បរទេស ៖ ផ្អែកតាមការស្រាវជ្រាវជាសកលមួយបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតស្រាបៀរ ស្រាក្រហម និងគ្រឿងស្រវឹងនានា បាន និងកំពុងប្រឈមនឹងការបាត់បង់តម្លៃទីផ្សារសរុបរាប់រយពាន់លានដុល្លារ ដោយសារការធ្លាក់ចុះនៃតម្រូវការពីអ្នកប្រើប្រាស់ ឬអ្នកទទួលទានពីសំណាក់យុវជនវ័យក្មេង Gen Z បើធៀបទៅនឹងមនុស្សជំនាន់មុនដែលចូលចិត្តទទួលទានគ្រឿងស្រវឹងច្រើន។
របាយការណ៍ស្រាវជ្រាវពីស្ថាប័ន Gallup poll ដកស្រង់ចេញផ្សាយដោយទស្សនាវដ្តី Forbe បញ្ជាក់ថា យុវវ័យដែលកើតនៅចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១២ ឬជាយុវជនជំនាន់ Z បានកាត់បន្ថយការទទួលទានគ្រឿងស្រវឹងខុសពីយុវជនជំនាន់មុន ដោយពួកគេគ្រាន់តែសាកល្បងដើម្បីចង់ដឹងរសជាតិ ឬ ទទួលអារម្មណ៍ថ្មី ប៉ុន្តែមិនយកជាទម្លាប់នោះទេ ព្រោះពួកគេយល់ដឹងអំពីសុខភាព និងនិន្នាការនៃរបៀបរស់នៅ។
មនុស្សវ័យ Gen Z ភាគច្រើនគិតគូរសុខភាពរាងកាយជាសំខាន់ ជាពិសេសការគ្រប់គ្រងទម្ងន់ សម្រស់ និងស្មារតីចងចាំ។ ទន្ទឹមនឹងនេះ សម្ពាធសេដ្ឋកិច្ចក៏មានចំណែកផងដែរ ដោយសារអតិផរណានៃថ្លៃទំនិញ ភាពតានតឹងពាណិជ្ជកម្ម និងតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សារសំខាន់ៗ ដែលធ្វើឲ្យគ្រឿងស្រវឹងមានតម្លៃថ្លៃជាងមុន។ ជាក់ស្តែង នៅតាមទីប្រជុំជនមួយចំនួន ឬអាហារដ្ឋានបែបវេស្ទឺន ស្រាក្រឡុក (Cocktail) មានតម្លៃប្រមាណ ១០ដុល្លារ ឬ ថ្លៃជាងនេះ ដែលធ្វើឲ្យពួកគេស្វែងរកជម្រើសផ្សេងដែលមានតម្លៃថោកជាង ដូចជា សូដា ឬ mocktail ជាដើម។ យ៉ាងណាក៏ដោយ ទោះបីជាពួកគេទទួលទានស្រា ប៉ុន្តែពួកគេនៅតែប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការចំណាយទៅលើជាតិអាល់កុល ធៀបទៅនឹងការចំណាយទៅលើសុខភាពជាសំខាន់។ មិនត្រឹមតែប៉ុណ្ណោះ វ័យ Gen Z មានជម្រើសច្រើនក្នុងការជួបជុំ បង្កភាពសប្បាយជាមួយនឹងមិត្តភក្តិ ដូចជា ការលេងល្បែងក្មេងៗ ការដើរលេងតាមហាងកាហ្វេ ឬ កន្លែងស្អាតៗ ដែលល្បីតាមអ៊ីនធើណិត។
យោងតាមប្រភពពី South China Morning Post បានបង្ហាញថា និន្នាការនៃការទទួលទានគ្រឿងស្រវឹងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងនៅឆ្នាំ២០២៤ នារយៈពេលជាង ៦០ ឆ្នាំ។ វប្បធម៌នៃការទទួលទានស្រា ឬគ្រឿងស្រវឹងរបស់វ័យ Gen Z ខុសពីជំនាន់មុន ដោយសារភាគច្រើនពួកគេទទួលទានតែពេលដើរលេងនៅយប់ថ្ងៃចុងសប្ដាហ៍ ឬ កម្មវិធីណាមួយជាក់លាក់ជាជាងការទទួលទានស្រាជាប្រចាំជាមួយនឹងអាហារពេលល្ងាច ឬ ស្រាបៀរបន្ទាប់ពីធ្វើការយប់។
សារព័ត៌មានដដែលបញ្ជាក់ថា ស្ទើរតែ ៤៤% នៃជនជាតិជប៉ុន វ័យជាង ២០ ឆ្នាំមិនផឹកស្រាទេ ខណៈដែល ១៦% ទទួលទានយូរៗម្តង ដែលធ្វើឱ្យឧស្សាហកម្មគ្រឿងស្រវឹងរបស់ជប៉ុនមានភាពរអាក់រអួល និងប្រឈមទៅនឹងការផ្លាស់ប្តូរនៃនិន្នាការបរិបថសង្គមថ្មី។ ទន្ទឹមនឹងនេះ Business Insider ក៏បានបង្ហាញពីការស្ទង់មតិថ្មីមួយទៅលើមនុស្សវ័យក្មេងនៅអាម៉េរិក ដោយ ៧២% បដិសេធមិនទទួលភេសជ្ជៈមានជាតិអាល់កុល និង ៨៦% ជ្រើសរើសជម្រើសភេសជ្ជៈដែលគ្មានជាតិអាល់កុលនៅកម្មវិធីជប់លៀង។ ជាការកត់សម្គាល់ ពលរដ្ឋអាម៉េរិកដែលមានអាយុក្រោម ៣៥ ឆ្នាំ ភាគច្រើនតែងទទួលទានភេសជ្ជៈដែលមានជាតិអាល់កុលតិច ឬ គ្មានជាតិអាល់កុលតែម្តង។
ដោយឡែក ប្រភពពី Bloomberg បានបង្ហាញពីសន្ទស្សន៍តាមដានក្រុមហ៊ុនផលិតគ្រឿងស្រវឹងចំនួន ៥០ មានការធ្លាក់ចុះតម្លៃទីផ្សារសរុប ៤៦% ឬ ប្រហែល ៨៣០ លានដុល្លារពីកម្រិតកំពូលរបស់ពួកគេនៅឆ្នាំ២០២១។ ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម អ្នកផលិតជាច្រើនកំពុងពង្រីកខ្លួនដោយងាកទៅរកជម្រើសផលិតភេសជ្ជៈគ្មានជាតិអាល់កុល និងជាតិអាល់កុលទាប ខណៈដែលម៉ាកយីហោមួយចំនួនកំពុងកាត់បន្ថយការចំណាយ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាពិសោធន៍ជាមួយយុទ្ធសាស្ត្រទីផ្សារថ្មី ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបទដ្ឋានសង្គម។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមបារ៍ ឬ ក្លឹបកម្សាន្តពេលរាត្រីមួយចំនួន ក៏បង្កើតម៉ឺនុយ (មុខម្ហូប ឬភេសជ្ជៈ) ថ្មីៗ រួមជាមួយនឹងការរៀបចំទីកន្លែងរបស់ខ្លួនឡើងវិញ ដែលអាចសម្របទៅនឹងចំំណូលចិត្តរបស់មនុស្សវ័យ Gen Z នាពេលបច្ចុប្បន្ន និងបន្តទៅអនាគត៕