បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់៖ វិសោធនកម្មដោយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី និងការវិវត្តន៍នៃការប្រើពាក្យវោហាសព្ទ និងទី២ ផ្នែកខ្លឹមសារ ដូចជា រដ្ឋបាលសុរិយោដី ការពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យអស់សក្តានុពល ការដំឡើងបទប្បញ្ញត្តិស្តីពីការចុះបញ្ជីមកជាបញ្ញត្តិកម្រិតច្បាប់ ការកំណត់សញ្ញាណមួយចំនួនឱ្យបានច្បាស់លាស់ និងការកំណត់នៃការប្តឹងតវ៉ា។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានប្រាប់ពីមូលហេតុដែលត្រូវតាក់តែងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដើម្បីបន្ស៊ីជាមួយច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណី និងធ្វើបច្ចុប្បន្នភាពលើដំណើរវិវត្តនៃការប្រើប្រាស់ពាក្យពេចន៍ និងវោហាសព្ទ នៅក្នុងសេចក្តីព្រាងច្បាប់ ពិនិត្យលើខ្លឹមសាររដ្ឋបាលសុរិយោដី ការរៀបចំប្រព័ន្ធសុរិយោដីបែបឌីជីថល គោលការណ៍នៃការរក្សាទុកឯកសារ ដូចជា ពេលវេលា ប្រភេទ លក្ខខណ្ឌជាដើម, ការពង្រឹងវិជ្ជាជីវៈ, កិច្ចពង្រឹងលើការគ្រប់គ្រង និងប្រើប្រាស់ដីរដ្ឋ, កំណត់សិទ្ធិនៃការប្រើប្រាស់ដីរដ្ឋ ដើម្បីគុណតម្លៃសេដ្ឋកិច្ច និងឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា, ការដំឡើងបទបញ្ញត្តិស្តីពីការចុះបញ្ជីមកជាកម្រិតច្បាប់, ការកំណត់សញ្ញាណដីមួយចំនួនឲ្យបានច្បាស់លាស់ ដូចជា ដីសមាគម ដីសហគមន៍ជាដើម និងរួមគ្នាពិគ្រោះពិភាក្សាថា តើតុលាការគួរតែមានសិទ្ធមោឃៈភាពបណ្ណកម្មសិទ្ធិ ឬយ៉ាងណា ។ ការបញ្ជាក់ពីមូលហេតុនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាសិក្សាស្វែងយល់ ពិគ្រោះ និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) នៅទីស្ដីការក្រសួង នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការដែលរួមមាន ៖

១. ផ្នែកទម្រង់៖ វិសោធនកម្មដោយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី និងការវិវត្តន៍នៃការប្រើពាក្យវោហាសព្ទ ។

២. ផ្នែកខ្លឹមសារ៖ រដ្ឋបាលសុរិយោដី ការពង្រឹងលើការគ្រប់គ្រង និងប្រើប្រាស់ដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យអស់សក្តានុពល, ការដំឡើងបទប្បញ្ញត្តិស្តីពីការចុះបញ្ជីមកជាបញ្ញត្តិកម្រិតច្បាប់ ការកំណត់សញ្ញាណមួយចំនួនឱ្យបានច្បាស់លាស់ និងការកំណត់នៃការប្តឹងតវ៉ា។

ឯកឧត្តមបានបញ្ជាក់ទៀតថា​ បច្ចុប្បន្ន កម្ពុជា បាន និងកំពុងដើរលើវិថីមួយដ៏ត្រឹមត្រូវ ដោយបានវាស់វែងចុះបញ្ជីដីនៅទូទាំងប្រទេស, បានបញ្ចប់ជម្លោះដីធ្លីជាច្រើនករណី មិនតែប៉ុណ្ណោះ នេះគឺជាពេលវេលាដែលត្រូវកសាងលិខិតបទដ្ឋានគតិយុត្តិមួយ ហើយត្រូវកំណត់នូវគោលការណ៍ថ្មី ធ្វើបច្ចុប្បន្នភាពស្របទៅតាមកាលៈទេសៈ ស្ថានភាពជាក់ស្ដែង និងបរិបទនៃសង្គមកម្ពុជា ។ ដោយឡែក សេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះ គឺជាការចាក់ពុម្ព ឬជាការកំណត់យកនូវគោលការណ៍ គុណតម្លៃ និងវប្បធម៌ ដែលបានវិវត្តន៍ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះ ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះ នឹងអាចយកទៅអនុវត្តបាននៅក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

សូមបញ្ជាក់ថា នេះគឺជាការវិវត្តន៍លើកទី៣ របស់ច្បាប់ភូមិបាលនៅកម្ពុជា ដែលពីមុនមកមានការគ្រប់គ្រងដោយប្រកាសនៅសម័យរដ្ឋកម្ពុជា បន្ទាប់មក ច្បាប់ភូមិបាលឆ្នាំ២០០១ ហើយមកដល់បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា៕ រូបភាព ៖ គ្រីសម្បត្តិ, អត្ថបទ៖ វណ្ណា

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា