ភ្នំពេញ ៖ ចាប់តាំងពីប្រទេសថៃ បានបិទព្រំដែនជាឯកតោភាគី ការនាំចូលទំនិញពីប្រទេសថៃ ចូលមកកម្ពុជាក៏បានធ្លាក់ចុះយ៉ាងគំហុក ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃដូចជាបន្លែ ផ្លែឈើ និងត្រីសាច់ជាដើម និងជាឱកាសល្អមួយសម្រាប់អ្នកផលិតក្នុងស្រុក ជាក់ស្ដែង មាន់ស្រែរបស់កសិករកម្ពុជាបាននិងកំពុងមានទីផ្សារ និងតម្លៃល្អ។
លោកស្រី គួន អូន ប្រធានសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាព នៅភូមិជ្រៃខាងត្បូង នៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានមានប្រសាសន៍ថា ជាការកត់សម្គាល់ ចាប់តាំងពីប្រទេសថៃបិទព្រំដែន ហើយកម្ពុជាប្រកាសឈប់នាំចូលបន្លែ ផ្លែឈើ ត្រីសាច់ពីប្រទេសថៃ ឃើញថា តម្លៃមាន់ស្រែរបស់កសិករក្នុងសហគមន៍របស់អ្នកស្រីបានកើនឡើងខ្ពស់ជាងមុន ហើយមិនខ្វះអ្នកទិញទេ។
អ្នកស្រីបានបន្តថា មុនពេលបិទព្រំដែន តម្លៃមិនសូវខ្ពស់ប៉ុន្មានទេ ហើយឈ្មួញក៏មកទិញយូរៗម្ដងដែរ ប៉ុន្តែពេលបិទព្រំដែន មានឈ្មួញជាច្រើនបានមកទិញមាន់ស្រែពីកសិករ ដោយផ្ដល់តម្លៃខ្ពស់ជាងមុនផងដែរ ធ្វើឱក្យកសិកររីករាយក្នុងការបង្កបង្កើនផល ចិញ្ចឹមមាន់បន្ថែម។ ទោះបីជាយ៉ាងណា ក៏សកសិករមួយចំនួនមិនមានពូជគ្រ់គ្រាន់សម្រាប់ចិញ្ចឹមទេ ដូច្នេះ ខាងសហគមន៍អ្នកស្រីបានទៅស្វែងរកពូជមាន់ស្រែពីតំបន់ផ្សេងៗមកចិញ្ចឹមដើម្បីផ្គត់ផ្គង់លើទីផ្សារ។
អ្នកស្រី បានបន្ថែមថា ក្នុងឆ្នាំ២០២៤ សហគមន៍របស់អ្នកស្រី ប្រមូលទិញមាន់ស្រែ និងលក់ឱ្យឈ្មួញសរុបបានចំនួន ជាង ៧ តោន តែដល់ឆ្នាំ ២០២៥ ដោយសារតែកង្វះពូជ សហគមន៍បានប្រមូលទិញមាន់ស្រែពីកសិករបានតែ ជាង ៤ តោនប៉ុណ្ណោះ ស្របនឹងតម្រូវការលើទីផ្សារកើនឡើងខ្ពស់។
លោក ឡុច សាន់ កសិករគំរូ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ក៏បានឱ្យដឹងថា ក្រោយពេលបិទព្រំដែន ដោយសារតែជម្លោះព្រំដែនរវាងកម្ពុជាថៃ លោកកត់សម្គាល់ទីផ្សារមាន់ស្រែហក់ឡើងខ្ពស់ រហូតដល់រូបលោកក៏ដូចជាកសិករក្នុងភូមិដែលចិញ្ចឹមមាន់ស្រែដែរនោះ មិនមានមាន់គ្រប់គ្រាន់ផ្ដល់ជូនឈ្មួញ។
បើតាមលោក ឡុច សាន់ របរកសិកម្មរាងហត់បន្តិចតែមានសេរីភាព និងអាចរកចំណូលបានស្រួល ជាក់ស្ដែង លោកជាកសិករចិញ្ចឹមមាន់ផង ចិញ្ចឹមកង្កែបផង ត្រីអណ្ដែងផង ដាំបន្លែផង និងទទួលទិញកសិផលពីកសិករក្នុងសហគមន៍ដូច្នេះក្នុងមួយឆ្នាំៗ លោកអាចរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ។
ចំណែកលោក ប៉ូ កសិករចិញ្ចឹមមាន់ស្រែនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា វាជាការពិត ក្រោយពេលបិទព្រំដែនជាមួយប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាប្រកាសបិទការនាំចូលទំនិញមួយចំនួនមក ទីផ្សារមាន់ស្រែបានកើនឡើងខ្ពស់ ដោយមានឈ្មួញដើរទិញមាន់ស្រែពីកសិករច្រើនជាងមុន ជាមួយនឹងតម្លៃក៏រខ្ពស់ជាងមុនបន្តិចដែរ។
លោកបានបន្តថា កាលមុនពេលបិទព្រំដែន មាន់ស្រែដែលឈ្មួញទិញពីកសិករមានតម្លៃត្រឹម ១៥០០០ រៀល ទៅ ១៦០០០ រៀល ក្នុងមួយគីឡូក្រាម តែពេលបិទព្រំដែន ឃើញថា ឈ្មួញបានឱ្យតម្លៃខ្ពស់ជាងមុន ដោយក្នុងមួយគីឡូក្រាមអាចបាន ១៨០០០ រៀល ឬខ្ពស់ជាងនេះ អាស្រ័យលើមាន់ល្អ ឬមិនល្អ៕