ភ្នំពេញ៖ អ្នកជំនាញអាជីវកម្មល្បីៗក្នុងស្រុកជាច្រើននាក់ ដែលភាគច្រើនមាននាទីជាអគ្គនាយកប្រតិបត្តិ និងជាជនជាតិខ្មែរល្បីៗវ័យក្មេង រួមមានដូចជា អគ្គនាយកប្រតិបត្តិ (CEO) កាហ្វេប្រោន (Brown Coffee and Bakery), អគ្គនាយកក្រុមហ៊ុន ខយតេ កម្ពុជា (KOI Thé Cambodia) , សហស្ថាបនិក CO – Creative Corners និង On Mart Cambodia , ស្ថាបនិក ក្រុមហ៊ុន HCST Investment Co., Ltd. រួមទាំងអ្នកថតរូបដ៏ទាក់ទាញ និងបង្កើតវីដេអូប្រកបដោយគំនិតច្នៃប្រឌិត និងជា Vlogger បានមកចែករំលែកចំណេះដឹងទាក់ទងការចាប់ផ្តើមអាជីវកម្មលើកដំបូង និងការកសាងម៉ាកយីហោឱ្យរឹងមាំ ព្រមទាំងបទពិសោធន៍ជោគជ័យ និងបរាជ័យដល់យុវជនខ្មែរ ក្នុងវេទិកា Proudly-ខ្មែរ ដែលរៀបចំដោយ AIESEC សាខាវត្តភ្នំ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅ Factory រាជធានីភ្នំពេញ។
សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា។ តាមរយៈវេទិកានេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជាស្វែងយល់ពីពិភពអាជីវកម្ម និងឱកាសទីផ្សារក្នុងស្រុក បង្កើនទំនុកចិត្តចំពោះផលិតផល និងម៉ាកសញ្ញារបស់ខ្មែរ ផ្តល់ចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែងពីស្ថាបនិក និងសហគ្រិនខ្មែរល្បីៗ ក៏ដូចជាបង្កើតឱកាសសម្រាប់កសាងម៉ាកសញ្ញា (Brrand) ក្នុងស្រុក បង្ហាញផលិតផល និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់វ័យក្មេង។
អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ពិត រៀនសូត្រដោយផ្ទាល់ពីម្ចាស់អាជីវកម្មខ្មែរពីរបៀបចាប់ផ្តើម និងការពង្រីកអាជីវកម្ម ,យល់ដឹងពីទីផ្សារ យល់ដឹងកាន់តែច្បាស់អំពីឱកាសល្អៗនៅក្នុងទីផ្សារប្រទេសកម្ពុជា,បង្កើនទំនុកចិត្ត មានភាពក្លាហានក្នុងការសាកល្បងបង្កើតអាជីវកម្ម ឬអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ស្គាល់ពីផលិតផលខ្មែរ បង្កើនការយល់ដឹង និងក្លាយជាចំណែកមួយក្នុងការគាំទ្រផលិតផលដែលផលិតឡើងដោយកូនខ្មែរ។
លោក ប្រុក សុខម៉ារាឌី ប្រធានសាខានៃសមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជសាស្ត្រអន្តរជាតិ សាខាវត្តភ្នំ ដែលហៅកាត់ថា ” AIESEC in Wat Phnom” បានបញ្ជាក់ថា Proudly- ខ្មែរ នឹងក្លាយទៅជាថ្នាលមួយយ៉ាងសំខាន់ក្នុងការបង្កើតឱកាសដល់យុវជនបានរៀនសូត្របន្ថែម ក៏ដូចជាបង្កើតទំនាក់ទំនងជាមួយសហគ្រិន ព្រមទាំងអ្នកដឹកនាំអាជីវកម្មជាច្រើនរូបដែលពោរពេញទៅដោយបទពិសោធន៏ផ្សេងៗគ្នា។
លោក សេង ម៉ាកូលេន អនុប្រធានផ្នែកនវានុវត្តន៍ និងអភិវឌ្ឍអាជីវកម្ម AIESEC បានលើកឡើងផងដែរថា ៖ វេទិកានេះ នឹងផ្តល់នូវចំណេះដឹង និងទទួលបានបទពិសោធពីអ្នកជំនាញដែលធ្លាប់ឆ្លងកាត់ ជួយបំផុសគំនិត និងទស្សនវិស័យថ្មីៗដែលអាចជំរុញឱ្យអ្នកទាំងអស់គ្នាកាន់តែមានមោទនភាពចំពោះអ្វីដែលជា «ខ្មែរ» និងរួមគ្នាបន្តលើកស្ទួយសក្តានុពលរបស់កម្ពុជាទៅកាន់ពិភពលោក។
ដោយឡែក លោក លីវ ឈួង សហស្ថាបនិក និងជាអគ្គនាយក Brown Coffee and Bakery នៅក្នុងឱកាសនៃការចែករំលែកចំណេះដឹងផ្នែកអាជីវកម្មទៅកាន់យុវជន ក៏បានបង្ហាញពីការតម្រង់ទិសក្នុងបរិបទអាជីវកម្មដែលកំពុងវិវត្ត ក៏ដូចជាការបោះជំហានទៅមុខក្នុងអាជីវកម្មប្រកបដោយទំនុកចិត្ត ភាពធន់ និងការរៀនសូត្រឥតឈប់ឈរផងដែរ។
លោកបានផ្តល់ជាទស្សនទានមួយថា ៖
«មួយជំហានដើរ មួយជំហានរៀន ….ហើយមេរៀនបរាជ័យ គឺជាមេរៀនដែលមានតម្លៃបំផុត និងត្រូវចងចាំ»។
លោក ឆេង សុភ័ក្រ (រៀនថត – Rean Thort) ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈស្នាដៃរូបថតដ៏ទាក់ទាញ ការបង្កើតវីដេអូប្រកបដោយគំនិតច្នៃប្រឌិត និងការនិទានរឿងដ៏មានអត្ថន័យបានលើកឡើងថា ក្នុងនាមជា Vlogger និងជាពិធីករកម្មវិធីផតខាស (Podcast host) មួយរូប «រៀនថត» បានបង្កើតឥទ្ធិពលយ៉ាងខ្លាំងក្នុងការជំរុញទឹកចិត្តអ្នកទស្សនា តាមរយៈការលើកកម្ពស់វប្បធម៌ខ្មែរ ភាពច្នៃប្រឌិត របៀបរស់នៅ និងដំណើរការអភិវឌ្ឍខ្លួន។
ក្រោមប្រធានបទ«គាំទ្រកម្ពុជា រួមគ្នាធ្វើឱ្យកម្ពុជារីកចម្រើន» លោក ឆេង សុភ័ក្រ បានលើកឡើងពីសារៈសំខាន់នៃទំនុកចិត្តរបស់អតិថិជន និងការគាំទ្រពីសហគមន៍ ក្នុងការកសាងម៉ាកសញ្ញា (Brand) មួយដែលមានអត្ថន័យ និងនិរន្តរភាព។ លោកក៏បានចែករំលែកពីទស្សនវិស័យអំពីរបៀបដែលទទួលបានការគាំទ្រពីមហាជន ក្លាយជាកម្លាំងចលករដ៏មានថាមពល បំផុសគំនិតដល់អ្នកបង្កើតមាតិកា (Content Creators) និងអាជីវកម្មដទៃទៀត ឱ្យបន្តបង្កើតផលិតផលថ្មី និងភាពវិជ្ជមានដល់សង្គម។
លោកបានលើកឡើងថា៖
« ការគាំទ្រអាជីវកម្មក្នុងស្រុក មិនមែនគ្រាន់តែជាការទិញផលិតផលនោះទេ ប៉ុន្តែវាគឺជាការចូលរួមចំណែកជួយឱ្យប្រទេសកម្ពុជា រីកចម្រើនទៅមុខជាមួយគ្នា»។
កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិក សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន HCST Investment Co., Ltd. បានលើកឡើងថា៖ ការប្តេជ្ញាចិត្តខ្ពស់លើការច្នៃប្រឌិតថ្មី និរន្តរភាព និងការរីកចម្រើនប្រកបដោយបរិយាបន្ន កំពុងដឹកនាំក្រុមហ៊ុន HCST ឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនគំរូឈានមុខគេនៅក្នុងឧស្សាហកម្មស្វាយចន្ទីរបស់ប្រទេសកម្ពុជា។ ការសម្រេចបាននូវគោលដៅនេះ គឺតាមរយៈការកសាងខ្សែច្រវាក់តម្លៃលំដាប់ថ្នាក់ខ្ពស់ (Premium) និងមិនបំផ្លាញព្រៃឈើ ដែលជួយលើកកម្ពស់ជីវភាពសហគមន៍ជនបទ ព្រមទាំងពង្រឹងជំហររបស់កម្ពុជា នៅក្នុងទីផ្សារកសិ-ចំណីអាហារសកលលោក។
ក្រោមប្រធានបទ«ការបង្កើតតម្លៃលើសពីតម្លៃ៖ យុទ្ធសាស្ត្រកសាងម៉ាកសញ្ញាក្នុងទីផ្សារលំដាប់ខ្ពស់»កញ្ញា បានលើកឡើងថា៖
«ម៉ាកសញ្ញា (Brand)រឹងមាំ មិនមែនផ្អែកលើការប្រកួតប្រជែងតម្លៃនោះទេ ប៉ុន្តែគឺផ្អែកលើភាពត្រឹមត្រូវច្បាស់លាស់ គោលបំណងពិតប្រាកដ គុណភាព និងការផ្តល់បទពិសោធន៍ដ៏មានន័យជូនដល់អតិថិជន»៕