បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង-ត្រី​នៅក្នុងខេត្តកំពង់ធំ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

Advertisement

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានប្រាប់ AMS Economy នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ថា គម្រោងនេះមានទីតាំងនៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានទំហំ ៣០.៣៩០.០០០ ម៉ែត្រការ៉េ។ គម្រោងនេះនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៧។

ឯកឧត្តមបានបញ្ជាក់ថា៖

«គម្រោងកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រីនេះអាចនឹងបង្កើតការងារជូនប្រជាពលរដ្ឋចំនួនប្រមាណជាង ៣០០០ នាក់ ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត»។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា គម្រោងនេះ សម្រេចជ្រើសរើសយកខេត្តកំពង់ធំ ដោយសារកត្តាភូមិសាស្ត្ររបស់ខេត្តកំពង់ធំ មានភាពអំណោយផលជាច្រើនដល់សកម្ម ភាពចិញ្ចឹមត្រី គ្រំ ទាំងបរិយាកាស ទាំងប្រភពទឹក។

ឯកឧត្តម នួន ផារ័ត្ន ​បានបន្ថែមថា នៅក្នុងខេត្តកំពង់ធំ មានសក្តានុពលធំជាងគេគឺវិស័យកសិកម្ម ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅជាង ៦០ ម៉ឺនហិកតា រួមមានដូចជា ដំណាំស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្វាយ ទុរេន និងដំណាំផ្សេងៗទៀត លើសពីនេះ កំពង់ធំក៏ជាទីតាំងដែលសមស្របសម្រាប់ការធ្វើវារីវប្បកម្ម ហើយម្យ៉ាងវិញទៀត គឺជាចំណុចកណ្ដាលនៃប្រទេស ដែលមានលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ងាយស្រួលប្រមូលផលិតផលកសិកម្មមកពីបណ្តាខេត្តផ្សេងៗ និងខេត្តជុំវិញ។

គួរជម្រាបថា៖ កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី ៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសស្វាយចន្ទីរបស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង ត្រី នៅស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តមអភិបាលខេត្តកមពង់ធំបានបន្តថា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពង់ធំ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសឯកទេសគំរូមួយសម្រាប់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើការកែច្នៃស្វាយចន្ទី៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា