Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាម៉េរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាម៉េរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមការឱ្យដឹងពីលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia PLC ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗ ដោយបានលើកឡើងពីជំហានឆ្ពោះទៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងពង្រីកការវិនិយោគផ្សេងៗទៀតរបស់ក្រុមហ៊ុននៅកម្ពុជា។
រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់ផលិតកម្ម ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្មដែលត្រូវយកគ្រឿងបង្គុំស្រាប់មកដំឡើងដើម្បីសម្រេចចេញជារថយន្តមួយ។
ជំហានបន្ទាប់នេះ ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារ និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត Incomplete Knock-Down (IKD-1) ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា ដែលជាសង្វាក់ផលិតកម្ម កម្រិត IKD-1 នេះ ហៅថា សង្វាក់ផលិតកម្ម «ផលិត» ។
លោកបណ្ឌិត សួន ម៉ិ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា មើលឃើញថា ការបណ្តាក់ទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុនខាងលើ ជាសញ្ញាណវិជ្ជមានដ៍ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញវិនិយោគចូលមកបណ្តាក់ទុនថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យៗសំខាន់ ដែលមានវិស័យឧស្សាជាវិស័យឈានមុខគេ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញ។
លោកបណ្ឌិត បានថ្លែងថា៖
“ការចូលមកបណ្តាក់ទុនរបស់អ្នកវិនិយោគនេះ ដោយសារមានទំនុកលើរដ្ឋាភិបាល ក៍ដូចជាគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើន ពិសេសរោងចក្រឧស្សាហកម្ម ទាំងផ្នែកផលិតផ្គង់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។”
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចមើលឃើញថា វត្តមាននៃរោងចក្រផលិតគ្រឿងបង្គុំរថយន្តនេះ មិនមែនគ្រាន់តែជាការបង្កើតរោងចក្រធម្មតាមួយនោះទេ ប៉ុន្តែវាជាចំណុចរបត់យុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ចជាតិថែមទៀត។ លោកបណ្ឌិតថា៖
“ការបង្កើតរោងចក្រផលិតគ្រឿងបង្គុំក្នុងស្រុក នឹងជួយបំពេញចន្លោះប្រហោងនៃខ្សែច្រវាក់ផ្គត់ផ្គង់ ធ្វើឱ្យកម្ពុជាក្លាយជាប្រភពស្វ័យគ្រប់គ្រងផ្នែកឧស្សាហកម្មយានយន្តមួយកម្រិតទៀត។”
នៅពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងការប្រែប្រួល (ដូចជាការកែសម្រួលការព្យាករណ៍កំណើន GDP មកនៅត្រឹម ៤.២ ភាគរយ ក្នុងឆ្នាំ២០២៦ ដោយសារកត្តាប្រឈមខាងក្រៅ) វិស័យឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យាកម្រិតមធ្យម-ខ្ពស់ បែបនេះនឹងក្លាយជា «ម៉ាស៊ីនកំណើនថ្មី» ជួយទប់លំនឹងសេដ្ឋកិច្ចមិនឱ្យពឹងផ្អែកតែលើវិស័យប្រពៃណីដូចជាកាត់ដេរ ឬកសិកម្មឡើយ។
អ្នកជំនាញមើលឃើញថា ការបង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងបង្អស់នេះ គឺជាជំហានថ្មីមួយកម្រិតទៀត នៃវិស័យយានយន្តនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើរឆ្ពោះទៅរកការអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់។
បើតាមក្រសួងឧស្សាហកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាបង្ហាញថា គិតគ្រឹមត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ កំពុងមានដំណើរការសង្វាក់ផលិតកម្ម ជាមួយនឹងសមិទ្ឋិផលសម្រេចបាន ៣១ ៤៦៣ គ្រឿង ខណៈដែលក្នុងឆ្នាំ ២០២៥ សម្រេចបានចំនួន ១៥ ៦១២ គ្រឿងសម្រាប់ផ្គង់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ៕
