ភ្នំពេញ៖ តម្រូវការសាច់ជ្រូកមានការកើនឡើងខ្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ ខណៈដែលតម្លៃនៅលើទីផ្សារនៅរក្សាបានដដែល។ នេះបើតាមការបញ្ជាក់ឱ្យថដឹងពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ភ្នំពេញ៖ តម្រូវការសាច់ជ្រូកមានការកើនឡើងខ្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ ខណៈដែលតម្លៃនៅលើទីផ្សារនៅរក្សាបានដដែល។ នេះបើតាមការបញ្ជាក់ឱ្យថដឹងពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
លោក ស្រ៊ុន ពៅ បានលើកឡើងឱ្យដឹងថា ចាប់តាំងពីរដូវសែនផ្នូរ ឬសែនឆេងម៉េងមកដល់ តម្រូវការសាច់ជ្រូកកើនឡើង ជាពិសេសសម្រាប់ខ្វៃ ប៉ុន្តែទាំងតម្លៃជ្រូករស់ ក៏ដូចជាតម្លៃសាច់ជ្រូកនៅលើទីផ្សារលក់រាយមិនឡើងថ្លៃនោះទេ។

លោកប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ថា៖
«តម្លៃមិនឡើងថ្លៃទេ គឺវាធម្មតា។ សមាគមបានធ្វើការពិគ្រោះ ក៏ដូចជាការប្រកាសមិនឲ្យអាជីវករឡើងថ្លៃទេ ដោយសារប្រជាជនយើងកំពុងតែមានការខ្វះខាត។ អ៊ីចឹងតម្លៃជ្រូករស់ ១២,០០០ រៀល ដដែល»។
សូមជម្រាបថា ៖ ជាទូទៅ តម្រូវការសាច់ជ្រូកនៅលើទីផ្សារជាប្រចាំថ្ងៃក្នុងបរិមាណចន្លោះពី ៩ ០០០ ទៅ ១០ ០០០ក្បាល ដោយចំនួនទាំងនេះ អ្នកផលិត ឬអ្នកចិញ្ចឹមក្នុងស្រុកអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ដោយមិនចាំបាច់ពឹងលើការនាំចូលនោះទេ ប់ុន្តែនោមានបញ្ហាប្រឈមមួយ គឺតម្លៃប្រេងឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងវត្ថុធាតុដើមយកមកពីខាងក្រៅដែលជំរុញឱ្យតម្លៃថ្លៃដើមឡើងដុចគ្នា និងប៉ះពាល់ដល់ការផលិតចំណីសត្វ។
លោក ស៊្រុន ពៅ បានអះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបើទោះបីជាគ្មានការនាំចូលពីបរទេសក៏ដោយ ខណៈដែលកសិករមានសមត្ថភាពក្នុងការចិញ្ចឹមសត្វខ្ពស់ជាងមុន និងទទួលបានផលល្អប្រកបដោយសុវត្ថិភាព។
លោកបញ្ជាក់ថា ៖
«ការចិញ្ចឹមសត្វនៅកម្ពុជានាពេលបច្ចុប្បន្ននេះកាន់តែល្អប្រសើរ ទាំងបច្ចេកទេសចិញ្ចឹម ទាំងការទទួលបានទិន្នផលប្រកបដោយគុណភាព និងសុវត្ថិភាព ខណៈដែលតម្លៃនៅលើទីផ្សារក៏មានភាពសមរម្យដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលនោះទេ»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលសាច់ និងត្រី នាពេលបច្ចុប្បន្ន កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុក ខណៈបរិមាណនៃផលនេសាទត្រីទឹកសាបកើនឡើងប្រមាណ ១០%នៅឆ្នាំ២០២៥៕

