ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងក្តៅគគុក កម្ពុជាក៏កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃយ៉ាងសកម្មផងដែរ។

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងក្តៅគគុក កម្ពុជាក៏កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃយ៉ាងសកម្មផងដែរ។
សម្តេចតេជោ ហ៊ុន សែន ត្រូវគេមើលឃើញថា បានជំរុញ និងក្រើនរំលឹកជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះដែលធ្វើឲ្យចលនាប្រឆាំងនឹងទំនិញខុសច្បាប់ពីប្រទេសថៃស្ថិតក្នុងរបៀបវីរៈស្រុះគ្នាមួយរបស់អាជ្ញាធរតាមបណ្តារាជធានី ខេត្ត។
ផលិតផលថៃជាង ២០០តោនត្រូវបានរកឃើញក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះសម្តេចប្រមុខរដ្ឋស្តីទី ក៏បានស្នើឲ្យបណ្តាខេត្តជាប់ព្រំដែនត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់ការលួចនាំចូលទំនិញពីប្រទេសដែលត្រូវបានមើលឃើញថាបង្កសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជានេះ។ ជាមួយគ្នានេះសម្តេចក៏បានព្រមានឲ្យចាត់វិធានការផ្លូវច្បាប់លើមន្ត្រី និងអ្នកនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ការប្រឆាំងទំនិញខុសច្បាប់ពីប្រទេសថៃ គឺជារឿងត្រឹមត្រូវសម្រាប់ការពារផលប្រយោជន៍ជាតិ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ទំនិញខុសច្បាប់ ជាពិសេសសាច់បង្កកខុសច្បាប់ពីប្រទេសថៃ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈប៉ុណ្ណោះទេ វាថែមទាំងទម្លាក់តម្លៃទីផ្សារសាច់ក្នុងស្រុកផងដែរ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា វិធានការរបស់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ កសិករ និងជាការឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់ប្រទេសថៃ និងព្រមទាំងជាការព្រមានដល់មន្ត្រីខិលខូចផងដែរ។
ស្របពេលដែលអាជ្ញាធរជំរុញការបង្ក្រាបទំនិញខុសច្បាប់ពីប្រទេសថៃ ប្រជាពលរដ្ឋបានចាប់ផ្តើមពហិការទំនិញថៃជាច្រើនចាប់តាំងពីប្រទេសនេះបានប្រើប្រាស់កម្លាំងយោធាពង្វាតយកទឹកដីកម្ពុជាតាមតំបន់ព្រំដែនជាច្រើនកន្លែងក្នុងអំឡុងឆ្នាំ ២០២៥។ ពលរដ្ឋ និងកងទ័ពកម្ពុជាជាច្រើនបានស្លាប់បាត់បង់ជីវិត។ ពលរដ្ឋរាប់ម៉ឺននាក់ទៀត បានបាត់បង់ទីជម្រកដោយសង្គ្រាមវាតយកទឹកដីនេះ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា យុទ្ធនាការបង្ក្រាបទំនិញខុសច្បាប់ពីប្រទេសថៃ មិនមែនជាដាក់សម្ពាធនយោបាយ ឬគាបសង្កត់ពាណិជ្ជកម្មជាមួយថៃនោះទេ តែផ្ទុយទៅវិញវាបានក្លាយជាសង្គ្រាមពាណិជ្ជកម្មដែលប្រទេសថៃបានធ្វើមកលើកម្ពុជាមុន បន្ទាប់ពីថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិជាមួយកម្ពុជាជាឯកតោភាគី។
អ្នកឧកញ៉ា លឹម ហេង ៖ ប្រសិនជាស្មារតីពហិកាយើងបានជោគជ័យ គឺមិនខុសពីយើងឈ្នះសង្គ្រាមពាណិជ្ជកម្មជាមួយថៃ ពិតមែនថាសេដ្ឋកិច្ចថៃធំជាងយើង ការធ្វើពហិកាទំនិញថៃ នឹងធ្វើឱ្យថៃប៉ះពាល់សេដ្ឋកិច្ចមួយចំនួនផងដែរ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ស្របជាមួយការយល់ឃើញរបស់អ្នកឧកញ៉ា លឹម ហេង នេះដែរ។
ប្រទេសមីយ៉ាន់ម៉ា បានធ្វើការរឹតត្បឹតចំពោះការនាំចូលទំនិញពីប្រទេសថៃ ក្រោយពីបិទព្រំដែនជាមួយថៃ ខណៈប្រទេសម៉ាឡេស៊ី កាលពីដើមខែមិថុនានេះបានផ្អាកនាំចូលគ្រឿងសមុទ្រ បង្កង និងបង្គា ពីប្រទេសថៃផងដែរ។
លោកបណ្ឌិត ញិល រដ្ឋា វាយតម្លៃថា វិធានការរបស់កម្ពុជាប្រឆាំងទំនិញពីប្រទេសថៃ អាចនឹងធ្វើឱ្យតម្លៃសាច់ស្រស់ក្នុងស្រុកហក់ឡើងបន្តិចបន្តួច ប៉ុន្តែទោះបីយ៉ាងណាការឡើងថ្លៃនេះនឹងលើកទឹកចិត្តឱ្យកសិករខ្មែរបង្កើនការចិញ្ចឹមសត្វឡើងវិញ។ នៅពេលការផ្គត់ផ្គង់ក្នុងស្រុកមានស្ថិរភាព និងគ្រប់គ្រាន់ តម្លៃទីផ្សារនឹងវិលត្រឡប់មកជាមានលំនឹងវិញ។
អ្នកជំនាញចង់ឱ្យរាជរដ្ឋាភិបាលបង្កើតអនុក្រឹត្យច្បាប់មួយដើម្បីដាក់ទោសទណ្ឌធ្ងន់ធ្ងរចំពោះបុគ្គលដែលនាំចូលសាច់បង្កកខុសច្បាប់ និងអនុវត្តច្បាប់ចំពោះមន្ត្រីដែលបណ្តែតបណ្តោយឱ្យមានទំនិញថៃខុសច្បាប់។ លើសពីនេះពួកគេ ស្នើឲ្យមានឆន្ទៈស្នេហាជាតិគាំទ្រលើទំនិញ និងផលិតផលក្នុងស្រុកឲ្យកាន់តែផុលផុសខ្លាំងក្លាបន្ថែមទៀត៕
អត្ថបទ៖ សៅ សុខអេង
