បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

បរទេស៖ ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ។ បើយោងតាមការរាយការណ៍ពី CNA។

Advertisement

កាលពីថ្ងៃអាទិត្យ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី (MTI) លើកឡើងថា សិង្ហបុរីរឹករាយចំពោះការបញ្ចប់ប្រកបដោយជោគជ័យនៃការចរចាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) នៅក្នុងកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានលើកទី ៥៧ ដែលធ្វើឡើងនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភាកន្លងទៅនេះ។ វានឹងក្លាយជាកិច្ចព្រមព្រៀងទូលំទូលាយជាលើកដំបូងរបស់អាស៊ានដែលផ្តោតលើសេដ្ឋកិច្ចឌីជីថល ពង្រឹងការតភ្ជាប់ឌីជីថល និងសមាហរណកម្មក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។

កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) នឹងដោះស្រាយភាពស្មុគស្មាញនៅក្នុងយុគសម័យឌីជីថល តាមរយៈច្បាប់ឌីជីថលប្រកបដោយភាពហ្មត់ចត់ និងរឹងមាំ។ ផ្អែកលើការប្តេជ្ញាចិត្តដែលមានស្រាប់របស់អាស៊ានលើវិស័យសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀង DEFA បង្កើតច្បាប់ និងក្របខណ្ឌរួមគ្នា ដែលជួយសម្រួលដល់ពាណិជ្ជកម្មឌីជីថល, ធ្វើឱ្យនីតិវិធីពាណិជ្ជកម្មឌីជីថលកាន់តែងាយស្រួល, គាំទ្រដល់រលំហូរទិន្នន័យឆ្លងកាត់ព្រំដែនដោយគួរឱ្យទុកចិត្ត, ពង្រឹងប្រព័ន្ធទូទាត់ប្រាក់ឌីជីថល និងការធ្វើប្រតិបត្តិការអេឡិចត្រូនិក, ពង្រឹងការការពារអ្នកប្រើប្រាស់តាមអ៊ីនធឺណិត, និងជំរុញឱ្យមានអន្តរប្រតិបត្តិការឌីជីថលកាន់តែទូលំទូលាយនៅទូទាំងតំបន់។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី លើកឡើងដែរថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យមានភាពកាន់តែងាយស្រួលសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកឱកាសពីសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើននៅក្នុងអាស៊ីអាគ្នេយ៍ ខណៈពេលដែលធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តក្នុងការទិញ និងធ្វើប្រតិបត្តិការទូទាត់លុយឆ្លងប្រទេស។ វាក៏គ្របដណ្តប់លើផ្នែកដែលកំពុងរីកចម្រើន ដូចជា បញ្ញាសិប្បនិម្មិត (AI), ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល (FinTech), និងការការពារកូដសំងាតរបស់ប្រភព។

មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះនឹងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាព ព្រមទាំងជួយសិង្ហបុរី និងអាស៊ានត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅដំណាក់កាលបន្ទាប់ ខណៈពេលដែលអាជីវកម្មនានាបង្កើនការចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រីកខ្លួនឆ្លងដែន។ នៅពេលសេដ្ឋកិច្ចឌីជីថលកាន់តែរីកចម្រើន វានឹងបង្កើតឱកាសការងារថ្មីៗដែលមានប្រាក់បៀវត្សរ៍ខ្ពស់ និងត្រូវការជំនាញពិតប្រាកដសម្រាប់ប្រជាជនក្នុងតំបន់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា