ប្រទេសកម្ពុជា និងថៃ ដែលធ្លាប់បានពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគផ្ទាល់ពីបរទេស ការធ្វើចំណាកស្រុករបស់ពលករ និងទេសចរណ៍ នៅពេលនេះ បានធ្លាក់ចូលក្នុងវិបត្តិ និងទាមទារឱ្យប្រទេសទាំងពីរស្ដារទំនុកចិត្តលើគ្នាឡើងវិញ ក្រោយពីជម្លោះព្រំដែនយ៉ាងហឹង្សា កាលពីឆ្នាំ ២០២៥។
ផលវិបាកដែលសំខាន់ក្នុងពេលនេះ គឺបានធ្លាក់មកលើប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ពាណិជ្ជកម្មផ្លូវគោកត្រូវបានបិទខ្ទប់។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្នុងករណីដែលប្រទេសទាំងពីរមិនអាចស្ដារទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នាឡើងវិញ នោះប្រទេសទាំងពីរនឹងត្រូវប៉ះទង្គិច ហើយអ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺប្រទេសថៃ។
អ្នកឧកញ៉ា បានថ្លែងថា៖
“បើសិនជានយោបាយរបស់ប្រទេសទាំងពីរល្អដូចកាលប្រាយុទ្ធអូចា១០ឆ្នាំមុន សេដ្ឋកិច្ចនិងនយោបាយគឺល្អតែម្ដង។”
យោងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានធ្លាក់ចុះជិត ៤០ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៦ ដោយសារតែការបន្តបិទព្រំដែននៃប្រទេសទាំងពីរ។ ទំនិញកម្ពុជា នាំចេញទៅថៃធ្លាក់ចុះ ២៩ភាគរយ ខណៈទំនិញថៃនាំចូលកម្ពុជាធ្លាក់ចុះជាង ៤២ភាគរយ។
ប្រទេសថៃ គឺជាប្រភពនាំចូលដ៏សំខាន់បំផុតទី៣ របស់កម្ពុជា និងជាគោលដៅនាំចេញដ៏សំខាន់បំផុតទី៨ ក្នុងឆ្នាំ២០២៤ ហើយថៃក៏ជាអ្នកផ្គត់ផ្គង់ទំនិញសំខាន់ៗ ដល់កម្ពុជា ផងដែរ ដូចជា ប្រេង អាហារ ភេសជ្ជៈ និងយានជំនិះ។ ចំណែក ទំនិញដែលកម្ពុជានាំចូលទៅប្រទេសថៃវិញ មានដូចជា វត្ថុធាតុដើមកសិកម្ម កាកសំណល់លោហធាតុ ខ្សែភ្លើង និងគ្រឿងបន្លាស់អេឡិចត្រូនិច។
ក្រោយជម្លោះព្រំដែនពាណិជ្ជកម្មលើគោករវាងប្រទេសទាំងពីរបានធ្លាក់ចុះពី ១,៩ពាន់លានដុល្លារក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មកត្រឹម ០,៩ពាន់លានដុល្លារ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។
អត្ថបទស្រាវជ្រាវមួយរបស់ Fulcrum ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បង្ហាញថាការធ្លាក់ចុះមួយចំនួននៃលំហូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ ពាក់ព័ន្ធនឹងការរំខានដល់ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលលាតសន្ធឹងព្រំដែនរបស់ប្រទេសទាំងពីរ។ ក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនដែលកំពុងប្រតិបត្តិការក្នុងប្រទេសថៃ បានបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
មុនពេលមានជម្លោះ ក្រុមហ៊ុនដែលមានសកម្មភាពផលិតកម្មកម្រិតខ្ពស់នៅក្នុងប្រទេសថៃ បានអនុម័តយុទ្ធសាស្ត្រ Thailand Plus One ដោយពង្រីកដំណើរការដែលពឹងផ្អែកលើកម្លាំងពលកម្មទៅកាន់ប្រទេសជិតខាងដូចជាកម្ពុជា និងឡាវ។
យុទ្ធសាស្ត្រនេះ បានព្យាយាមបង្កើនបរិយាកាសស្ថិរភាព និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ព្រំដែន។ ក្រុមហ៊ុនដូចជា Yazaki Corporation, Nidec Corporation, NHK Spring (Japan), Toyota Tsusho, Western Digital និង Seagate បានដឹកជញ្ជូនគ្រឿងបន្លាស់ និងគ្រឿងបន្លាស់ឆ្លងកាត់ព្រំដែនតាមរយៈការដឹកជញ្ជូនតាមផ្លូវគោក។ ក្រុមហ៊ុន Yazaki ដែលផលិតខ្សែភ្លើងនៅតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង ក្បែរព្រំដែនកម្ពុជា បាននិងកំពុងដឹកជញ្ជូនផលិតផលតាមច្រកទ្វារក្នុងខេត្តត្រាត ភាគខាងកើតប្រទេសថៃ។
ក្រុមហ៊ុនតូចៗ ទំនងជារងផលប៉ះពាល់យ៉ាងខ្លាំងដោយការបិទព្រំដែន។ ក្រុមហ៊ុនចម្រុះជាតិសាសន៍ធំៗ គួរតែអាចផ្លាស់ប្តូរផ្នែកខ្លះនៃមធ្យោបាយដឹកជញ្ជូនរបស់ពួកគេពីផ្លូវគោកទៅសមុទ្រ និងការដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រុមហ៊ុនខ្លះដែលពាក់ព័ន្ធនឹងការផ្តល់សេវាក្រៅប្រទេសកំពុងពិចារណាផ្លាស់ប្តូរទៅប្រទេសថៃរួចហើយ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ មើលឃើញពីផលប្រយោជន៍រយៈពេលវែងរបស់កម្ពុជា និងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងររបស់ថៃ ជុំវិញសង្រ្គាមសេដ្ឋកិច្ច ដែលបណ្ដាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានកត់សម្គាល់ឃើញថាប្រទេសថៃ ហាក់ចាញ់ប្រៀបកម្ពុជា នៅក្នុងសង្រ្គាមសេដ្ឋកិច្ចនេះ ព្រោះកម្ពុជា មានទីផ្សារច្រើនជាងប្រទេសថៃ ដែលកន្លងមក ថៃពឹងផ្អែកខ្លាំងលើកម្ពុជា ក្នុងការនាំចេញទំនិញសំខាន់ៗ របស់ខ្លួន។
លោកបណ្ឌិត បានលើកឡើងថា៖
“នៅពេលកម្ពុជាប្ដូរប្រើប្រាស់ទំនិញផ្សេងឬទំនិញក្នុងស្រុកបានជោគជ័យ ថៃនឹងបាត់បង់ចំណូលប្រហែល៧ពាន់លានដុល្លារក្នុង១ឆ្នាំជារៀងរហូត។”
ជម្លោះព្រំដែនក៏បានប៉ះពាល់ដល់ប្រជាជន និងចលនាការងារផងដែរ។ ក្នុងឆ្នាំ២០២៤ ប្រជាជនថៃជាង ២លាននាក់បានមកលេងប្រទេសកម្ពុជា។ ភ្ញៀវទេសចរថៃ ធ្លាប់ឈរលើកំពូលតារាងក្នុងចំណោមទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាដែលមានចំនួន ៣៣ភាគរយ នៃភ្ញៀវអន្តរជាតិ។ សេដ្ឋកិច្ចប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាដោយចលនាពលកម្មឆ្លងព្រំដែន។
ជម្លោះព្រំដែនបានរំខានដល់លំហូរការងាររវាងប្រទេសទាំងពីរ។ ចំនួនពលករកម្ពុជា ផ្លូវការនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ២០ភាគរយ ពីជាង ៤៩ម៉ឺននាក់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មកនៅត្រឹមជាង ៣៩ម៉ឺននាក់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ ពលករខ្មែរដែលបន្តនៅប្រទេសថៃ ភាគច្រើនស្ថិតក្រោមកិច្ចសន្យារយៈពេលវែង។ ដ្បិតថា ពលករខ្មែរមួយចំនួនដែលកំពុងរស់នៅប្រទេសថៃ ព្រួយបារម្ភពីការខ្វះខាតឱកាសការងារ និងកម្រិតប្រាក់ឈ្នួលទាបនៅប្រទេសកំណើត ប៉ុន្តែ ប្រទេសថៃ ក៏ពិបាករកពលករមកពីប្រទេសផ្សេងទៀតដែរ។
លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកវិភាគសេដ្ឋកិច្ច គ្រាំទ្រឲ្យមានការស្ដារទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញ។ ប៉ុន្តែ លោកស្រីយល់ថាការស្ដារទំនាក់ទំនងឡើងវិញ លុះត្រាប្រទេសថៃ បញ្ឈប់ទង្វើឈ្លានពានលើប្រទេសកម្ពុជា។
លោកស្រីបណ្ឌិត ព្រុំ ទេវី បានថ្លែងថា៖
“បើគេនៅតែឈ្លានពានយើង ហើយយើងចង់រក្សាទំនាក់ទំនងជាមួយគេអាហ្នឹងវាបញ្ច្រាសសាច់រឿង។ ចឹងអ្វីក៏ដោយទាល់តែថៃឈប់សកម្មភាពឈ្លានពានយើងសិន។”
កាលពីថ្ងៃទី២០ មេសា ២០២៦ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងពីបំណងចង់ស្ដារទំនាក់ទំនងជាមួយប្រទេសកម្ពុជាឡើងវិញ នៅពេលមួយដែលថៃ បានត្រៀមខ្លួនរួចរាល់។
ប៉ុន្តែ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត យល់ឃើញថា ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្លាយជាជម្លោះដ៏រ៉ាំរ៉ៃនេះ មិនងាយនឹងស្ដារទំនាក់ទំនងឡើងវិញ និងមិនអាចវិលត្រឡប់មកធម្មតាវិញក្នុងពេលឆាប់ៗ នោះទេ។
លោក អ៊ូ វីរៈ បានឱ្យដឹងដូច្នេះថា៖
“រឿងជម្លោះកម្ពុជា-ថៃនេះ ជារឿងមួយរាំរ៉ៃ មិនអាចដោះស្រាយក្នុងពេលឆាប់ៗទេ។”
យោងតាមស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច សព្វថ្ងៃនេះ ពលករកម្ពុជា នៅតែមានចំនួនជិត ២២ ភាគរយ នៃពលករបរទេសផ្លូវការនៅក្នុងប្រទេសថៃ និងប្រហែល ១ ភាគរយ នៃកម្លាំងពលកម្មរបស់ប្រទេសនេះ។ ចំនួនពលករខ្មែរនៅប្រទេសថៃនៅតែបន្តកើនឡើង។ នេះឆ្លុះបញ្ចាំងពីលក្ខណៈដែលមានផលប្រយោជន៍ទៅវិញទៅមកនៃលំហូរពលកម្មរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ខន ណារី AMS