បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ភ្នំពេញ ៖ តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ។

Advertisement

លោក សុខ ទៀង ម្ចាស់ដេប៉ូលក់ជីកសិកម្មមួយកន្លែងស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់សារព័ត៌មាន AMS នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះថា ខាងក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់ជីកសិកម្មបានជូនដំណឹងថា សម្រាប់ការបញ្ជារទិញនៅពេលបន្ទាប់នេះ នឹងមានការដំឡើងថ្លៃ ហើយអត្រាតម្លៃអាស្រ័យទៅតាមប្រភេទនៃជី។

 លោកបានបញ្ជាក់ថា ៖

«តម្លៃជីកសិកម្មអាចឡើងថ្លៃខុសគ្នាទៅតាមប្រភេទជី និងក្រុមហ៊ុន….ចំពោះប្រភេទជី DAP ឡើងថ្លៃបន្ថែម ៨០០០រៀលក្នុងមួយបាវ ទម្ងន់៥០គីឡូក្រាម ហើយជីអ៊ុយរ៉េ ឡើងថ្លៃបន្ថែម ៤០០០រៀលក្នុងមួយបាវ ខណៈដែលជី DAP ពីមុនតម្លៃ ១៦០ ០០០ រៀល ចំណែកជីអ៊ុយរ៉េ ពីមុនមានតម្លៃ ១២០ ០០០ រៀល»។

លោក យាវ សម្បត្តិ កសិកររស់នៅក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងមានដីស្រែរហូតដល់ ១៧ហិកតា បានបង្ហាញពីក្តីបារម្ភអំពីការឡើងថ្លៃជី ដោយអះអាងថា កាលពីឆ្នាំមុនតម្លៃស្រូវធ្លាក់ចុះបានធ្វើឱ្យកសិករខាតបង់បង់ខ្លាំង ខាតទាំងកម្លាំងពលកម្ម ខាតទាំងថ្លៃដើមនៃការផលិត ហើយប្រសិនបើថ្លៃជីឡើងថ្លៃខ្លាំងទៀតគឺកាន់តែធ្វើឱ្យកសិករជួបភាពប្រឈម។

លោកបានបន្តថា ៖

«ឆ្នាំនេះ ខ្ញុំជួលដីឱ្យគេចំនួន ៧ហិកតា ហើយដីនៅសល់គឺធ្វើដោយខ្លួនឯង ប៉ុន្តែខ្ញុំគ្រោងធ្វើតែម្ដងទេ ខុសពីឆ្នាំមុនធ្វើពីរដង ហើយយខាតក៏ធ្ងន់ដែរដោយសារតែតម្លៃស្រូវចុះថោក ដោយឡែកឆ្នាំនេះតម្លៃជីឡើងថ្លៃទៀត ដែលជាបញ្ហាកំពុងគិតថា គួរធ្វើស្រែ ឬអត់ »។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការឡើងតម្លៃជីកសិកម្មដូចដែលកសិករបានលើកឡើងខាងលើនេះ មន្ត្រីជំនាញផ្នែកគ្រប់គ្រងជីកសិកម្មនៅមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ។

លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានជីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានអះអាងថា មកទល់ពេលនេះ ជីកសិកម្មក្នុងស្រុកនៅរក្សាបានស្ថិរភាពតម្លៃនៅឡើយ ប៉ុន្តែតម្លៃក៏អាចមានការប្រែប្រួលប្រសិនបើមានការបញ្ជាទិញថ្មី

លោកបញ្ជាក់ថា ៖

«អ្វីដែលយើងមានគឺស្តុក២០២៥​ សម្រាប់ផ្គត់ផ្គង់ការដាំដុះឆ្នាំ២០២៦ ហើយបើសិនជាមានការនាំចូលមកថ្មី វាអាចមានតម្លៃប្រែប្រួល ហើយឥឡូវអ្នកផ្គត់ផ្គង់ក្រៅប្រទេសក៍ត្រៀមលក្ខណៈដូចគ្នាដែរ មានន័យថា ពួកគេនៅរង់ចាំមើលស្ថានភាពដូចគ្នា»។ 

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រឹមឆ្នាំ២០២៥ កម្ពុជាមានរោងចក្រផលិតជីកសិកម្មក្នុងស្រុកសរុបចំនួន ២៥ក្រុមហ៊ុន ដែលភាគច្រើជាក្រុមហ៊ុនផលិតជីសរីរាង្គ និងមានសមត្ថភាពផលិតសរុបបានប្រមាណ ១៨ម៉ឺនតោនក្នុងមួយឆ្នាំ។ ដោយឡែកនៅក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចូលជីកសិកម្មចំនួន ៩២៧ពាន់តោន គិតជាទឹកប្រាក់សរុបចំនួន ៤២០ លានដុល្លារសហរដ្ឋអាម៉េរិក ដែលប្រភពនាំចូលរួមមាន ប្រទេសវៀតណាម ថៃ កូរ៉េ ជប៉ុន និង ចិនជាដើម។

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា