផលិតផលដែលមានគុណភាពល្អ មិនចាញ់ផលិតផលនាំចូលពីក្រៅប្រទេសនោះឡើយ។

យ៉ាងណាក្ដី ដោយសារដើមទុនមានកម្រិត បច្ចុប្បន្ន សង្វាក់ផលិតកម្មរបស់សិប្បកម្មខាងលើនៅតែជាលក្ខណៈគ្រួសារនៅឡើយ ដោយមិនទាន់អាចផលិតលក់ចែកចាយបានធំទូលាយនៅទូទាំងប្រទេសនោះទេ ហើយក៏កំពុងស្វែងរកដៃគូសហការដើម្បីអាចពង្រីកសិប្បកម្មឱ្យកាន់តែធំ ដេលមានលទ្ធភាពចែកចាយដល់គ្រប់មូលដ្ឋានរស់នៅជាមួយពលរដ្ឋ ក៏ដូចជាឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា