កណ្តាល ៖ មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង។

កណ្តាល ៖ មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង។
លោក អេង ណាក់ ម្ចាស់កសិដ្ឋានចិញ្ចឹមគ្រួច រស់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មាន AMS Economy ថា ការចិញ្ចឹមគ្រួចងាយស្រួលជាងការចិញ្ចឹមមាន់ទា ដោយសារតែវាឆាប់បានផល ពោលត្រឹមតែមួយខែដប់ថ្ងៃប៉ុណ្ណោះ គ្រួចមានទម្ងន់ចន្លោះ ២ខាំកន្លះទៅដល់៣ខាំកន្លះ ដែលកសិករអាចចាប់លក់បាន ក្នុងតម្លៃចន្លោះពី ២,៥០០ រៀលទៅ ៣,០០០រៀល ក្នុងមួយក្បាល។
លោកបញ្ជាក់ថា ៖
«វាឱ្យផលលឿនបើធៀបជាមួយមាន់ទា យើងអាចប្រមូលផលលក់បានជារៀងរាល់ខែ ខណៈដែលមាន់ទាត្រូវចំណាយពេល ៣ ទៅ ៤ខែទើបអាចប្រមូលផលលក់បានម្តងៗ។ សម្រាប់កសិដ្ឋានរបស់ខ្ញុំអាចលក់គ្រួចសាច់បានប្រមាណ ៣០០០ក្បាលក្នុងមួយខែ ហើយសម្រាប់មេពូជមួយក្បាល លក់ក្នុងតម្លៃ ៥០០០រៀល »។
ជាមួយនឹងដំណើរការចិញ្ចឹមដែលមានទីតាំងដូចបានជម្រាបជូនខាងលើនេះ លោក អេង ណាក់ បានរៀបរាប់ទៀតថា បច្ចុប្បន្ននេះ ទីផ្សារគ្រួចនៅតែល្អ និងមានតម្លៃសមរម្យដដែលបើទោះជាមានគេចិញ្ចឹមច្រើនទីតាំងក៏ដោយ ជាក់ស្ដែង កសិដ្ឋានមួយនេះ មានអតិថិជនកុម្មង់ទិញជាច្រើន ទាំងអ្នកទិញយកទៅចម្អិនលក់ផ្ទាល់ ទាំងឈ្មួញកណ្តាលទិញយកទៅលក់បន្ត។
ពាក់ព័ន្ធទៅនឹងបច្ចេកទេសចិញ្ចឹម និងថែទាំវិញ ម្ចាស់កសិដ្ឋានរូបនេះបានបញ្ជាក់ថា ការចិញ្ចឹមគ្រួចគឺមានភាពងាយស្រួល ដោយគ្រាន់តែអនុវត្តទៅតាមតំណាក់កាលងាយៗមួយចំនួន ដូចជាដំណាក់កាលដំបូង គេយកពងគ្រួចទៅដាក់ក្នុងទូភ្ញាស់សិប្បនិម្មិតរយៈពេល ១៦ថ្ងៃ ដោយជាទូទៅ ក្នុងចំនួន១០០គ្រាប់ យ៉ាងហោចណាស់អាចញាស់បានចន្លោះពី ៧០ ទៅ ៨០% ប៉ុណ្ណោះ។ ក្រោយពេលញាស់ជាកូនគ្រួច គេត្រូវយកទៅដាក់ក្នុងទ្រុងស្អាតដែលមានអំពូលកំដៅ មានទំហំទ្រុង ១ម៉ែត្រ x ១.៥ម៉ែត្រ ដោយគេអាចដាក់គ្រួចបានចំនួន ១០០ក្បាល និងឱ្យស៊ីចំណីធម្មតា ប៉ុន្តែត្រូវដាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយផងដែរ។

យ៉ាងណាក៏ដោយ ដ្បិតថា ការចិញ្ចឹមគ្រួចមានភាពងាយស្រួល ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ផងដែរ ជាពិសេសការថែទាំ និងការពារជំងឺផ្ដាសាយ ព្រោះប្រសិនបើកូនគ្រួចមានជំងឺផ្ដាសាយ វាងាយឆ្លងណាស់ ហើយអាចងាប់ច្រើនក្នុងរយៈពេលខ្លី ហើយប្រសិនបើមានគ្រួចងាប់ដោយសារជំងឺ គេត្រូវសម្អាតទ្រុង និងបាញ់ថ្នាំសម្លាប់មេរោគឱ្យបានរួចរាល់ ទើបអាចដាក់កូនគ្រួចថ្មីចូលបាន។ សូមជម្រាបថា កសិដ្ឋានខាងលើនេះបានចូលរួមផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់ចំនួន ០៤នាក់ ដើម្បីជួយមើលថែ និងរៀបចំផ្ញើគ្រួចទៅឱ្យអតិថិជនតាមបណ្តាខេត្តផ្សេងៗ ដោយត្រូវចំណាយថ្លៃកម្លាំងពលកម្ម និងថ្លៃចំណីសត្វសរុបចន្លោះពី ៤០ ទៅ ៥០% នៃប្រាក់ចំណូលដែលលក់បានប្រចាំខែ។
សូមបញ្ជាក់ថា លោក អេង ណាក់ បានចាប់ផ្តើមរបរចិញ្ចឹមសត្វគ្រួចអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដែលផ្តើមចេញពីកសិដ្ឋានលក្ខណៈគ្រួសារ ហើយបន្តពង្រីកក្លាយជាកសិដ្ឋានកម្រិតមធ្យម ហើយក៏មានបំណងបង្កើតកសិដ្ឋានថ្មីបន្ថែមទៀត ព្រោះទីផ្សារ និងតម្រូវការសត្វគ្រួចនៅតែមានច្រើន មិនពិបាកលក់ ខណៈបច្ចុប្បន្ន គ្រួចបង្កក់ដែលនាំចូលពីប្រទេសជិតខាងនៅតែមាន ហើយមានតម្លៃប្រហាក់ប្រហែលគ្នា៕
