បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ផ្តល់ថវិកាជំនួយសម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីស្នាក់នៅ

ជប៉ុន ផ្តល់ថវិកាជំនួយសម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីស្នាក់នៅ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៣០១ ៩០៤ ដុល្លារអាម៉េរិក ដល់ស្ថាប័នទទួលជំនួយចំនួន ២ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំង ២ គឺ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា​។

នៅក្នុងកញ្ចប់រួមដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនក្នុងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) បានបែងចែកសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំក្នុងខេត្តបន្ទាយមានជ័យ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ទទួលជំនួយថវិកាចំនួន ២២០ ២១៦ ដុល្លារ អាម៉េរិក។ ចំណែកគម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌល​គិរី ទទួលបានជំនួយថវិកាចំនួន ៨១ ៦៨៨ ដុល្លារអាម៉េរិក។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា៖

«គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំក្នុងខេត្តបន្ទាយមានជ័យ ដែលអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ នឹងរួមចំណែកដល់ការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពដល់ប្រជាជនមូលដ្ឋានប្រមាណ ៦ ០០០នាក់ នៅទូទាំង៦ភូមិ ដែលនាំមកនូវការកែលម្អរផលិតកម្មកសិកម្ម ជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនមូលដ្ឋាន។ បន្ថែមពីនេះ រំពឹងថាគម្រោងនឹងគាំទ្រដល់ឱកាសការងារផ្នែកកសិកម្មសម្រាប់ប្រជាជនកម្ពុជាដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយសារស្ថានភាពព្រំដែនកម្ពុជា-ថៃ»។

ឯកឧត្តមឯកអគ្គរាជទូត បានឱ្យដឹងថា៖ សម្រាប់គម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី នឹងផ្តល់ឱ្យនិស្សិតស្រីនូវកន្លែងស្នាក់នៅប្រកបដោយផាសុកភាព ហើយឧបករណ៍ថ្មីនឹងផ្តល់ឱ្យនិស្សិតទាំងអស់នូវឱកាស ដើម្បីរៀននូវជំនាញវិជ្ជាជីវៈនានា ដែលនឹងជួយពួកគេក្នុងការស្វែងរកការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

លោក ឡាយ សុទ្ធី អនុប្រធានក្ដាប់រួមមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះថា៖ គម្រោងស្តារអូរធម្មជាតិ ស្រឡៅជ្រុំ មានទីតាំងស្ថិតនៅភាគខាងលិចឈៀងខាងត្បូង (និរតី) មានចំងាយប្រហែល ៥៧គ.ម ពីក្រុងសិរីសោភ័ណ នៃទីរួមខេត្តបន្ទាយមានជ័ និងមានចំងាយប្រហែល ៣៥ គ.ម ពីទីប្រជុំជន ក្រុងប៉ោយប៉ែត (នៅភាគអគ្នេយ៍)។ អូរធម្មជាតិនេះត្រូវបានប្រើប្រាស់តាំងតែពីឆ្នាំ១៩៧០ វាជាអូរទឹកធម្មជាតិដូចនេះប្រជាពលរដ្ឋបាន ប្រើប្រាស់ទឹកអូរនេះមានកម្រិត ដោយមានការថែទាំតិចតួចពីមន្ទីរ និងអ្នកភូមិផ្ទាល់។ បច្ចុប្បន្ន មានសភាពគោករាក់រួមតូច ជាច្រើនកន្លែង និងមិនទាន់មានគម្រោងស្តារ ឬកែលម្អ នៅឡើយ ស្របពេលដែលចំនួនផ្ទៃដី ដីកសិកម្ម និងចំនួនប្រជាពលរដ្ឋ បន្តកើនឡើងជាលំដាប់នៅក្នុងតំបន់ជាប់ដងអូរ ដែលបណ្តាលឲ្យ មានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់និងស្រោចស្រពដំណាំកសិកម្ម។ ហេតុដូច្នេះហើយមន្ទីធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ បានសហការ និងធ្វើការស្តារអូរធម្មជាតិនេះជាបន្ទាន់ រួមទាំងសាងសង់សំណង់សិល្បៈ ការ សម្រាប់រក្សាទឹកទុកប្រើប្រាស់ និងស្រោចស្រព ។

លោកបានបញ្ជាក់ថា៖ នៅក្រោយពេលគម្រោងត្រូវបានសាងសង់បញ្ចប់ យើងរំពឹងថាប្រជាពលរដ្ឋក្នុង៦ភូមិ អូរកេះ ស្រឡៅ ជ្រុំ ស្រឡៅជ្រុំត្បូង បឹងជង្រុក ថ្មបាំង និងព្រៃសហគមន៍ ក្នុងឃុំទួលពង្រ ចំនួន១៦០០គ្រួសារ មានមនុស្សរាយសរុប ៦៥០០នាក់ មានទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្រោចស្រពលើដំណាំកសិកម្មបានគ្រប់គ្រាន់ វានឹងបង្កើនបរិមាណកសិផលនិងបង្កើនប្រាក់ចំណូលរបស់កសិករ។

លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ ខេត្តមណ្ឌលគិរីមានក្រុមជនជាតិដើមភាគតិចច្រើន ហើយពួកគេរស់នៅតំបន់ភ្នំដែលនៅឆ្ងាយពីមជ្ឈមណ្ឌ ល​។ ដូច្នេះ ពួកគេត្រូវការស្នាក់នៅមជ្ឈមណ្ឌល ដែលតម្រូវឱ្យមជ្ឈមណ្ឌលមានកន្លែងស្នាក់នៅសមរម្យសម្រាប់ ពួកគេ។ ទោះបីជាមជ្ឈមណ្ឌលមានអគារសិក្សា និងកន្លែងស្នាក់នៅ ប៉ុន្តែបន្ទប់មានទំហំតូច និងសភាពចាស់។មិនតែប៉ុណ្ណោះ អន្តេវាសិកដ្ឋាននិស្សិតស្រីបច្ចុប្បន្នជាឃ្លាំងទេ តែត្រូវយកមកប្រើប្រាស់សម្រាប់សិស្សនារីស្នាក់នៅ។ អគារថ្មីត្រូវបានសាងសង់ដែរសម្រាប់ដោះស្រាយបញ្ហានេះ ប៉ុន្តែដោយសារតែខ្វះថវិកា អគារត្រូវបានផ្អាក ពុំបានសាងសង់បញ្ចប់ឡើយ។

លោកបានឱ្យដឹងថា៖

«ទោះបីជាមជ្ឈមណ្ឌលមានអគារមែន ប៉ុន្តែស្ថានភាពពុំសមស្រប ហើយអគារថ្មីពុំមានលិទ្ធភាព សាងសង់បញ្ចប់ទៀត។ មជ្ឈមណ្ឌលក៏មានឧបករណ៍មួយចំនួនដែរ ប៉ុន្តែឧបករណ៍ទាំងនោះត្រូវបានប្រើច្រើនឆ្នាំមក ហើយ ឬម៉ូដែលចាស់ពេក ដែលជាឧបសគ្គសម្រាប់ការបណ្តុះបណ្តាលវិជ្ជា ជីវៈប្រកបដោយប្រសិទ្ធភាព»។

លោកបានបញ្ជាក់ថា៖ ដោយមើលឃើញពីបញ្ហាប្រឈមខាងលើនេះ ទើបស្ថានទូតជប៉ុនបានសម្រេចផ្តល់ជំនួយសាងសង់បង្ហើយអគារស្នាក់នៅនេះ ក៏ដូចជាការដំឡើងបរិក្ខារសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រួលដល់ការលំបាករបស់ សិស្ស និស្សិតក្រីក្រ របស់ខេត្តមណ្ឌលគិរី។ ទង្វើនេះបានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនចំពោះព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រដល់សិស្សានុសិស្សក្នុងការទទួលបានឱកាសការងារកាន់តែប្រសើរឡើងតាមរយ:ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងអគារ ក៏ដូចជាឧបករណ៍ដែលគាំទ្រដោយគម្រោងនេះ ដោយសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលជប៉ុន ជាពិសេសស្ថានទូតជប៉ុននឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងខេត្តមណ្ឌលគិរី ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា