បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ​ម្នាក់នៅ​ខេត្តមណ្ឌលគិរី ដាំតែបន្លែសុវត្ថិភាព អាចរកចំណូល​បានជិត ​១ម៉ឺនដុល្លារ​ ក្នុង ១ឆ្នាំ ចិញ្ចឹម​គ្រួសារ​បានរស់​ស្រួល

កសិករ​ម្នាក់នៅ​ខេត្តមណ្ឌលគិរី ដាំតែបន្លែសុវត្ថិភាព អាចរកចំណូល​បានជិត ​១ម៉ឺនដុល្លារ​ ក្នុង ១ឆ្នាំ ចិញ្ចឹម​គ្រួសារ​បានរស់​ស្រួល

មណ្ឌលគិរី ៖ បន្លែ​សុវត្ថិភាពរបស់​កសិករមកពីខេត្ត​មណ្ឌលគិរី ត្រូវបានមនុស្សភាគច្រើនទទួលស្គាល់​ពីគុណភាព​ និងសុវត្ថិភាព ហើយក៏មាន​ផ្សារទំនើបធំៗនៅក្នុងរាជធានីភ្នំពេញទទួលទិញយកមកដាក់​លក់​បន្តក្នុងតម្លៃខ្ពស់ជាងបន្លែធម្មតា ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការដាំដុះ ការថែទាំ និងការជំរុញលក់នៅលើទីផ្សារ កសិករ​មួ​យរូប​រស់នៅក្រុងសែនមនោរម្យ​​ ​ខេត្ត​មណ្ឌលគិរី បានប្រកបរបរ​ដាំបន្លែសុវត្ថិភាពអស់រយៈពេលជិត​២០ឆ្នាំហើយ ដោយអាច​រកបាន​ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ​រហូតដល់ប្រមាណ ១ម៉ឺនដុល្លារក្នុង១ឆ្នាំ។​

លោក ទ្រី ម៉េងឈាង កសិករ​រស់នៅភូមិចម្ការតែ ក្នុងសង្កាត់​ស្ពានមានជ័យ ក្រុង​សែន​មនោរម្យ​ ខេត្តមណ្ឌលគិរី បានប្រាប់ AMS ឱ្យដឹងថា លោក​បានចាប់ផ្ដើម​ដាំដុះបន្លែ​សុវត្ថិភាព​អស់រយៈពេលប្រមាណ១៨ឆ្នាំមកហើយ​ដោយអាចទទួលបាន​ចំណូលគួរសម អាចផ្គត់ផ្គង់គ្រួសារ​បានសមរម្យ​ ពីព្រោះបន្លែ​ដែលលោកដាំដុះ​នេះ មានការទទួលស្គាល់ពីគុណភាព និងសុវត្ថិភាព​ពីបណ្តាផ្សារទំនើបធំៗនៅក្រុង​ភ្នំពេញ ជាមួយនឹងការ​បញ្ជាទិញជា​បន្តបន្ទាប់​ រហូតមានពេល​ខ្លះរក​បន្លែផ្គត់ផ្គង់​ជូន​អតិថិជន​មិនគ្រប់ផង​។​

លោក​បញ្ជាក់ថា​ ៖

«បច្ចុប្បន្ន​នេះ ខ្ញុំ​កំពុងដាំបន្លែសុវត្ថិភាពលើផ្ទៃដីប្រមាណ ៧​ហិកតា ដោយមានបន្លែច​ម្រុះ​ ដូចជា ​ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ ខ្ទឹមបារាំង ម្ទេស​ហាវ៉ៃ​ ប៉េងប៉ោះហាយវ៉ៃ និង​មើមឈូកទឹកកក ហើយបន្លែទាំង​នេះ ភាគច្រើន​គឺចែកចាយនៅក្នុងម៉ាត​ (Mart) និងផ្សារទំនើបក្នុងរាជធានីភ្នំពេញ ហើយមួយចំនួនទៀត បានចែកចាយតាមបណ្តាភោជនីយដ្ឋានក្នុង​ខេត្តមណ្ឌលគិរី»។​

លោកបន្តឱ្យដឹងទៀតថា ​តាមរយៈការ​ដាំដុះបន្លែសុវត្ថិភាព​នេះដែរ ក្នុងមួយឆ្នាំអាច​រក​ចំណូល​បាន​ចន្លោះពីជាង ៧០០០ដុល្លារ ទៅជាង​ ​៨០០០ដុល្លារអាម៉េរិក ឬអាចឈានដល់ប្រមាណ ១ម៉ឺនដុល្លារ​ អាស្រ័យទៅតាម​ទិន្នផល​ដែលទទួលបាន ហើយចំណូលដែលទទួលបានត្រូវយកមកទូទាត់​ថ្លៃជី និងកម្លាំង​ពលកម្ម​ ពីព្រោះការ​ដាំដុះ​បន្លែទ្រង់ទ្រាយធំ ត្រូវជួល​កម្មករគិតកម្រៃប្រចាំខែ និងកម្មករគិតកម្រៃ​ប្រចាំថ្ងៃ ។​ ជាលទ្ធផល តាមរយៈមុខរបរ​ដាំដុះបន្លែសុវត្ថិភាពនេះ បាន​ជួយកែប្រែ​ជីវភាពគ្រួសាររបស់លោក​បានមួយកម្រិត ​ក៏ដូចជាបានជួយ​ដល់​កម្មករ​ឱ្យ​មានការងារ បាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ និងប្រចាំខែផងដែរ ។

សូមបញ្ជាក់ថា ការដាំដំណាំបន្លែសុវត្ថិភាពរបស់លោក ​ ទ្រី ម៉េងឈាង ត្រូវបានធ្វើឡើងដោយវិលជុំ ច្រើនប្រភេទ និងអាចប្រមូលផលបានរាល់ថ្ងៃ ពោលគឺអស់ពីបន្លែមួយ​ ចូល​ដល់​ប្រមូលផល​បន្លែ​ផ្សេងទៀត ហើយក៏ត្រូវ​ដាំដុះបន្លែថ្មីជំនួស​វិញដែរ ធ្វើដូច្នេះហើយទើបអាច​ទទួលបានប្រាក់កម្រៃជា​ប្រចាំថ្ងៃដែរ ។

ជាមួយនឹងការផ្តល់ព័ត៌មានពីការដាំដុះបន្លែសុវត្ថិភាព និងការទទួលបានចំនូលប្រចាំថ្ងៃនេះ លោក ទ្រី ម៉េងឈាង ក៏បាន​អំពាវនាវ​ដល់ប្រជាកសិករ​ខ្មែរ​ទូទៅ គួររកវិធីសាស្ត្រធ្វើយ៉ាងណា​អាចដាំដុះបន្លែបាន​គ្រប់រដូវ​ ដើ​ម្បីអាចផ្គត់ផ្គង់លើទីផ្សារ​ឱ្យបានគ្រប់គ្រាន់​ផង កាត់បន្ថយការ​នាំចូល​ចូល និង​ធានាថាពលរដ្ឋ​ខ្មែរ​អាច​ទទួល​បន្លែដែ​ល​​​ដាំដុះដោយកសិករ​ខ្មែរ​បានគ្រប់គ្នា​ ខណៈដែលបន្លែសុវត្ថិភាពមានរសជាតិឆ្ងាញ់ មានទីផ្សារល្អ និងទទួលបានតម្លៃថ្លៃជាងបន្លែនាំចូល និងបន្លែធម្មតា៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា