ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)»។ ពិធីសម្ពោធដាក់ឲ្យអនុវត្តកម្មវិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា(ភ្នំពេញ) ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុនឯកជនពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ(ARDB) បានថ្លែងសារបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ហៅកាត់ថាកម្មវិធី(CCFF) គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ីសម្រាប់វិស័យឯកជន ដែលទទួលបានមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) ដោយមានទំហំមូលនិធិសរុបប្រមាណ ១០៩ លានដុល្លារអាម៉េរិក ក្នុងនោះឥណទានចំនួន ៥០ លានដុល្លារអាម៉េរិក និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ដោយមូលនិធិ GCF និងហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាម៉េរិក បានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ឯកឧត្តមបញ្ជាក់បន្ថែមថា ៖
«កម្មវិធី CCFF មានគោលបំណងសំខាន់ក្នុងការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។»
លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជាក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានហៅពិធីនេះថា ជាគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលមានគោលបំណងរួមចំណែកកាត់បន្ថយហានិភ័យអាកាសធាតុ តាមរយៈការផ្តល់ឥណទានដែលមានអត្រាការប្រាក់សម្បទាន និងរយៈពេលវែងដល់ម្ចាស់អាជីវកម្មបៃតង។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ដោយមានការកើនឡើងនៃការប្រែប្រួលអាកាសធាតុជាសកល រាជរដ្ឋាភិបាលបានផ្តល់ឥណទានកាន់តែខ្ពស់ ក្នុងការការពារ និងជំរុញកំណើនបៃតង ដើម្បីធានានូវសន្តិសុខស្បៀង សន្តិសុខថាមពល ដែលចាត់ទុកថាជាធាតុផ្សំសំខាន់ក្នុងរយៈពេលវែង ព្រមទាំងគោលនយោបាយជាតិជាបន្តបន្ទាប់ សម្រាប់ដោះស្រាយបញ្ហាប្រឈមគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមបញ្ជាក់បន្ថែមដូច្នេះថា ៖
«ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍន៍មូលធនមនុស្សដែលជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន ក្នុការជំរុញដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមប្រកបដោយបរិយាកាសនិងភាពធន់»។
សម្រាប់បណ្តាក្រុមដៃគូរអភិវឌ្ឍន៍កម្មវិធីខាងលើនេះរួមមាន ក្រុមហ៊ុន Mekong Strategic Capital (MSC) និងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB)ជាដើម ក៏បានបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការបង្កើនភាពធន់របស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុផងដែរ។
គួរបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)»ក៏មានការផ្តល់ឥណទានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់វិស័យអាទិភាពចំនួន ៥ មានដួចជា ទី១.ថាមពលកកើតឡើងវិញ, ទី ២.ថាមពលប្រកបដោយប្រសិទ្ធភាព, ទី ៣.កសិកម្មព្រៃឈើ និងការប្រើប្រាស់ដី, ទី ៤.ប្រព័ន្ធធារាសាស្ត្រ និង ទី៥.ការដឹកជញ្ជូនដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាបជាដើម។
កម្មវិធីនេះទទួលបានការគាំទ្រថវិកាពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF) តាមរយៈធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលជាស្ថាប័នមានសម្បទា (Accredited Entity) ហើយធនាគារ ARDB ជាប្រតិបត្តិករអនុវត្តកម្មវិធី និងក្រុមហ៊ុន Mekong Strategic Capital (MSC) ជាទីប្រឹក្សាបច្ចេកទេស៕