បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាក់ចំណេញពីវិស័យ AI នឹងជំរុញឱ្យចំនួនមហាសេដ្ឋីពាន់លានកើនដល់ជិត ៤ ០០០ នាក់

ប្រាក់ចំណេញពីវិស័យ AI នឹងជំរុញឱ្យចំនួនមហាសេដ្ឋីពាន់លានកើនដល់ជិត ៤ ០០០ នាក់

របាយការណ៍ថ្មីមួយពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអន្តរជាតិដ៏ល្បី Knight Frank បានបង្ហាញថា ចំនួនមហាសេដ្ឋីកម្រិតពាន់លានដុល្លារនៅទូទាំងពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងដល់ជិត ៤ ០០០ នាក់នៅត្រឹមឆ្នាំ ២០៣១។

Advertisement

ប្រភពដដែលបានសរសេរថា តួលេខនេះជាអត្រាកើនឡើងប្រមាណជា ២៥ ភាគរយ ធៀបនឹងបច្ចុប្បន្នមានចំនួន ៣ ១១០ នាក់ ដោយចំនួនសរុបត្រូវបានព្យាករណ៍ថានឹងឡើងដល់ ៣ ៩១៥ នាក់ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

លោក Liam Bailey ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank បានលើកឡើងថា ការបង្កើតទ្រព្យសម្បត្តិក្នុងចំណោមសេដ្ឋី និងមហាសេដ្ឋីទាំងនោះត្រូវបានជំរុញខ្លាំង ដោយវិស័យបច្ចេកវិទ្យា។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត ឬAI គឺជាកម្លាំងចលករដ៏សំខាន់ ដោយកត់សម្គាល់ថា សមត្ថភាពក្នុងការពង្រីកទំហំអាជីវកម្មនាពេលបច្ចុប្បន្ន បានអនុញ្ញាតឱ្យអាជីវកម្មនានា អាចសន្សំទ្រព្យសម្បត្តិដ៏មហាសាលក្នុងល្បឿនយ៉ាងលឿនបំផុត។

ការស្រាវជ្រាវក៏បានបង្ហាញពីប្រទេសមួយចំនួនដែលត្រូវបានរំពឹងថា នឹងមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនបុគ្គលមានទ្រព្យសម្បត្តិស្ដុកស្តម្ភទាំងនោះ។​ នៅអារ៉ាប៊ីសាអូឌីត គេអាចព្យាករណ៍ថា មានការរីកចម្រើនលឿនបំផុត ដោយចំនួនមហាសេដ្ឋីនឹងកើនឡើងជាងទ្វេដងពី ២៣ នាក់ ដល់ ៦៥ នាក់នៅត្រឹមឆ្នាំ ២០៣១។ ប្រទេសប៉ូឡូញក៏ត្រូវបានរំពឹងថា នឹងមានចំនួនមហាសេដ្ឋីកើនឡើងជាងទ្វេដងដែរ គឺកើនពី ១៣ នាក់ ដល់ ២៩ នាក់។

ចំណែកឯ ស៊ុយអែតនឹងមានការកើនឡើង ៨១ ភាគរយ ពោលគឺកើនពី ៣២ នាក់ ដល់ ៥៨ នាក់ ខណៈប្រទេសរុស្ស៊ីនៅតែជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ក្រុមមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើន។ ទស្សនាវដ្តី Forbes បានស្រាវជ្រាវរកឃើញថា មហាសេដ្ឋីចំនួន ១៥៥ នាក់ក្នុងឆ្នាំ ២០២៦ ជាមួយនឹងទ្រព្យសម្បត្តិសរុបបំបែកកំណត់ត្រាប្រហែល ៦៩៦ ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីការកើនឡើងតម្លៃលោហៈ និងទំនិញប្រើប្រាស់នៅក្នុងទីផ្សាររុស្សីខ្លួនឯង។

បើពិនិត្យមើលលើការបែងចែកតាមតំបន់វិញ នៅអាមេរិកខាងជើងមានចំណែកទ្រព្យសម្បត្តិសកលធំជាងគេគឺ ៣៧ ភាគរយ បន្ទាប់មកគឺតំបន់អាស៊ីប៉ាស៊ីហ្វិកជិត ៣១ ភាគរយ និងអឺរ៉ុបជាង ២៥ ភាគរយ។

គួរឱ្យដឹងដែរថា ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃទ្រព្យសម្បត្តិយ៉ាងឆាប់រហ័សនេះ ទន្ទឹមគ្នានេះ គេអាចឃើញមានគម្លាតសង្គមដ៏គួរឱ្យកត់សម្គាល់ផងដែរ។ របាយការណ៍វិសមភាពពិភពលោកឆ្នាំ ២០២៦ ឬ World Inequality Report 2026 បានកត់សម្គាល់ថា មនុស្សតិចជាង ៦០០០០ នាក់ ឬប្រហែលត្រឹមតែ ០.០០១ភាគរយនៃចំនួនប្រជាជនពិភពលោកសរុប គឺជាអ្នកដែលអាចកាន់កាប់ទ្រព្យសម្បត្តិច្រើនជាង ៣ ដងនៃទ្រព្យសម្បត្តិរបស់ប្រជាជនពាក់កណ្តាលពិភពលោកបូកបញ្ចូលគ្នា៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា