បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

បរទេស៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង។ នេះបើយោងតាមការរាយការណ៍ពី BBC។

Advertisement

បន្ទះឈីប គឺជាធាតុស្នូលដ៏សំខាន់មិនអាចខ្វះបាននៅក្នុងឧបករណ៍វៃឆ្លាតដូចជា ទូរស័ព្ទដៃជាដើម ប៉ុន្តែការកើនឡើងខ្លាំងនៃតម្រូវការផ្នែកបញ្ញាសិប្បនិម្មិត (AI) បានធ្វើឱ្យតម្លៃបន្ទះឈីបហក់ឡើងថ្លៃខ្ពស់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក Tim Cook នាយកប្រតិបត្តិដែលជិតលាលែងពីតំណែងរបស់ក្រុមហ៊ុន Apple ប្រាប់សារព័ត៌មាន Wall Street Journal ថា ក្រុមហ៊ុនមិនអាចជៀសពីការដំឡើងថ្លៃនេះបានឡើយ ដោយសារតែស្ថានភាពតម្លៃបន្ទះឈីបឈានដល់ចំណុចមិនអាចទប់ទល់បានទៀតទេ។

ទោះជាយ៉ាងណាក្តី លោកមិនបានបញ្ជាក់ថា តម្លៃនឹងត្រូវដំឡើងនៅពេលណា ឬ ផលិតផលណាខ្លះដែលនឹងត្រូវរងផលប៉ះពាល់នោះទេ? គេក៏មិនទាន់ច្បាស់ដែរថា ការដំឡើងថ្លៃនេះនឹងប៉ះពាល់ដល់ទូរស័ព្ទ iPhone 18 ដែលរំពឹងថានឹងត្រូវដាក់លក់ក្នុងខែកញ្ញាខាងមុខនេះ ឬយ៉ាងណា?

បន្ទាប់ពីមានការថ្លែងបែបនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump លើកឡើងថា ក្រុមហ៊ុន Apple យល់ព្រមសហការជាមួយក្រុមហ៊ុន Intel ដើម្បីផលិតបន្ទះឈីបរបស់ខ្លួននៅក្នុងអាម៉េរិក។ លោកបានសរសេរនៅ Truth Social ថា៖ “ខ្ញុំសម្រេចចិត្តជួយក្រុមហ៊ុន Intel ពីព្រោះយើងត្រូវការរចនា និងផលិតបន្ទះឈីបរបស់យើងនៅក្នុងទឹកដីអាម៉េរិក។” កាលពីខែសីហាកន្លងទៅនេះ រដ្ឋបាលរបស់លោក Trump ប្រកាសថា រដ្ឋាភិបាលនឹងចូលរួមចំណែកទិញភាគហ៊ុនចំនួន ១០ ភាគរយនៅក្នុងក្រុមហ៊ុន Intel។

នៅក្នុងបទសម្ភាសន៍ជាមួយ WSJ ដដែល លោក Tim Cook និយាយថា៖

“យើងកំពុងធ្វើការអស់ពីសមត្ថភាពដើម្បីកាត់បន្ថយសម្ពាធពីការកើនឡើងថ្លៃយ៉ាងខ្លាំង ដែលរាលដាលមកលើ Apple ហើយយើងក៏បានព្យាយាមការពារអតិថិជនពីការដំឡើងថ្លៃនេះដែរ ប៉ុន្តែស្ថានភាពពេលនេះបានឈានដល់ចំណុចមិនអាចទ្រាំទ្របានទៀតនោះទេ។ ការផ្គត់ផ្គង់មានកម្រិតតិចតួច ចំពេលដែលអ្នកប្រើប្រាស់មានតម្រូវការផលិតផលខ្លាំង ខណៈដែលភាគីផលិតឈីបក៏កំពុងដំឡើងថ្លៃយ៉ាងខ្លាំងដូចគ្នា។ យើងពិតជាត្រូវការឱ្យតម្លៃ និងការផ្គត់ផ្គង់បន្ទះឈីបត្រឡប់មកកម្រិតសមរម្យឡើងវិញសម្រាប់ផលិតផលប្រើប្រាស់ទូទៅ។ នេះជាចំណុចដ៏សំខាន់។”

សូម្បីតែឈីបប្រភេទ Ram ដែលធម្មតាមានតម្លៃថោកបំផុតនោះ ក៏បានឡើងថ្លៃជាងទ្វេដងចាប់តាំងពីខែតុលា ឆ្នាំ ២០២៥ មកម្ល៉េះ។ ក្រៅពីការកើនឡើងនៃតម្រូវការផ្នែកបញ្ញាសិប្បនិម្មិ (AI) សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងរំខានដល់ការផ្គត់ផ្គង់ឧស្ម័នអេល្យូម ដែលមានសារៈសំខាន់ខ្លាំងក្នុងការផលិតឈីបពាក់កណ្តាលចម្លង ឬ Semiconductors។ បញ្ហានេះកាន់តែធ្វើឱ្យតម្លៃបន្ទះឈីបកាន់តែឡើងថ្លៃថែមទៀត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនស្រាវជ្រាវ Omdia ព្យាករណ៍ថា តម្លៃលក់ទូរស័ព្ទស្មាតហ្វូនទូទាំងពិភពលោក ត្រូវអាចនឹងឡើងថ្លៃជាមធ្យមប្រហែល ២០ ភាគរយក្នុងឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

លោក Chiew Le Xuan អ្នកវិភាគទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Omdia លើកឡើងថា ទូរស័ព្ទស៊េរីថ្មីរបស់ Apple អាចនឹងមានតម្លៃថ្លៃជាងមុនរហូតដល់ ១៥០ ដុល្លារ បើធៀបនឹង iPhone 17 ដោយសារតែក្រុមហ៊ុនត្រៀមនឹងដំឡើងកម្រិតបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីគាំទ្រដល់មុខងារ AI ថ្មីៗ។ ម៉ាកទូរស័ព្ទស្មាតហ្វូនភាគច្រើនបានដំឡើងថ្លៃ រឹតត្បិតកម្មវិធីបញ្ចុះតម្លៃ ឬកាត់បន្ថយលក្ខណៈបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតក៏បានបង្ហាញពីសម្ពាធនៅក្នុងឧស្សាហកម្មផលិតបន្ទះឈីបនេះផងដែរ។ ក្រុមហ៊ុនផលិតឈីបរបស់កោះតៃវ៉ាន់ TSMC មិនបដិសេធអំពីលទ្ធភាពនៃការដំឡើងថ្លៃនោះទេ ខណៈដែលអតិផរណាកំពុងជំរុញឱ្យថ្លៃដើមរបស់ខ្លួនកើនឡើង។

ក្រុមហ៊ុន TSMC គឺជាអ្នកផលិតបន្ទះឈីបកម្រិតខ្ពស់បំផុតទៅតាមការរចនាពីក្រុមហ៊ុនល្បីៗដូចជា Apple, Nvidia និង AMD ជាដើម។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Samsung ក៏ព្យាករណ៍អំពីកង្វះខាតការផ្គត់ផ្គង់បន្ទះឈីបជាសកល ដែលនឹងជំរុញឱ្យឧបករណ៍អេឡិចត្រូនិកមានតម្លៃកាន់តែថ្លៃទៅតាមនោះដែរ។

កាលពីខែមេសា ក្រុមហ៊ុន Sony បានដំឡើងថ្លៃម៉ាស៊ីនហ្គេម PlayStation 5 របស់ខ្លួនបន្ថែម ៩០ ផោននៅក្នុងចក្រភពអង់គ្លេស និង ១០០ ដុល្លារនៅក្នុងអាម៉េរិក ដោយសារការកើនឡើងនៃសម្ពាធសេដ្ឋកិច្ចសកល។ ក្រោយមក ក្រុមហ៊ុន Nintendo ប្រកាសអំពីដំឡើងថ្លៃម៉ាស៊ីនហ្គេម Switch 2 ចាប់ពីខែកញ្ញាខាងមុខនេះតទៅ ដោយសារតែការផ្លាស់ប្តូរនៃលក្ខខណ្ឌទីផ្សារ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា