កំពត ៖ ការអូសបន្លាយនៃការធ្លាក់ភ្លៀងក្នុងរដូវស្សាបានធ្វើឱ្យផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានភាពយឺតយ៉ាវ បង្កើតជាក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលអំបិល ឆ្នាំ២០២៦ ។

កំពត ៖ ការអូសបន្លាយនៃការធ្លាក់ភ្លៀងក្នុងរដូវស្សាបានធ្វើឱ្យផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានភាពយឺតយ៉ាវ បង្កើតជាក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលអំបិល ឆ្នាំ២០២៦ ។
ជាទូទៅ ការប្រមូលផលអំបិលរបស់កសិករខេត្តកំពត និងកែប ត្រូវធ្វើឡើងនៅចាប់ពីខែតុលា រហូតដល់ខែមេសា ដែលមានរយៈពេល៦ខែរៀងរាល់ឆ្នាំ។ ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះ ការប្រមូលផលអំបិលត្រូវបានអូសបន្លាយរហូតដល់ដើមខែមករា ទើបចាប់អនុវត្ត។

លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានលើកឡើងថា រហូតដល់ដើមខែមីនា ឆ្នាំ២០២៦នេះ ការប្រមូលផលអំបិលនៅមិនទាន់គ្រប់១០% នៃផែនការប្រមូលអំបិលទុកឱ្យបាន១០ម៉ឺនតោនក្នុងមួយឆ្នាំនៅឡើយ ដោយសាររដូវភ្លៀងធ្លាក់អូសបន្លាយរយៈពេលយូរ
អ្នកស្រីបានបញ្ជាក់ថា ៖
«កាលពីឆ្នាំទៅ ឆ្នាំទៅមួយ គឺយើងផលិតចាប់ផ្តើមប្រមូលតាំងពីចុងខែ១១ ឬពាក់កណ្តាលខែ១១ទៅ ដល់ឆ្នាំនេះចូលខែ១ហើយទើបចាប់ផ្តើមប្រមូលផលចាស់យើងអាស្រ័យលើអាកាសធាតុវាប្រែប្រួលយ៉ាងម៉េច វាត្រូវជួបផលវិបាក»។
គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ការប្រមូលផលអំបិលនៅក្នុងខេត្តកំពតបានចំនួនប្រមាណជាង ៤០០០តោន។ ប្រសិនបើអាកាសធាតុអំណោយផលល្អមិនសូវមានភ្លៀងធ្លាក់ច្រើន នោះការប្រមូលផលអំបិលនឹងអាចគ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ក្នុងប្រទេស។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានឱ្យដឹងថា ដោយផ្អែកលើកត្តាអាកាសធាតុមិនសូវមានភ្លៀងធ្លាក់ច្រើនជាកត្តាអំណោយផល ដែលរំពឹងថានឹងអាចប្រមូលគ្រប់តាមផែនការផ្គត់ផ្គង់ក្នុងប្រទេស ចន្លោះពី ៧ម៉ឺនតោន ទៅដល់ ៩ម៉ឺនតោន សម្រាប់ឆ្នាំ២០២៦ើ
លោកបញ្ជាក់ថា ៖
«យើងសង្ឃឹមថា ឆ្នាំនេះមេឃអំណោយផលដោយសារឆ្នាំមុនភ្លៀងធ្លាក់ញឹកញយ ឆ្នាំនេះយើងទើបតែកក់ខែថ្ងៃមុនម្តងទេ ចឹងមានន័យថា យើងមានពេលច្រើន សម្រាប់ការប្រមូលផល ប៉ុន្តែអ្វីដែលយើងបារម្ភបំផុតនោះគឺខ្វះកម្លាំងពលកម្ម»។
សូមជម្រាបថា អំបិលមានតម្លៃផ្សេងៗគ្នាទៅតាមគុណភាព សម្រាប់អំបិលលេខ១ មានតម្លៃ ១៨ ០០០រៀលក្នុងមួយបាវ (ទម្ងន់៥០គីឡូក្រាម) លេខ២ តម្លៃ ១៦ ០០០រៀលក្នុងមួយបាវ និងលេខ៣ មានតម្លៃ ១៥ ០០០រៀលក្នុងមួយបាវ។

យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ទិន្នផលអំបិលឆ្នាំ២០២៥ មានចំនួន ៣៤ ៥១១តោន (ខេត្តកំពតផលិតបាន ៣១ ២៨២តោន ហើយខេត្តកែបផលិតបាន ៣ ១២៩តោន)។ ស្តុកអំបិលសរុបគិតត្រឹមចុងឆ្នាំ២០២៥ មានចំនួន ៨៨ ៣៤៦តោន លក់ចេញបានសរុបចំនួន ៨៤ ០១១ តោន។
ទីតាំងផលិតអំបិលសំខាន់ៗមានចំនួន ៦ រួមមាន ទី១.បឹងរូង១, ទី២.បឹងរូង២, ទី៣.បឹងទូក, ទី៤.ត្រើយកោះ, ទី៥.សេះស និងទី៦.កំពង់ត្រាច ដែលមានផ្ទៃដីសរុបចំនួន ៣ ៩៨៧ហិកតា និងមានសមត្ថភាពផលិតបានចំនួន ៧៩ ៧៤៧តោនក្នុងមួយឆ្នាំ៕


