ភ្នំពេញ៖ កសិករចំនួនពីរគ្រួសារនៅលើខ្នងភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប បានអនុវត្តដាំដើមវ៉ានីឡាសាកល្បង ហើយរំពឹងអាចចំណូលបានរហូតដល់ប្រមាណជាមធ្យម ៥ ម៉ឺនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ ២០២៨ ឬ ២០២៩។

ភ្នំពេញ៖ កសិករចំនួនពីរគ្រួសារនៅលើខ្នងភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប បានអនុវត្តដាំដើមវ៉ានីឡាសាកល្បង ហើយរំពឹងអាចចំណូលបានរហូតដល់ប្រមាណជាមធ្យម ៥ ម៉ឺនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ ២០២៨ ឬ ២០២៩។
លោកកែវ សុភ័ក្ត្រ មន្ត្រីបច្ចេកទសនៃអង្គការអាគ្រីស៊ុត ប្រចាំនៅស្រុកស្វាយលើ ខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS កាលពីថ្ងៃទី០៤ ខែឧសភា ២០២៦ នេះ ឱ្យដឹងថា តាមរយៈអង្គការអាគ្រីស៊ុត កសិករចំនួនពីរគ្រួសារនៅលើភ្នំគូលែន ដោយមួយគ្រួសារនៅភូមិសង្កែឡាក់ និងមួយគ្រួសារទៀតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប បានអនុវត្តន៍ដាំដើមវ៉ានីឡា ដែលជាដំណាំកម្រនៅលើពិភពលោក ជាមួយនឹងការធ្វើកសិកម្មតាមបែបកសិរុក្ខកម្ម ឬកសិកម្មដែលពឹងផ្អែកលើរុក្ខជាតិដទៃទៀត។
លោកបានបន្តថា កសិករទាំងពីរគ្រួសារនេះ បានចាប់ផ្ដើមអនុវត្តន៍សាកល្បងដាំដំបូង នៅឆ្នាំ ២០២២ ដោយក្នុងមួយគ្រួសារដាំត្រឹមតែ ៦ ជន្លង់ប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ន មានគ្រួសារមួយនៅក្នុងភូមិសង្កែឡាក់ បានពង្រីកកូនដាំថ្មីសរុបបាន ៣១១ ជន្លង់ ហើយគ្រួសារមួយទៀត បានពង្រីកដាំថ្មីបានសរុបចំនួន ៥៦ ជន្លង់។ កសិករដែលពង្រីកការដាំដុះបានរហូតដល់ ៣១១ ជន្លង់ គឺព្រោះតែគាត់មិនបានយកផលដែលទទួលបានទៅលក់ដូរ គឺគាត់ទុកពូជដាំថ្មីៗបន្ថែម ចំណែកកសិករដែលពង្រីកបាន ៥៦ ជន្លង់ គាត់បានប្រមូលផលលក់បណ្ដើរៗ ជាមួយនឹងតម្លៃចន្លោះពី ៤០០ ដុល្លារដល់ ១០០០ ដុល្លារអាម៉េរិក។
បើតាមលោក សុភ័ក្ត្រ បានរំពឹងថា ក្នុងចំណោមដើមវ៉ានីឡារបស់កសិករទាំងពីរគ្រួសារប្រមាណ ៣៦៧ ជន្លង់នេះ គិតត្រឹមឆ្នាំ ២០២៨ ឬ ២០២៩ នឹងអាចផ្ដល់ទិន្នផលប្រមាណ ៦០ គីឡូក្រាម ( ក្រោយសម្ងួត ) ហើយបើសិនជាយកទៅលក់ក្នុងតម្លៃចន្លោះពី ៤០០ ដល់ ១០០០ ដុល្លារ កសិករទាំងពីរគ្រួសារអាចរកចំណូលបាន ចន្លោះពី ២ ម៉ឺន ៤ ពាន់ដុល្លារដល់ ៦ ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ លោកថា៖
“តម្លៃវ៉ានីឡា អាចលក់បានថ្លៃអាស្រ័យទៅលើគុណភាព និងការសម្ងួត។ បើសិនជាផ្លែវ៉ានីឡាធំៗល្អ ហើយសម្ងួតបានត្រឹមត្រូវវាក៏លក់បានថ្លៃទៅតាមហ្នឹងដែរទៅ តែតម្លៃយ៉ាងតិចនាពេលបច្ចុប្បន្ននេះគឺ ៤០០ ដុល្លារក្នុងមួយគីឡូក្រាម។”
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ដើមវ៉ានីឡាមានដាំដុះនៅកន្លែងផ្សេងៗជាច្រើនទៀត ដោយមានក្រុមហ៊ុនេះវិនិយោគធំៗ បានបោះទុនដាំដុះ ជាពិសេសនៅតំបន់ដែលត្រជាក់ ក៏ប៉ុន្តែមិនទាន់ដឹងថាទទួលបានទិន្នផលយ៉ាងណាទេ។ ដំណាំនេះ ជាប្រភេទដំណាំកម្រ និងទាមទារឱ្យអ្នកដាំដុះត្រូវឧស្សាហ៍ព្យាយាមខ្ពស់ តាំងពីចាប់ផ្ដើមដាំ រហូតដល់ប្រមូលផល និងរៀបចំទុកដាក់។ លោកថា
“វ៉ានីឡាជាប្រភេទរុក្ខជាតិ ដែលមានលក្ខណៈខុសពីរុក្ខជាតិដទៃទៀត។ វាត្រូវការឱ្យមនុស្សជួយវាក្នុងការបង្កាត់ពូជ ដោយត្រូវយកកេសរឈ្មោលទៅបង្កាត់ជាមួយកេសរញី ដោយដៃមនុស្សផ្ទាល់ មិនដូចរុក្ខជាតិដទៃទៀត ត្រូវបង្កាត់ដោយសត្វល្អិត ឬខ្យល់នោះឡើយ។”
លោកបញ្ជាក់បន្ថែមថា នៅពេលដែលបានផលហើយ កសិករត្រូវចេះពីរបៀបសម្ងួតផ្លែឱ្យមានគុណភាពល្អទើបអាចលក់បានថ្លៃ ដោយក្នុងមួយថ្ងៃ កសិករត្រូវហាលថ្ងៃតែ ២ ម៉ោងប៉ុណ្ណោះ និងត្រូវកំណត់ពេលវេលាជាក់លាក់ មិនក្ដៅពេកនិងមិនត្រជាក់ពេក ហើយត្រូវហាលរយៈពេល ១ ខែ។ បន្ទាប់ពីហាលបានល្អហើយ ត្រូវយកទៅដាក់នៅកេសបិទជិតក្រោមសីតុណ្ហភាពសមរម្យទើបរក្សាក្លិនរបស់វាបានល្អ។

លោក សំបូរ វណ្ណា កសិករដាំវ៉ានីឡានៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានមានប្រសាសន៍ថា សម្រាប់រូបលោកដំណាំវ៉ានីឡាស្រួលដាំជាងដំណាំម្រេច។ វាជាប្រភេទវល្លិ៍ដូចម្រេច និងស្រកានាគ ដែលតោងរុក្ខជាតិដទៃទៀតដើម្បីរស់ ឬក៏ត្រូវការដាក់ជន្លង់ដូចម្រេចឬស្រកានាគដែរ។ ដំណាំនេះ ទាមទារឱ្យអ្នកដាំត្រូវឧស្សាហ៍ព្យាយាម ប៉ុន្តែវាមិនត្រូវការជីច្រើនដូចម្រេចទេ ដោយគ្រាន់តែប្រមូលស្លឹកឈើងាប់ៗ មកដាក់នៅក្រោមបាតនៅពេលដាំដំបូង និងដាក់នៅគុម្ពរបស់វា ដើម្បីឱ្យស្លឹកឈើនោះរលួយ ក្លាយជាជីដោយខ្លួនវាជាមួយនឹងការដាក់ជីកំប៉ុសបន្តិចបន្តួចបន្ថែម។
លោកបានបន្តថា លោកបានចាប់ផ្ដើមដាំវ៉ានីឡាដំបូងនៅឆ្នាំ ២០២២ ក្រោមជំនួយពូជ និងបច្ចេកទេសដាំពីអង្គការអាគ្រីស៊ុត ដោយដំបូងឡើយលោកដាំ ៦ ជន្លង់ ហើយក្រោយមកក៏បានបំបែកដាំជាបន្តបន្ទាប់ ដែលរហូតមកដល់ឆ្នាំ ២០២៦ នេះ លោកដាំបានសរុប ៣១១ ជន្លង់ ដោយមិនទាន់បានប្រមូលផលនៅឡើយ។ លោករំពឹងថានៅឆ្នាំ ២០២៨ ឬ២០២៩ លោកអាចប្រមូលផលពីដំណាំវ៉ានីឡាទាំងជាង៣០០ ជន្លង់នេះហើយ។ លោកថា៖
“នៅពេលខាងមុខ បើសិនជាតម្រូវការទីផ្សារនៅតែមានជាមួយនឹងតម្លៃក៏ខ្ពស់ ខ្ញុំនឹងបំផុសឱ្យកសិករក្នុងសហគមន៍ដាំដុះបន្ថែមដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារបង្កើនសេដ្ឋកិច្ចគ្រួសារក្នុងសហគមន៍យើងទាំងអស់គ្នា៕”
