បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករម្នាក់ដាំត្របែក ៣៥០ ដើម ប្រើជីសរីរាង្គធម្មជាតិក្នុងស្រុក ទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុងមួយឆ្នាំ

កសិករម្នាក់ដាំត្របែក ៣៥០ ដើម ប្រើជីសរីរាង្គធម្មជាតិក្នុងស្រុក ទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុងមួយឆ្នាំ

កំពង់ចាម ៖ ត្បិតថាជាការងារដែលត្រូវប្រើកម្លាំងច្រើន និងហត់នឿយនៅក្នុងការដាំដុះ ថែទាំឱ្យត្រូវតាមបច្ចេកទេស ប៉ុន្តែសម្រាប់ទិន្នផល និងចំណូលដែលទទួលបានមកវិញក៏មានភាពសមរម្យ ជាក់ស្ដែង កសិករម្នាក់ដែលរស់នៅក្នុងទឹកដីខេត្តកំពង់ចាម បានចាប់យកការងារធ្វើចំការត្របែក ដោយក្នុងឆ្នាំដំបូងដាំចំនួន ៣៥០ ដើម ហើយអាចទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុង១ឆ្នាំ។

Advertisement

លោក ឆាង គីមហុង ជាកសិករខ្នាតមធ្យម រស់នៅភូមិជ្រោយក្របៅ២ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្ន បានចាប់យកការដាំដុះបង្កបង្កើនផលលើដំណាំហូបផ្លែធ្វើប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ រួមមានដូចជា ចំការត្របែក ចំការស្វាយ និងចំការម្កាក់ជាដើម។ ដោយឡែក ចំពោះចំការត្របែករបស់លោកដែលមានចំនួន ៣៥០ដោម រហូតមកដល់ពេលនេះទើបតែមានអាយុប្រមាណ១៨ខែប៉ុណ្ណោះគិតចាប់តាំងពីការដាំដុះលើកដំបូង ដោយចំណាយដើមទុនប្រមាណ៥លានរៀលទៅលើការទិញកូនត្របែក ការទិញជីធម្មជាតិសម្រាប់បំប៉នលូតលាស់ និងថែទាំ ក៏ដូចជា ចំណាយទៅលើកម្លាំងពលកម្មផងដែរ។

ជាទូទៅ ដើមត្របែកនឹងឱ្យផលជាផ្លែសម្រាប់លក់នៅលើទីផ្សារក្នុងអាយុត្រឹម ៦ខែដំបូងក្រោយការដាំដុះ ហើយចំពោះត្របែកចំនួន ៣៥០ដើម អាចទទួលបានក្នុងឆ្នាំដំបូងតិចតួចប៉ុណ្ណោះ ដែលគិតជាចំណូលពីការលក់សរុបក្នុងចន្លោះពី ១៥ ទៅ ២០លានរៀល ឬស្មើនឹងប្រមាណ ៥០០០ដុល្លារ។ ប៉ុន្តែ ចាប់ពីដំណាក់កាលប្រមូលផលនៅឆ្នាំទី២ គឺអាចទទួលបានច្រើនជាងលើកទីមួយ ដែលយ៉ាងហោចណាស់ក្នុងមួយថ្ងៃអាចបេះបានជិត១០០គីឡូក្រាម។

លោក ឆាង គីមហុង បានប្រាប់ថា ៖

«រាល់ថ្ងៃ ត្របែកមានទីផ្សារល្អគួរសម ដែលអាចលក់រាយបាន ៥០០០រៀលក្នុង ១គីឡូក្រាម ទិញ១០គីឡូ ថែម ១គីឡូក្រាម ដោយឡែកសម្រាប់ម៉ូយដែលយកទៅលក់បន្ត គិតត្រឹម ៤០០០រៀលក្នុង១គីឡូក្រាម ហើយទិញ១០គីឡូ ថែមជូន១គីឡូក្រាមដូចគ្នា…គិតទៅក្នុង១មួយឆ្នាំបានលុយប្រមាណជាង ២០លានរៀល»។

ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការដាំដុះ កសិកររូបនេះបានអះអាងថា ហាក់មិនមានផលលំបាកពេកនោះទេ ដោយក្រោយពេលដាំដុះ ត្រូវយកចិត្តទុកដាក់ទៅលើការថែទាំដូចជា សម្អាតគល់ឱ្យបានស្អាត ដាក់ជីសរីរាង្គធម្មជាតិដីមាស និងស្រោចទឹកក្នុង១សប្ដាហ៍ម្ដងតែប៉ុណ្ណោះ។ ក្រៅពីនេះ នៅក្នុងរដូវក្ដៅ ត្រូវសំណល់ ឬកំប្លោក មកគ្រប់គល់ដើម្បីផ្តល់សំណើមដី លុះដល់រដូវធ្លាក់ភ្លៀងត្រូវយកចេញវិញ ជៀសវាងកើតជាផ្សិត ឬជាំទឹកដែលធ្វើឱ្យដើមត្របែកងាយងាប់។ ដោយឡែក ចំពោះផ្លែត្របែក នៅពេលដែលរីកធំធាត់ល្អ ត្រូវយកថង់រ៉ុមពីក្រៅ ដើម្បីការពារកុំឱ្យពពួកសត្វល្អិតចង្រៃស៊ី និងធ្វើឱ្យមានពណ៌ល្អ។

ជាមួយនឹងការបង្ហើបវិធីសាស្ត្រក្នុងការថែទាំដំណាំត្របែកដែលកំពុងមានតម្រូវការទីផ្សារនេះ លោក ឆាង គីម ហុង ក៏បាន ផ្តាំផ្ញើទៅដល់បងប្អូនប្រជាកសិករដទៃទៀតដែលចង់ដាំដុះដំណាំហូបផ្លែដែរថា ការដាំដុះជារឿងមួយងាយស្រួល ប៉ុន្តែការថែទាំទើបជាបញ្ហា។ បើចង់បានផ្លែផ្កាល្អ កសិករត្រូវចេះពីបច្ចេកទេស ទាំងការដាំដុះ និងការថែទាំ ជាពិសេស ការប្រើជីបំប៉នលូតលាស់។ លោកថា កសិករគួរតែងាកមកប្រើជីសរីរាង្គធម្មជាតិ ដែលមានប្រសិទ្ធភាពជួយឱ្យដីមានសំណើមល្អ និងជួយចិញ្ចឹមដំណាំបានធំលឿន ជាក់ស្ដែងនៅក្នុងចំការរបស់លោកទាំងអស់ គឺប្រើតែជីសរីរាង្គធម្មជាតិ ភី អិន ប៉ុណ្ណោះ ដែលជាជីកសិកម្មក្នុងស្រុក ផលិតឡើងដោយក្រុមហ៊ុន ហ៊ុយ​យន់ អេ​ហ្គ្រី​ខ​ល​ឈ័​រ របស់កូនខ្មែរ។

លោក  យន់ សុផាត អគ្គនាយកក្រុមហ៊ុនផលិតជីសរីរាង្គធម្មជាតិ ហ៊ុយ​យន់ អេ​ហ្គ្រី​ខ​ល​ឈ័​រ បានបង្ហាញពីក្ដីរីករាយ និងសាទរជាមួយទិន្នផលដែលកសិករខាងលើទទួលបានក្រោយការប្រើជីសរីរាង្គធម្មជាតិដែលផលិតឡើងក្នុងស្រុក និងជាផលិតផលរបស់កូនខ្មែរ។

លោកថា ការប្រើជីសរីរាង្គធម្មជាតិទៅលើដំណាំដាំដុះចម្រុះទាំងអស់គឺមានប្រសិទ្ធភាពខ្ពស់ ទាំងការធ្វើឱ្យដីមានសំណើម និងជីជាតិបានល្អ ជួយបំប៉ន និងជំរុញការលូតលាស់របស់ដំាំណាំ ថែទាំទាំងផ្កា និងផ្លែឱ្យកាន់បានល្អ ជាពិសេសមិនប៉ះពាល់ដល់សុខភាពអ្នកដាំដុះ ក៏ដូចជាអ្នកទទួលទានផងដែរ។  

អ្នកជំនាញផលិតជីសរីរាង្គធម្មជាតិរូបនេះបានបញ្ជាក់ថា ៖

«សម្រាប់កសិករដែលប្រើជីសរីរាង្គធម្មជាតិ នឹងទទួលបានអត្ថប្រយោជន៍ពិតៗ ដូចជា ធ្វើឲ្យដីផុសបានល្អ បង្កលក្ខណៈងាយស្រួលដល់ការលូតលាស់របស់ឬសក្នុងការស្រូបយកទឹក និងសារធាតុចិញ្ចឹមដល់ដំណាំ, ផ្តល់ជាចំណីដល់ពពួកសត្វល្អិតមានប្រយោជន៍ និងមីក្រូសរីរាង្គរស់នៅក្នុងដីដែលជួយឲ្យដីផុសល្អជំរុញការលូតលាស់ដល់ដំណាំ ហើយអ្វីដែលបន្ថែមពីលើទិន្នផល គឺសុខភាពរបស់កសិករដែលប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកទទួលទានតែម្ដង»។

ក្នុងឱកាសជាមួយគ្នានេះ លោក យន់ សុផាត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករខ្មែរគួរងាកមកប្រើប្រាស់ជីកសិកម្មក្នុងស្រុកដែលផលិតឡើងដោយកូនខ្មែរក្នុងការដាំដុះ ហើយដោយឡែកប្រជាជនខ្មែរទាំងអស់សូមបន្តគាំទ្រប្រើប្រាស់ផលិតផល និងកសិផលក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីជាកម្លាំងចលករគាំទ្រដល់សេដ្ឋកិច្ចជាតិទាំងអស់គ្នា។ ខ្មែររួមគ្នាតែមួយ គឺខ្មែរខ្លាំង..!

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា