បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

ភ្នំពេញ ៖ អ្នកជំនួញ​ធំៗ​នៅក្នុងប្រទេសកម្ពុជា ​រួមមាន​ដូចជាម្ចាស់ធនាគារ​ អ្នកប្រមូលទិញកសិផល អ្នកកែច្នៃ និងអ្នកផលិត បានរួមគ្នា​អភិវឌ្ឍ​វិស័យកសិកម្ម​ ដែលជំរុញឱ្យមានការកែច្នៃ និងផលិត​នៅក្នុងស្រុកឱ្យអស់លទ្ធភាព ស្របតាម​ផែនការ​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​​កម្ពុជា​អាណត្តិទី​៧នេះ ។​

Advertisement

នៅក្នុងជំនួប​មហាគ្រួសារ​កសិករ​ចិញ្ចឹមសត្វ និងដំណាំកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ អ្នកឧក​ញ៉ា​​ លាង ម៉េង អគ្គនាយក​ធនាគារ​ ជីប ម៉ុង ដែលជាធនាគារ​ក្នុងសុ្រកដ៏ធំមួយ​ផ្ដល់​កម្ចីដល់វិស័យកសិកម្ម​កម្ពុជា​​​ បានលើកឡើងថា កសិកម្ម​ គឺជាវិស័យស្នូល​ដ៏មានសារសំខាន់សម្រាប់ប្រទេស​កម្ពុជា ដែលមិនត្រឹមតែជា​ប្រភពចំណូលសម្រាប់កសិករ​ប៉ុណ្ណោះទេ តែថែមទាំងជាមូលដ្ឋានសម្រាប់សន្តិសុខ​ស្បៀង​អាហារ ស្ថិរភាពសង្គម និងការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិប្រកបដោយចីរភាពផងដែរ ។​ លើសពីនេះ ការ​គាំទ្រ​កសិកម្ម​ខ្មែរ​មិនមែន​ត្រឹមតែជាការ​គាំទ្រផលិតផល​ក្នុងស្រុកប៉ុណ្ណោះទេ តែក៏ជាការគាំទ្រដល់ជីវភាពប្រជាពលរដ្ឋ​ និងបង្កើត​ឱកាស​ការងារ​ ដោយអាច​កាត់បន្ថយការ​ធ្វើចំណាកស្រុក ជាពិសេស ​គឺជាការ​វិនិយោគលើ​អនាគត​ប្រទេសជាតិកម្ពុជាផងដែរ ។

អ្នកឧកញ៉ា​បន្តថា ដោយមើលឃើញពីសក្ដានុពល​ និងសារសំខាន់​នៃវិស័យ​កសិកម្ម ធនាគារ ជីប​ ម៉ុង បាន​គាំទ្រតាមរយៈការផ្ដល់​កម្ចីទុន​ដល់វិស័យកសិកម្ម ជាក់ស្ដែង ​ថ្មីៗនេះ ធនាគារ​ ជីប ម៉ុង​ បានប្រកាស​បញ្ចេញកញ្ចប់ហិរញ្ញវត្ថុ​​ចំនួន ៥០០លានដុល្លារសម្រាប់គាំទ្រ​វិស័យស្រូវ អង្ករ ស្វាយចន្ទី ក្នុងគោល​បំណង​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ។​

អ្នកឧកញ៉ាបញ្ជាក់ថា​ ៖

«ខ្ញុំសង្ឃឹម ​និងជឿជាក់ថា កញ្ចប់ហិរញ្ញវត្ថុ​នេះ នឹង​រួមចំណែកដល់បងប្អូន​ប្រជាកសិករ​ដែលជា​ម្ចាស់កសិដ្ឋាន ម្ចាស់ចម្ការ​នានា​ នៅក្នុងប្រទេសកម្ពុជា​ អាច​មានលទ្ធភាពពង្រីក​សង្វាក់ផលិតផលកម្ម​ បង្កើនគុណភាពផលិតផល​​ ដែលអាច​បង្កើនតម្លៃ​បន្ថែមបាន​កាន់តែខ្ពស់​សម្រាប់ផលិតផល​កសិកម្ម​នៅកម្ពុជា»។​

ឯកឧត្តម​បណ្ឌិត​ ម៉ុង ឫទ្ធី​ ប្រធាន​គណៈកម្មការទី៣ ព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​បានលើកឡើងថា បើនិយាយពីវិស័យកសិកម្ម គឺ​ផ្ដោតលើការ​ចិញ្ចឹម ​និង​ដាំដុះ ប៉ុន្តែ​ ចិញ្ចឹម ​និងដាំដុះ​បានល្អគឺ​ត្រូវការ​ធាតុផ្សំផ្សេងទៀត ដូចជា​ ជីកសិកម្ម​ និងចំណីសត្វ​ជាដើម។

ឯកឧត្តមបានបន្តថា វិស័យកសិកម្ម និងការចិញ្ចឹមសត្វ មិនត្រឹមតែជាវិស័យផលិតស្បៀងអាហារ និងធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចជនបទ។ វិស័យនេះបង្កើតការងាររាប់លានកន្លែង បង្កើតប្រាក់​ចំណូល កាត់បន្ថយភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពសង្គមជាតិ ។ ការវិនិយោគលើវិស័យកសិកម្ម គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ និងជីវភាពប្រជាពលរដ្ឋ។ វាបានបង្កើតការងារដោយផ្ទាល់ និងដោយប្រ​យោល​រាប់សិបម៉ឺនកន្លែងពីការដាំដំណាំ ចិញ្ចឹមសត្វ កែច្នៃ ដឹកជញ្ជូន យកទៅផ្គត់ផ្គង់ឱ្យទីផ្សារក្នុងប្រ​ទេស​រហូតដល់នាំចេញទៅទីផ្សារអន្ដរជាតិ។ នៅពេលកសិកររឹងមាំ សេដ្ឋកិច្ចជនបទក៏រឹងមាំ ហើយសង្គ​ម​ជា​តិ​ក៏មានស្ថិរភាពស្បៀង ។

ឯកឧត្តម​បន្ថែមថា ៖​​

«ចាប់ពីពេលនេះតទៅ កសិករ ឬផលិតករ​ ដែលចង់វិនិយោគលើកសិកម្ម មិនពិបាកដូចមុនទៀតឡើយ ដោយ​បច្ចុប្បន្ន​នេះ យើង​បានចងក្រង​ជា​បណ្ដាញ​ដោយមានអ្នកផ្ដល់ទុន មានធនាគារ​ជាច្រើន មានអ្នកផលិត​ មានអ្នកផ្គត់ផ្គង់ ដូចជា ចំណី​សត្វ ជីកសិកម្ម​  ​និងអ្នកទទួល​ទិញ ដោយបានចុះកុងត្រា​ជាមួយក្រុមហ៊ុនទទួលទិញ​យកទៅកែច្នៃ​ »។​

លោក​ ប៉ាញ់​ ម៉េងឃុន អ្នកផ្គត់ផ្គង់ពូជជ្រូក​ដល់កសិករ​កម្ពុជា បាន​លើកឡើងថា ដំបូងឡើយ លោក​បានចិញ្ចឹមជ្រូកគ្រាន់តែជា​លក្ខណៈគ្រួសារ​ប៉ុណ្ណោះ បន្ទាប់មកក៏បានពង្រីកខ្លួនជា​បន្ត​បន្ទាប់ ក្រោយមានកិច្ច​សហការជាមួយក្រុមហ៊ុន​ អឹម ភីក​ របស់ឧកញ៉ា ម៉ុង ​ឫទ្ធី ដោយក្រុមហ៊ុនបានផ្ដល់​បច្ចេកទេស​ចិញ្ចឹម​ ផ្ដល់មេពូជ ផ្ដល់ចំណី និងថ្នាំ ជាពិសេស​ក្រុមហ៊ុន​បានទទួលទិញ​ជ្រូក​សាច់វិញ​ក្នុងតម្លៃ​សមរម្យ​ដែលអាច​ឱ្យកសិករចំណេញបាន ។​

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ​ដល់​ប្រជាកសិករ​កម្ពុជា ប្រសិនបើ​មានលទ្ធភាព ឬចង់ចិញ្ចឹមសត្វ​​ អាច​ចិញ្ចឹម​ជាលក្ខណៈទ្រង់ទ្រាយធំ ហើយបើខ្វះខាតដើមទុន ក៏មានធនាគារ​ជាច្រើន​រង់ចាំផ្ដល់​កម្ចី​ ឱ្យតែកសិករ​មានផែនការ​ច្បាស់លាស់ ហើយប្រើឥណទាននោះចំគោលដៅ ​ប្រកបដោយការទទួលខុសត្រូវ។ ការចិញ្ចឹម​បែប​នេះ អាច​ផ្គត់ផ្គង់​បាននៅលើទីផ្សារ​ដោយមិនចាំបាច់នាំចូលពីខាងក្រៅប្រទេស​ ហើយកម្ពុជាក៏អាច​មានលទ្ធភាពនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារ​បរទេសបានទៀតផង៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា