យោងហោចណាស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៨ ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន ៣៦ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា បានសម្រេចដំឡើងតម្លៃសំបុត្រយន្តហោះ។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានឲ្យដឹងនៅថ្ងៃអង្គារនេះ។

យោងហោចណាស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៨ ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន ៣៦ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា បានសម្រេចដំឡើងតម្លៃសំបុត្រយន្តហោះ។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានឲ្យដឹងនៅថ្ងៃអង្គារនេះ។
ប្រភពដដែល បញ្ជាក់ថា ការឡើងថ្លៃជាមធ្យមភាគក្នុងរង្វង់ ២៤ ដុល្លារ ក្នុងសំបុត្រមួយសន្លឹក បើធៀបនឹងតម្លៃធម្មតាកាលពីពេលកន្លងទៅ។ មូលហេតុដោយសារប្រេងឥន្ធនៈពិភពលោកកំពុងហក់ឡើងខ្ពស់ ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
យោងតាមអាកាសចរណ៍ស៊ីវិល ផ្អែកលើការត្រួតពិនិត្យជាក់ស្តែង ការដំឡើងតម្លៃនេះមានកម្រិតខុសៗគ្នាលើចម្ងាយផ្លូវហោះហើរជិតឬឆ្ងាយ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ រួមមាន Air Cambodia, AirAsia Cambodia, Cambodia Airways, Sky Angkor Airlines បានដំឡើងថ្លៃចន្លោះពី ៥ ដុល្លារ ទៅ ៣២,៥ ដុល្លារ ដែលគិតជាមធ្យមភាគប្រមាណ ២១ ដុល្លារ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍បរទេស ដូចជា EVA Aire, Singapore Alines, Vietnam Airlines , PAL Express, Malaysia Airlines, Tukish Airlines មានការកើនឡើងជាមធ្យមភាគប្រមាណ ២៨ ដុល្លារ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន AMS ថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗមានសិទ្ធិក្នុងការសម្រេចចិត្តដំឡើង ឬបញ្ចុះតម្លៃសំបុត្រយន្តហោះទៅតាមស្ថានភាពជាក់ស្តែងនៃទីផ្សារ។
ទោះជាបែបនេះក្តី ឯកឧត្តម អះអាងថា មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀត មិនទាន់សម្រេចចិត្តតំឡើងថ្លៃសំបុត្រនៅឡើយ។ មួយវិញទៀត ឯកឧត្តម ជឿជាក់ថា តម្លៃសំបុត្រយន្តហោះនឹងវិលមកក្នុងតម្លៃដើមវិញ នៅពេលដែលតម្លៃថាមពលស្រុតចុះ៕ អត្ថបទ៖ ទួន សុផល
