ភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយនៅកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ នីតិវិធីនៃដំណើរបោះផ្សាយ និងលក់ភាគហ៊ុនកំពុងស្ថិតនៅក្នុងដៃរបស់និយ័តករមូលបត្រ ។

ភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយនៅកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ នីតិវិធីនៃដំណើរបោះផ្សាយ និងលក់ភាគហ៊ុនកំពុងស្ថិតនៅក្នុងដៃរបស់និយ័តករមូលបត្រ ។
កាលពីចុងត្រីមាសទី១ ឆ្នាំ២០២៦ កន្លងទៅនេះ ផ្សារមូលបត្រកម្ពុជា បានប្រកាសជូនដំណឹងស្ដីពីការសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់បុរីវិមានសំណាង ម.ក ដោយផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារគោលរបស់ក្រុមហ៊ុនមួយនេះ ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា គម្រោងចុះបញ្ជីលក់មូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជាពីសំណាក់បុរីវិមានសំណាង ទទួលបានការផ្ដល់ឯកភាពជាគោលការណ៍ពីផ្សារមូលបត្រកម្ពុជារួចហើយ បន្ទាប់មកក្រុមហ៊ុនបុរីវិមានសំណាង ត្រូវបំពេញនីតិវិធីជាមួយនិយ័តករមូលបត្រកម្ពុជា មុននឹងអាចចាប់ផ្ដើមផ្សព្វផ្សាយលក់ភាគហ៊ុនជាសាធារណៈ ។

ឯកឧត្តមបន្តថា ក្នុងពេលដែលក្រុមហ៊ុនកំពុងធ្វើការជាមួយនិយ័តករមូលបត្រកម្ពុជានៅពេលនេះមិនទាន់អាចកំណត់វេលាច្បាស់លាស់ថា ពេលណានឹងអាចមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រ ហើយគោះជួងបើកឱ្យមានការជួញដូរបាននោះទេ។ នៅក្នុងផ្សារមូលបត្រកម្ពុជា រហូតមកដល់ពេលនេះមានក្រុមហ៊ុនចុះបញ្ជី និងកំពុងជួញដូរចំនួន១២ រួចហើយ ដូច្នេះ បុរីវិមានសំណាង អាចជាក្រុមហ៊ុនទី១៣ ដែលនឹងចុះបញ្ជីជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនអចលនទ្រព្យទី៣ ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ហើយ បុរីវិមានសំណាងនឹងអាចកៀរគរទុនដើម្បីពង្រីកអាជីវកម្ម ពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួនបន្ថែមទៀត ក្រោយពេលគោះជួងបើកឱ្យលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា ។
សូមជម្រាបថា ក្រៅពីទទួលបានទុនសម្រាប់ពង្រីកអាជីវកម្ម ពង្រីកគម្រោងវិនិយោគ ការចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជា ក៏នឹងធ្វើឱ្យក្រុមហ៊ុននោះមានកេរ្តិ៍ឈ្មោះ មានទំនុកចិត្តពីអតិថិជន ពីដៃគូវិនិយោគ ដោយអាចបញ្ជាក់ថា ក្រុមហ៊ុនដែលចូលក្នុងផ្សារហ៊ុនគឹជាក្រុមហ៊ុនដែលមានស្តង់ដារគ្រប់គ្រាន់ ។
បើតាមឯកឧត្តម ហុង សុហួរ បានបញ្ជាក់ថា ក្នុងរយៈពេល៤ខែចុងក្រោយនេះ ដំណើរការជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា ហាក់មានភាពប្រសើរឡើងវិញបន្ទាប់ពីជួបបញ្ហាប្រឈមបន្តិចកាលពីឆ្នាំ២០២៥ ។ ក្នុងពេលបច្ចុប្បន្ន ជាមធ្យមក្នុងមួយថ្ងៃទំហំជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រសរុបទាំង១២ ក្រុមហ៊ុន ដែលបានបោះផ្សាយមានទំហំទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ ទៅ ២៦ម៉ឺនដុល្លារអាម៉េរិកក្នុងមួយថ្ងៃ ។

ឧកញ៉ា បណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលបុរីវិមានសំណាង បានឱ្យដឹងថា ដើម្បីសម្រេចផែនការអាជីវកម្ម ៣០ឆ្នាំ (២០២៦-២០៥៦) ក្នុងការសាងសង់ផ្ទះឱ្យបាន ១០ម៉ឺនខ្នង ក្នុងគម្រោងចំនួន ៤៥គម្រោង រួមមានសាលារៀន ៤៥កន្លែង មន្ទីរពេទ្យ ៤៥កន្លែង ផ្សារ ៤៥កន្លែង និងកន្លែងលេងកីឡាចម្រុះ ៤៥កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងអាចទៅបរទេសទៀតនោះ ការឡើងផ្សារភាគហ៊ុននៅកម្ពុជា និងបរទេស ដើម្បីឱ្យមានអ្នកចូលហ៊ុនរាប់ម៉ឺននាក់ ឬសែននាក់ គឺជាជម្រើសដែលល្អបំផុតសម្រាប់ក្រុមហ៊ុន បុរីវិមានសំណាង ។
ឯឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា កាលពីសម័យមុន ពលរដ្ឋខ្មែរតែងទិញផ្ទះ ទិញដី ទុកចែកកូនចៅ ប៉ុន្តែសម័យទំនើបនេះ គួរទិញមូលបត្រទុកឱ្យកូន ដោយអាចជ្រើសរើសរកក្រុមហ៊ុនបោះផ្សាយមូលបត្រណាដែលមានទំនោរឡើងថ្លៃនៅពេលអនាគត ។ ដូច្នេះ នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយដែលដាក់លក់ក្នុងផ្សារមូលបត្រឡើងថ្លៃ ហើយចង់ផ្ទេរឱ្យកូនចៅ គឺអាចធ្វើការផ្ទេរបានដូចគ្នានឹងផ្ទេរទ្រព្យសម្បត្តិផ្សេងៗដែរ ៕
