បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍កសិកម្មមួយនៅខេត្តបាត់ដំបង គ្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចឱ្យបានទូលំទូលាយនៅទូទាំងប្រទេស

សហគមន៍កសិកម្មមួយនៅខេត្តបាត់ដំបង គ្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចឱ្យបានទូលំទូលាយនៅទូទាំងប្រទេស

ភ្នំពេញ ៖ សហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង គ្រោងបង្កើតបណ្ដាញផ្សារបន្លែទំនើបខ្នាតតូចឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ដើម្បីស្វែងរកទីផ្សារជូនកសិករដែលដាំដុះនៅក្នុងសហគមន៍ និងផ្គត់ផ្គង់បន្លែ ផ្លែឈើ ត្រីសាច់ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ។

Advertisement

លោក ណុប នុន ប្រធានសហគមន៍កសិកម្ម តាសីសាមគ្គី បានប្រាប់បណ្តាញព័ត៌មាន AMS ថា គម្រោងបណ្ដាញផ្សារបន្លែសុវត្ថិភាព ឬបណ្តាញផ្សារបន្លែទំនើបខ្នាតតូច ក្នុងជំហានដំបូងនេះ គ្រោងនឹងបង្កើតឱ្យបាន​ជា​ ៣ តំបន់ រួមមានជំហានទី ១ រាជធានីភ្នំពេញ ទី ២ នៅសៀមរាប និងទី ៣ នៅបាត់ដំបង ហើយបច្ចុប្បន្ននេះ បណ្ដាញផ្សារបន្លែទំនើបខ្នាតតូចនេះ បានលេចជារូបរាងរួចហើយនៅរាជធានីភ្នំពេញ។

លោក ប្រធានសហគមន៍ បានបន្តថា សម្រាប់នៅក្នុងរាជធានីភ្នំពេញ បណ្ដាញផ្សារបន្លែទំនើបខ្នាតតូចនេះ បានដំណើរការនៅម៉ាតមួយ ហើយគ្រោងនឹងបង្កើតឱ្យបាន ៣០ ទីតាំងផ្សេងទៀត។ ចំណែកនៅទូទាំងប្រទេស គម្រោងនឹងបង្កើតបណ្ដាញនេះឱ្យបាន ១០០ ទីតាំង ដោយដាក់លក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើពីកសិករ នៅតាមម៉ាតនានា ដែលនាំយកកសិផលចម្រុះពីកសិដ្ឋានជាដៃគូ។

លោក ណុប នុន បានថ្លែងដូច្នេះថា៖

“គម្រោងបណ្ដាញផ្សារបន្លែទំនើបខ្នាតតូចនេះ បានផ្ដួចផ្ដើមដោយសមាគមបណ្ដាញកសិករតេជោ ក្នុងគោលបំណងប្រមូលអ្នកដែលពាក់ព័ន្ធនឹងកសិកម្មទាំងអស់ឱ្យចូលរួម និងដើម្បីជួយដល់កសិករ ដែលខ្វះបច្ចេកទេស និងពិបាកស្វែងទីផ្សារ។”

សហគមន៍តាសីសាមគ្គី គឺជាបណ្តុំកសិដ្ឋានចម្រុះ ដោយនៅកសិដ្ឋានដៃគូរបស់សហគមន៍ មានបន្លែចម្រុះ ការចិញ្ចឹមសត្វ និងវារីវារីវប្បកម្ម។ តាមរយៈកិច្ចការងារនៅក្នុងសហគមន៍នេះដែរ នឹងផ្ដល់ចំណូល និងប្រាក់ចំណេញកាន់តែខ្ពស់ សម្រាប់ជួយដល់ជីវភាពប្រជាកសិករ។

លោក ណុប នុន បានបញ្ជាក់ថា៖

“ថ្វីត្បិតតែ ស្ថានភាពបច្ចុប្បន្ន ប្រេងឥន្ធនៈនិងឧស្ម័នបានឡើងថ្លៃ ដែលវាជារឿងមួយលំបាកដល់កសិករ នៅទូទាំងប្រទេស តែសម្រាប់គម្រោងបង្កើតបណ្ដាញផ្សារបន្លែទំនើបខ្នាតតូច បានគិតគូរទៅដល់សេវាបញ្ហាដឹកជញ្ជូន ដោយគម្រោងនេះ បានរៀបចំការដឹកជញ្ជូនតាមរយៈរថយន្តអគ្គិសនី ទម្ងន់ ២,៥ តោន និងម៉ូតូអគ្គិសនី សម្រាប់ជាមធ្យោបាយដឹកជញ្ជូន”។

ប្រធានសហគមន៍កសិកម្មរូបនេះ ក៏បានលើកឡើងពីគោលបំណង នៃគម្រោងបង្កើតបណ្ដាញផ្សារបន្លែទំនើបខ្នាតតូច ដោយផ្តោតលើក្តីរំពឹងថា នឹងផ្តល់ទីផ្សារពិតប្រាកដដល់កសិករក្នុងស្រុក ដែលអាចធានាការផ្គត់ផ្គង់បន្លែ ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ ដោយកាត់បន្ថយបាននូវការប្រើប្រាស់សារធាតុគីមី រួមទាំងការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើនកន្លែងផងដែរ។

លោក ណុប នុន បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ វិនិយោគិន ធុរជន និងអាជីវករ ពាក់ព័ន្ធវិស័យកសិកម្ម ចូលរួមជាមូលនិធិ ឬជាកសិផល ដើម្បីក្លាយជាម្ចាស់ភាគហ៊ុន នៃគម្រោងទីផ្សារបន្លែទំនើបខ្នាតតូចនេះ ព្រោះថាការចូលរួមរបស់បងប្អូនប្រជាកសិករ និងអ្នកពាក់ព័ន្ធ នឹងជួយពង្រីកវិសាលភាពទីផ្សារលក់រាយបន្លែសុវត្ថិភាពនេះ ឱ្យកាន់តែមានដំណើរការល្អ និងវិវត្តន៍កាន់តែឆាប់នាពេលខាងមុខនេះ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា