ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។
លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច យល់ឃើញថា ការព្យាករណ៍នេះបង្ហាញថា កម្រិតអតិផរណានៅកម្ពុជាមានកម្រិតខ្ពស់។
លោកស្រីបណ្ឌិត បានថ្លែងថា៖
“អតិផរណានេះរៀងខ្ពស់បន្តិចហើយ។ តាមធម្មតាត្រឹមតែ ២,៥ ឬ ២,៥ ភាគរយ ហ្នឹងជារឿងធម្មតា។ ២,៩ភាគរយហ្នឹងគឺខ្ពស់បន្តិចហើយ។”
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ រំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនលើសពី ៤,៩ ភាគរយ ហើយអត្រាអតិផរណាអាចនឹងថយចុះ ក្រោយបញ្ហាភូមិសាស្ត្រនយោបាយ ដែលទាក់ទងនឹងជម្លោះមជ្ឈិមបូព៌ា និងការរំខានការផ្គត់ផ្គង់ថាមពលពិភពលោកបានបញ្ចប់។
យោងតាមរបាយការណ៍ AMRO ដែលចេញផ្សាយនៅថ្ងៃចន្ទ ទី ៦ ខែមេសានេះ កម្រិតអតិផរណារបស់កម្ពុជានឹងធ្លាក់មកត្រឹម ២,៥ ភាគរយវិញ នៅឆ្នាំ ២០២៧។
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានដដែលបង្ហាញថា ប្រទេសមីយ៉ាន់ម៉ា មានអត្រាអតិផរណាខ្ពស់ជាងគេបង្អស់ក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅអាស៊ាន គឺរហូតដល់ ៣៤ ភាគរយ។ បន្ទាប់មកគឺ ប្រទេសឡាវ មានអត្រាអតិផរណា ៧,៨ ភាគរយ។ រីឯ ហ្វីលីពីន មានអត្រាអតិផរណា ៣,៩ ភាគរយ និងវៀតណាម មានអត្រាអតិផរណា ៣,៨ ភាគរយ។
ចំណែក ឥណ្ឌូនេស៊ី មានអតិផរណា ២,៨ ភាគរយ, ម៉ាឡេស៊ី មានអតិផរណា ២ ភាគរយ, សិង្ហបុរី មានអតិផរណា ១,៨ ភាគរយ, ថៃ មានអតិផរណា ១,១ ភាគរយ និងព្រុយណេ មានអតិផរណា ០,៨ ភាគរយ។
បើតាមការព្យាកររបស់ AMRO កំណើនអតិផរណារបស់បណ្ដាប្រទេសក្នុងអាស៊ានសុទ្ធតែរងសម្ពាធពីហានិភ័យភូមិសាស្ត្រនយោបាយ ដែលទាក់ទងនឹងជម្លោះមជ្ឈិមបូព៌ា និងការរំខានការផ្គត់ផ្គង់ថាមពលពិភពលោក។
យ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុង រង្វង់ ៥ ភាគរយ និងអត្រាអតិផរណាត្រឹម ២,៣ ភាគរយ ប៉ុណ្ណោះ សម្រាប់ឆ្នាំ ២០២៦ នេះ៕
អត្ថបទ៖ ខន ណារី AMS
