ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. ដែលជាសហគ្រាសរដ្ឋឈានមុខគេមួយរបស់ចិនក្នុងវិស័យកែច្នៃដំឡូងមី បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១ លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ដូច្នេះ បន្ទាប់ពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. ដឹកនាំដោយលោក Chen Mingyu ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development គឺជាសហគ្រាសរដ្ឋឈានមុខ និងមានទ្រង់ទ្រាយធំមួយរបស់ចិន ក្នុងវិស័យកែច្នៃដំឡូងមី ដែលមានគុណភាពស្តង់ដារទទួលស្គាល់ដោយសហរដ្ឋអាម៉េរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងដូច្នេះថា៖
“ក្នុងនាមជាអ្នកដឹកនាំគណៈប្រតិភូ លោក Chen Mingyu […] បានគូសបញ្ជាក់ពីគោលបំណងយុទ្ធសាស្ត្រចំនួនបី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ រួមមាន៖ (១) បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១ លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម (២) ការសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា និង (៣) ការផ្ទេរចំណេះដឹងតាមរយៈពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ។”
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រ និងជំរុញយ៉ាងមោះមុតលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានរំលេចថា កម្ពុជាគឺជាតួអង្គយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះលើការជ្រើសរើសទីតាំងរោងចក្រ និងបានជម្រាបជូនអំពី “ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា” របស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារសកល។
តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកដោយក្តីសោមនស្សនូវវឌ្ឍនភាពនៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ ជាពិសេសយន្តការនៃ “គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន” ដែលមាន ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ជាសហប្រធាន។ យន្តការកម្រិតខ្ពស់នេះ គឺជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលក្នុងការតម្រង់ទិស និងជំរុញរាល់គម្រោងវិនិយោគយុទ្ធសាស្ត្រឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង ដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមលក្ខណៈជាស្រេច ក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន ដើម្បីធានាឱ្យបាននូវជោគជ័យនៃគម្រោងវិនិយោគនេះ ដែលនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល កម្ពុជា-ចិន៕