បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្រូវការ​ជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ ខណៈ​រោងចក្រ​ផលិត​សំបកកង់រថយន្តចំនួន៨បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់

តម្រូវការ​ជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ ខណៈ​រោងចក្រ​ផលិត​សំបកកង់រថយន្តចំនួន៨បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់

ភ្នំពេញ ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៦​នេះ នៅទូទាំង​ប្រទេស​កម្ពុជា​ មានរោងចក្រ​ផលិត​សំបក​កង់រថយន្ត​ចំនួន៨ ដោយ​មួយចំនួនបានដាក់​ដំណើរការរួចរាល់ ហើយមួយចំនួនទៀត​កំពុង​សាងសង់​រោងចក្រ​ដែលនឹង​ដាក់​ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ដែលកាន់តែធ្វើឱ្យតម្រូវការ​កៅស៊ូនៅកម្ពុជា​មានកំណើន​ខ្ពស់។

Advertisement

លោក​ គិន ឧត្តម​មុនីស៊ីណាត នាយកប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​សំបក​កង់ឡាន Sailun ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu Special Economic Zone) ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង​ បានមានប្រសាសន៍ប្រាប់​បណ្ដាញ​ព័ត៌មាន AMS ឱ្យដឹងថា​ ក្នុងចំណោមរោងចក្រ​ផលិត​សំបក​កង់ឡាន​ទាំងអស់​នៅក្នុងប្រទេស​កម្ពុជា មានតែរោងចក្រ​ផលិតសំបកកង់ឡាន​សៃលុន​ប៉ុណ្ណោះ​ដែល​ប្រើ​កៅស៊ូខ្មែរ​ច្រើនជាង​គេ​ រហូតដល់ប្រមាន​ ៩៦ភាគរយ​នៃតម្រូវការ​កៅស៊ូ​សរុបរបស់ក្រុមហ៊ុន ដោយឆ្នាំ២០២៦នេះ គឺជា​ឆ្នាំទី៣ហើយ​ដែល​ក្រុមហ៊ុនសៃលុន​បាន​ដំណើរការ​រោងចក្រ ដោយឆ្នាំទី​១ រោងចក្រ​សៃលុន​បានប្រើ​កៅស៊ូ​ខ្មែរអស់​ប្រមាណ៥ម៉ឺន​តោន ឆ្នាំទី២អស់ប្រមាណជាង​១០ម៉ឺនតោន​ និងគ្រោង​ប្រើ​ឱ្យអស់​១៥ម៉ឺនតោនក្នុងឆ្នាំ២០២៦នេះ ។

តាមរយៈខ្សែច្រវាក់​ផលិតកម្ម​របស់​រោងចក្រ​សៃលុន និង​រោងចក្រផលិត​សំបក​កង់រថយន្តផ្សេងទៀតនៅកម្ពុជា នឹងធ្វើឱ្យតម្រូវការ​កៅស៊ូ​នៅកម្ពុជា​កាន់តែមានកំណើន​ខ្ពស់ជាមួយ​នឹង​តម្លៃល្អប្រសើរ​ ដោយលែង​នៅបារម្ភពីកង្វះទីផ្សារទៀត​ហើយ ។​​ អ្វីដែលពិសេស​ នៅពេល​ដែល​រោងចក្រទាំង៨​ មានដំណើរ​ការ​ពេញលេញ​ តម្រូវការ​ជ័រកៅស៊ូ​សម្រាប់​ផលិតជា​សំបកកង់រថយន្ត​នឹង​កាន់តែ​កើនឡើងខ្ពស់ជាងពេលបច្ចុប្បន្ន។

លោក​ គិន ឧត្តម​មុនីស៊ីណាត បានបន្ថែមថា​ រោងចក្រ​សៃលុន​ អាចចាត់ទុកជា​រោងចក្រោលិត​សំបក​កង់ឡាន​ដែលធំជា​ងគេ​នៅកម្ពុជា ដែល​គិតត្រឹមឆ្នាំ២០២៦នេះ ក្រុមហ៊ុន​បានបោះទុនវិនិយោគសរុប​ប្រមាណ១ពាន់លានដុល្លារអាម៉េរិកហើយ ដោយបានផលិត​សំបក​កង់ឡាន​ប្រមាណ​ជិត​២៣​លានសំបក​​សម្រាប់នាំចេញ​ និ​ងចែកចាយក្នុងស្រុក ។

ដោយឡែក លោក Chen Gang នាយ​ក​គ្រប់គ្រ​ង​រោងចក្រ​ផលិត​សំបក​កង់ឡាន DoubleStar នៅក្នុងតំបន់​សេដ្ឋកិច្ចពិសេស​យូ ប៊ី​ អ៊ី ស្នួល នៅស្រុក​ស្នួល ខេត្ត​ក្រចេះ ធ្លាប់បានលើកឡើងថា រោងចក្រ​ផលិ​តសំបក​កង់មួយនេះ បានប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ​ទាំងស្រុង​ ដោយ​ជំហាន​ដំបូងក្នុងមួយឆ្នាំ មានតម្រូវការ​ប្រើប្រាស់ជ័រ​កៅស៊ូ​ពី​ ៥ ទៅ ៦ម៉ឺនតោន ហើយនឹងបង្កើនការ​ប្រើប្រាស់ជ័​រកៅស៊ូ​ឱ្យបានដល់១០ម៉ឺនតោន​ក្នុងមួយឆ្នាំ ។​

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យកសិករ​ខ្មែរ​ដែលជាម្ចាស់ចម្ការកៅស៊ូ​បង្កើនផ្ទៃដីដាំដុះ​បន្ថែម​ស្របពេល​ក្រុមហ៊ុនក៏មានគម្រោង​ពង្រីកខ្សែសង្វាក់ផលិតកម្ម​កាន់តែធំ ​ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។​

​លោក ជា សាយិន ម្ចាស់ចម្ការ​កៅស៊ូ​​នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានថ្លែង​ប្រាប់​ AMS ឱ្យដឹងថា ចាប់តាំងពី​មានរោងចក្រផលិត​សំបកកង់​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ឃើញថា ​​ទីផ្សារ​ជ័រ​កៅស៊ូ​នៅកម្ពុជា​មិនពិបាក​ដូច​មុនទេ ។

លោកថា​ ៖

«កាលមុន​យើងត្រូវ​លក់ជ័រទឹកទៅឱ្យរោងចក្រ​កែច្នៃជា​ជ័រ​កៅស៊ូក្រែប តែក្រោយពេលមានរោងចក្រផលិត​សំបកកង់រថយន្តមក ក៏មានអ្នក​ដើរប្រមូលទិញជ័រ​កក​ដើម្បី​ដឹកទៅកែច្នៃផលិតជា​សំបកឡាន ។​ ពីមុន​តម្លៃជ័រកៅស៊ូ​ក៏មិនមានភាពនឹងនរដែរ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ​ តម្លៃជ័រ​កៅស៊ូ​មានភាពល្អប្រសើរ អត់ពិបាក​ដូចមុន​ទៀត​នោះទេ»។

យោងតាមរបាយការណ៍របស់​អគ្គនាយក​ដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​​​ និងនេសាទ បានឱ្យដឹងថា គិតត្រឹម​ចុង​ឆ្នាំ២០២៥ ផ្ទៃដីដំណាំកៅស៊ូក្នុងប្រទេស​កម្ពុជា​មានទំហំសរុប ៤៤៨ ០៥១ហិក​តា ហើយផ្ទៃដីដែលអាចជៀរជ័របាន​មាន​ទំហំ ៣៤៦ ៨៤២ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤១ ៩៧៨ ហិកតា (ស្មើនឹង ៧៦%, ផ្ទៃដីថែទាំ មានចំនួន ១០៦ ០៧៣ ហិកតា (ស្មើនឹង ២៤%)។ ដោយឡែក ក្នុងឆ្នាំ២០២៥នេះដែរ ទិន្នផល​ជ័រកៅស៊ូ​ទូទាំង​ប្រទេសមានចំនួន ៤២២ ៨៤២តោន​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា