បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ភ្នំពេញ៖ កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះនៅក្នុងវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ ២០២៦ ដែលសហការរៀបចំឡើងដោយអង្គការខុនរ៉ាដ (KAS) សង្គមសេដ្ឋកិច្ចកម្ពុជា(ESC) និងគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម(TPAB)កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ នៅសណ្ឋាគារហៃយ៉ាត រាជធានីភ្នំពេញ។

Advertisement

លោកស្រី Yasmin Siddiqi បានថ្លែងបន្តថា មុនពេលមានវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចមួយដែលរីកចម្រើនលឿនបំផុត ដោយមានអត្រាកំណើនប្រចាំឆ្នាំចន្លោះពី ៥ ភាគរយ ទៅ ៧ ភាគរយ។ ក្នុងដំណាក់កាលស្តារឡើងវិញ កម្ពុជានៅតែបន្តបង្ហាញភាពរឹងមាំ ទោះបីជាមានការប៉ះទង្គិចពីខាងក្រៅ ដូចជាការបិទព្រំដែន ជម្លោះអន្តរជាតិ និងការដំឡើងពន្ធពាណិជ្ជកម្មពីប្រទេសផ្សេងៗក៏ដោយ។

លោកស្រីនាយិកា បានលើកឡើងថា៖

“ទោះបីជាមានសម្ពាធពីសេដ្ឋកិច្ចសកលក៏ដោយ ក៏កម្ពុជានៅតែត្រូវបានមើលឃើញថាជាប្រទេសដែលមានភាពរឹងមាំ និងមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងវិបត្តិបានយ៉ាងល្អប្រសើរ។”



លោកស្រីបានបន្តថា បញ្ហាប្រឈមថ្មីៗរួមមាន ឥទ្ធិពលពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ កម្ពុជាមានការពឹងផ្អែកខ្លាំងលើការដឹកជញ្ជូនតាមផ្លូវគោក ដូច្នេះនៅពេលដែលតម្លៃប្រេងអន្តរជាតិកើនឡើង វានឹងជះឥទ្ធិពលដល់តម្លៃដឹកជញ្ជូន និងតម្លៃទំនិញក្នុងស្រុក។ ADB បានកោតសរសើរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការប៉ះទង្គិចទាំងនេះ ជាពិសេសតាមរយៈការ កាត់បន្ថយអាករលើតម្លៃបន្ថែម (VAT) លើប្រេងឥន្ធនៈ ដើម្បីសម្រួលដល់ជីវភាពប្រជាជននិងអាជីវកម្ម។

លោកស្រីនាយិកាបានបង្ហើបថា ADB កំពុងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំកញ្ចប់ថវិកាគាំទ្រ (Budget Support Package) ដ៏រឹងមាំមួយ ដែលរំពឹងថានឹងប្រកាសក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោកស្រីបានបន្ថែមថា៖ ADB និងកម្ពុជាបានសហការគ្នាជាច្រើនក្នុងនោះមានវិស័យសំខាន់ៗចំនួន ៤ ដែលជាអាទិភាព៖ ១. អភិបាលកិច្ច និងការពង្រឹងគោលនយោបាយ៖ ADB កំពុងធ្វើការយ៉ាងជិតស្និទ្ធលើការបង្កើនសមត្ថភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈសន្ធិសញ្ញាតំបន់នានា រួមទាំង CPTPP ផងដែរក៏ដូចជាគោលដៅធ្វើពិពិធកម្មផលិតផលកម្ពុជា និងធានាថាទំនិញទាំងនោះអាចឈានទៅដល់ទីផ្សារពិភពលោកបានកាន់តែទូលំទូលាយ។

២. ការអភិវឌ្ឍ និងលើកកម្ពស់ជំនាញ៖ ADB កំពុងជំរុញឱ្យកម្ពុជាឆ្ពោះទៅកាន់ជំនាញតម្លៃបន្ថែមខ្ពស់ដោយ ផ្តោតសំខាន់លើជំនាញនាពេលអនាគត ដូចជា៖ ការផលិត( Manufacturing), បច្ចេកវិទ្យាឌីជីថល, និង ការកែច្នៃកសិផល។ ៣. សន្តិសុខថាមពល និងថាមពលកកើតឡើងវិញ៖ADB សហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីធានាសន្តិសុខថាមពល ខណៈពេលដែលពិភពលោកកំពុងជួបវិបត្តិជម្លោះ។កម្ពុជាមានចំណែកធំនៃថាមពលដែលបានមកពី ប្រភពកកើតឡើងវិញ ហើយ ADB កំពុងជួយតភ្ជាប់បណ្តាញអគ្គិសនីនេះទៅកាន់តំបន់។

៤. ការធ្វើសមាហរណកម្មតំបន់ និងវិស័យឯកជន៖ កម្ពុជាគ្រោងនឹង ចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៩។ដូច្នេះត្រូវការការពង្រឹងការតភ្ជាប់តាមរយៈភស្តុភារកម្ម (Logistics) និងការដឹកជញ្ជូនពហុមធ្យោបាយជាមួយប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម។ពង្រឹងវិស័យឯកជន ជាពិសេស សហគ្រាសធុនតូច និងខ្នាតមីក្រូ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ច។

ក្នុងអំឡុងវិបត្តិសាកលនិងភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម លោកស្រីក៏បានផ្តល់ជាអនុសាសន៍មួយចំនួនដល់កម្ពុជា ៖ • ការអប់រំ និងការបង្កើនជំនាញ៖ ដោយសារកម្ពុជាមានចំនួនប្រជាជនកើនឡើង វាមានសារៈសំខាន់ណាស់ក្នុងការធានាថាពួកគេទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនាពេលអនាគត។ • ការពង្រឹងវិស័យឯកជន៖ វិស័យឯកជនគឺជាអ្នកបង្កើតការងារសម្រាប់ពេលអនាគត រួមទាំងការជំរុញឱ្យមាន “ការងារបៃតង” (green jobs) និងការបង្កើតបរិយាកាសការងារដែលរស់រវើក។ អភិបាលកិច្ចល្អ និងបរិយាកាសធុរកិច្ច៖ ការមានច្បាប់ទម្លាប់ច្បាស់លាស់សម្រាប់អាជីវកម្ម ភាពងាយស្រួលក្នុងការចុះបញ្ជីក្រុមហ៊ុន ក៏ដូចជាការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសគឺជាកត្តាចាំបាច់។ និង• កិច្ចសហប្រតិបត្តិការ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងធនាគារឯកជននានា ដើម្បីគាំទ្រលើផ្នែកគោលនយោបាយ និងហិរញ្ញប្បទានបៃតង។

នៅក្នុងវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ ២០២៦ នេះដែរ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានថ្លែងថា៖

“បើទោះបីជាកម្ពុជា បានឆ្លងកាត់នូវវិបត្តិជាច្រើនលើកច្រើនសារ ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវភាពធន់ ពោលគឺសេដ្ឋកិច្ចកម្ពុជានៅតែមានលំនឹង និងមានកំណើនគួរឱ្យកត់សម្គាល់។”

ឯកឧត្តមបានកត់សម្គាល់ថា ក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ មានប្រទេសជាច្រើនបានរងផលប៉ះពាល់សេដ្ឋកិច្ច ហើយក្រោយមកកើតមាន វិបត្តិកូវីដ ១៩ បានប៉ះពាល់ដល់វិស័យយ៉ាងច្រើនជាពិសេសវិស័យទេសចរណ៍។ លើសពីនេះទៅទៀត ថ្មីៗនេះកម្ពុជាបានជួបវិបត្តិថ្មីបន្ថែមទៀត គឺជម្លោះព្រំដែនកម្ពុជា-ថៃ និងចុងក្រោយនេះ វិបត្តិសង្រ្គាមនៅមជ្ឈឹមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។ តែយ៉ាងណាសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់។

ឯកឧត្តមបានបញ្ជាក់ថា៖ សូម្បីតែអ្នកជំនាញអន្តរជាតិ ក៏ទទួលស្គាល់នូវភាពធន់របស់កម្ពុជាផងដែរ ដោយសារតែសេដ្ឋកិច្ចនៅតែមានកំណើនល្អ ការនាំចេញបាននូវកំណើនគួរឱ្យកត់​សម្គាល់៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា