ខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ប្រជាពលរដ្ឋប្រមាណ ១២ ម៉ឺននាក់ បានជ្រើសរើសធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ ដែលផ្តល់ដោយរាជរដ្ឋាភិបាល សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ប្រជាពលរដ្ឋប្រមាណ ១២ ម៉ឺននាក់ បានជ្រើសរើសធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ ដែលផ្តល់ដោយរាជរដ្ឋាភិបាល សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
មន្ត្រីផ្លូវការរបស់សាលារាជធានីភ្នំពេញ ប៉ាន់ប្រមាណថា ពលរដ្ឋទាំង ១២ ម៉ឺននាក់រួមគ្នា អាចសន្សំប្រាក់បានរហូតដល់ ៤,៥ លានដុល្លារតាមរយៈការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាភិបាលនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានប្រាប់បណ្តាញព័ត៌មាន AMS ថា ជាមធ្យមពលរដ្ឋកម្ពុជាម្នាក់ត្រូវចំណាយចន្លោះពី ១០ ទៅ ១៥ ម៉ឺនរៀល ឬចន្លោះពី ២៥ ទៅ ៣៧,៥ ដុល្លារ សម្រាប់សោហ៊ុយធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន ឬរថយន្តឈ្នួលក្នុងមួយរដូវបុណ្យទាន។ ដូច្នេះនៅពេលដែលរដ្ឋាភិបាល ដឹកជញ្ជូនពួកគេទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ ពលរដ្ឋទាំង ១២ ម៉ឺននាក់ អាចសន្សំលុយបានចន្លោះពី ៣ លាន ទៅ ៤,៥ លានដុល្លារ ក្នុងមួយរដូវនេះ។
លោកស្រី ដោ សម្ផស្ស បានថ្លែងថា៖
“១២ម៉ឺននាក់ ហើយម្នាក់គាត់ត្រូវចំណាយក្នុងមួយពេលចូលឆ្នាំនេះសម្រាប់ការធ្វើដំណើរចន្លោះពី ១០ ទៅ១៥ ម៉ឺនរៀល។”
តាមផែនការគ្រោងទុករបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបញ្ចេញរថយន្តក្រុងត្រឹមតែ ៦០០ គ្រឿង ប៉ុណ្ណោះ ប៉ុន្តែ ដោយសារតម្រូវការកើនឡើង រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ចេញរថយន្តក្រុងវបន្ថែមរហូតដល់ ៩៤៥ គ្រឿង ឯណោះ។
លោកស្រី ដោ សម្ផស្ស បន្ថែមថា ពលរដ្ឋដែលបានប្រើប្រាស់សេវាកម្មរថយន្តក្រុងដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលកើនចំនួន ៤០ ភាគរយក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំកន្លងទៅ។
បណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា តម្លៃប្រេងឥន្ធនៈឡើងថ្លៃ គួបផ្សំការរៀបចំកាន់តែប្រសើរ និងការទទួលបានព័ត៌មានកាន់តែទូលំទូលាយជាងមុន ទើបធ្វើឱ្យប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋាភិបាលភ្នំពេញច្រើនជាងមុន។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៦នេះ រដ្ឋាភិបាលបានដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដោយឥតគិតថ្លៃរយៈពេល ៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា សម្រាប់ទិសដៅទូទាំងប្រទេស៕
អត្ថបទ៖ ខន ណារី AMS
