បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

បាត់ដំបង ៖ បន្ទាប់ពី​បានបញ្ចប់ការ​វាស់វែងដីធ្លី និងចុះបញ្ជី​រួច ក្រុមការងារ​របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​មន្ត្រីនៃមន្ទីរសុរិយោដីតាម​បណ្ដារាជធានី ខេត្ត​ បានចេញ​បណ្ណ​ជា​បន្តបន្ទាប់ដើម្បីចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែលជា​​ម្ចាស់​កម្មសិទ្ធិសម្រាប់ប្រើប្រាស់​ និងរក្សាទុកជា​ប្រយោជន៍តកូនចៅ។ ជាក់ស្ដែង​ បណ្ណកម្មសិទ្ធិ​ចំនួន ៣ ៣៦១​បណ្ណ​ត្រូ​វបាន​ប្រគល់ជូនពលរដ្ឋចំនួន ពលរដ្ឋ​ចំនួន​ ១,០៤៧ គ្រួសារ​ មកពីភូមិ​ចំនួន​២ ក្នុងឃុំ​ខ្នាច​រមាស ស្រុកបវេល​ ខេត្ត​បាត់ដំបង។

Advertisement

នៅក្នុង​ឱកាស​អញ្ជើញ​ប្រគល់​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​​ជូនពលរដ្ឋ កាលពីថ្ងៃទី០៤ ខែមិថុនា ២០២៦ ឯកឧត្តម ​សុខ លូ អភិបាល​នៃគណៈអភិបាលខេត្ត​បាត់ដំបង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ខ្ពស់ចំពោះការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សំដៅសម្រេចឱ្យបានព្រំដីដែលមានភាពច្បាស់លាស់ និងកាត់បន្ថយទំនាស់ដីធ្លី។

ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកបន្តដល់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំឭកដល់មន្រ្តី និងអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវសហការគ្នាពន្លឿនការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ និងមិនត្រូវទារកម្រៃសេវាក្រៅផ្លូវការខុសពីគោលការណ៍នោះទេ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ តែងតែបានលើកឡើង​ក្នុងឱកាសលោក​ចុះប្រគល់​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ជូនពលរដ្ឋ​ជាម្ចាស់កម្មសិទ្ធិ​ ដោយឯកឧត្តម​បានបញ្ជាក់ថា ការ​បញ្ចប់ការ​វាស់វែង ចុះបញ្ជី​ និ​ងចេញបណ្ណ​កម្មសិទ្ធិជូនពលរដ្ឋ​ចប់សព្វ​គ្រប់ គឺជា​ការ​បញ្ចប់បញ្ហា​ចម្រូង​ចម្រាស​ ​វិវាទដីធ្លីក្នុង​សង្គម​កម្ពុជា ។

ឯកឧត្តម​បានលើកឡើងថា ក្នុង​សង្គម​មួយដែល​មានសុភមង្គល​ និងរស់នៅសុខុដុមរមនា​ គឺជាសង្គម​ដែល​ចេះសាមគ្គីគ្នា ដោយមិនចង់ឃើញ​សង្គមមួយដែល​បើកភ្នែក​ឡើងឮតែសំឡេងទាស់ទែង​គ្នា​រឿងព្រំដី​ ទាស់ទែង​គ្នា​រឿងបញ្ហាដីនោះឡើយ ដូច្នេះ ក្នុងពេលឆាប់ៗនេះ បញ្ហា​ទាស់ទែង​ទាំង​នេះ​នឹង​លែងកើត​មានក្នុងសង្គម​កម្ពុជា​ទៀត​ហើយ ។​

ឯកឧត្តម តឹក រ៉េ​តសំរេច រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ក៏ធ្លាប់បានមានប្រសាសន៍នៅក្នុងវេទិកា​អន្តរជាតិមួយ​កាលពីពេលថ្មីៗនេះថា ចាប់ពីឆ្នាំ២០២៧ តទៅ ការ​ចុះបញ្ជី​ដីធ្លីនឹង​បញ្ចប់ជាស្ថាពរ ហើយនឹងប្រគល់បណ្ណជូនពលរដ្ឋ​ជា​ម្ចាស់កម្មសិទ្ធិឱ្យ​បានចប់​សព្វ​គ្រប់ ដូច្នេះ ចាប់ពីពេលនោះ​តទៅ រាល់បញ្ហា​ដីអត់ប្លង់ បញ្ហាទំនាស់ព្រំដី បញ្ហា​ទិញ​ដីជាន់គ្នា ឬដីអត់ប្លង់ ​នឹ​ងលែងកើតមានឡើងទៀត​ហើយ ។ ការ​បញ្ចប់​បញ្ហា​នេះ វានឹងសម្រួលដល់ការ​វិនិយោគ ទាក់ទាញអ្នកអភិវឌ្ឍន៍ ក្នុងការស្វែងរក​ទីតាំង​ដី ដើម្បីអភិវឌ្ឍន៍​ ឬវិនិយោគ​ដោយទំនុកចិត្តខ្ពស់  ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា