ធនាគារ អេភីឌី (APD Bank) បានប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបុគ្គល ឬស្ថាប័នពាក់ព័ន្ធណាមួយ ដែលបន្តផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធធនាគារ ខណៈធនាគារ អះអាងថា ខ្លួនកំពុងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយសមស្របជូនអតិថិជន និងធានាថា រាល់ប្រតិបត្តិការទាំងអស់របស់ធនាគារនឹងត្រលប់មកភាពប្រក្រតីវិញ។
ធនាគារ អេភីឌី បានចេញសេចក្តីជូនដំណឹងមួយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ ដោយបានបញ្ជាក់ថា ពេលកន្លងមកនេះ មានការផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិត ដែលមិនមានមូលដ្ឋានច្បាស់លាស់ស្តីពីការពាក់ព័ន្ធនឹងការដកអាជ្ញាបណ្ណពីសំណាក់ធនាគារជាតិនៃកម្ពុជា និងមានការបិទប្រតិបត្តិការរបស់ធនាគារ អេភីឌី នៅតែបន្តមានការផ្សព្វផ្សាយនៅឡើយតាមរយៈបណ្តាញសង្គម និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗក្នុងប្រទេសកម្ពុជា។
ដោយយោងស្របតាមសេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញ និងធ្វើការពន្យល់អំពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន និងភាពរឹងមាំនៃប្រព័ន្ធធនាគារនៅប្រទេសកម្ពុជា ជម្រាបជូនដល់អតិថិជន និងសាធារណជន ទាំងអស់រួចមកហើយដែរ។
ក្នុងន័យនេះ ធនាគារ អេភីឌី បានបញ្ជាក់ថា ៖
“យើងខ្ញុំសូមធ្វើការបដិសេធជាដាច់ខាតចំពោះព័ត៌មានទាំងនោះដែលមិនមានប្រភពច្បាស់លាស់ទាំងអស់ចោលទាំងស្រុង និងសូមបញ្ជាក់ជាថ្មីម្តងទៀតថា ព័ត៌មានដែលបានផ្សព្វផ្សាយទាំងអស់នោះ គឺមិនត្រឹមត្រូវស្របតាមស្ថានភាពពិតប្រាកដនៃធនាគារ អេភីឌី យើងខ្ញុំឡើយ”។
ហេតុដូចនេះ ធនាគារ អេភីឌី បានធ្វើការអំពាវនាវ និងប្រកាសជាសាធារណៈជូនដល់អតិថិជន សាធារណជន ភាគីពាក់ព័ន្ធជាទីគោរពទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិតទាំងអស់នេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីជូនដំណឹងខាងលើ ឱ្យដឹងទៀតថា ធនាគារ អេភីឌី សូមរក្សាសិទ្ធិធ្វើការប្រមូល និងរៀបចំភស្តុតាងពាក់ព័ន្ធនានា ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតប្រឆាំងនឹងបុគ្គល ឬស្ថាប័នពាក់ព័ន្ធណាមួយ ដែលបាននិងកំពុងបន្តផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិតខាងលើនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ធនាគារ អេភីឌី បានអះអាងថា ខ្លួនកំពុងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយសមស្របជូនអតិថិជន និងធានាថា រាល់ប្រតិបត្តិការទាំងអស់របស់ធនាគារនឹងត្រលប់មកភាពប្រក្រតីវិញ ព្រមទាំងប្តេជ្ញាការពារផលប្រយោជន៍របស់អតិថិជន និងរក្សានូវស្តង់ជានៃអភិបាលកិច្ច និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។
សមាគមទាំងពីរ បានឱ្យដឹងថា ការចែកចាយ និផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។
សមគមទាំងពីរ បានគូសបញ្ជាក់ថា ភាពរអាក់រអួរចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា (NBC) ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់៕