ភ្នំពេញ ៖ ចាប់តាំងពីយោធាថៃបានបើកការឈ្លានពានលើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋកម្ពុជាស្ទើរតែទូទាំងប្រទេសបាននាំគ្នាធ្វើពហិការលើទំនិញរបស់ថៃ ហើយការធ្វើពហិការលើទំនិញថៃនេះដែរ គឺជាឱកាសល្អបំផុតសម្រាប់អ្នកផលិតនៅក្នុងប្រទេសដើម្បីពង្រីកខ្លួនឱ្យកាន់តែធំ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចពិភាក្សាតុមូល កាលពីថ្ងៃទី២៩ ឧសភា ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា នៅពេលដែលពលរដ្ឋកម្ពុជា កំពុងធ្វើពហិការលើទំនិញថៃ គឺជាដំណាក់កាលមួយដែលមានឱកាសល្អបំផុតសម្រាប់ ឧស្សាហកម្មក្នុងស្រុករីកចម្រើន។ ក្នុងដំណាក់កាលនេះ បើសិនសហគ្រិនក្នុងស្រុកមិនព្រមឆ្លៀតឱកាសនេះទេ ពួកគេអាចនឹងបាត់បង់ឱកាសដ៏ល្អនេះហើយ។
ឯកឧត្តមបានបន្តថា កន្លងមកនេះ សហគ្រិនមួយចំនួន បានចាប់ផ្ដើមឆក់យកឱកាសដើម្បីពង្រីកខ្លួន ពង្រីកទីផ្សារលើផលិតរបស់ខ្លួន ជាក់ស្ដែង គ្រាន់តែមានបញ្ហាជាមួយប្រទេសថៃភ្លាម ធ្វើឱ្យពលរដ្ឋកម្ពុជាឈប់ប្រើមីម៉ាម៉ារបស់ថៃភ្លាមដែរ ហើយពេលនោះ ក្រុមហ៊ុនផលិតមីរបស់ខ្មែរ ក៏ឱកាសមកជំនួសមីម៉ាម៉ា និងបានផលិតនូវផលិតផលថ្មីៗដើម្បីបំពេញតម្រូវការលើទីផ្សារ។
ឯកឧត្តមបានបន្ថែមថា ទន្ទឹមនឹងពង្រីកខ្លួននៅលើទីផ្សារ ដើម្បីបំពេញតម្រូវការសម្រាប់អតិថិជន និងប្រជាពលរដ្ឋកម្ពុជាបានហើយ សហគ្រិនក្នុងស្រុកក៏ត្រូវតែគិតគូរពីគុណភាពនៃផលិតផលខ្លួនផងដែរ។ ជាមួយគ្នា ត្រូវមានអ្វីសម្រាប់ទាក់ទាញនិងទាក់ចិត្តអ្នកប្រើប្រាស់ ដូចជាសោភណ្ឌភាពលើសំបកវេចខ្ចប់ជាដើម។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ថា ជាការកត់សម្គាល់ និងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញ ក្រោយពីពលរដ្ឋខ្មែរបានធ្វើពហិការលើផលិតផលថៃ ជាក់ស្ដែងតាមការយៈការរៀបចំពិព័រណ៍ផលិតផលខ្មែរ ជាច្រើនលើក ឃើញថា ប្រជាពលរដ្ឋខ្មែរស្វែងរកទិញផលិតផលខ្មែរច្រើន រហូតដល់ស្តង់ខ្លះត្រូវអស់ផលិតផលលក់មុនថ្ងៃបញ្ចប់ពិព័រណ៍។
លោកឧកញ៉ា បានបន្តថា ការគាំទ្រលើផលិតផលខ្មែរពីសំណាក់ពលរដ្ឋខ្មែរ មិនត្រឹមតែជួយដល់អ្នកផលិតនូវទំនិញប្រើប្រាស់នោះទេ ប៉ុន្តែវាក៏បានជួយដល់អ្នកផ្គត់ផ្គង់វត្ថុធាតុដើម ដូចជាកសិករ ដាំដុះ ចិញ្ចឹមសត្វ ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនទៅមុខជាលំដាប់។
លោក កឹម សាន អគ្គនាយកក្រុមហ៊ុនភីហ្សាគ្រួសាររីករាយ ដែលជាសិប្បកម្មផលិតម្សៅភីហ្សាមួយនៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបិទព្រំដែន និងការធ្វើពហិការពីសំណាក់ប្រជាពលរដ្ឋកម្ពុជា គឺជាឱកាសនៃការពង្រីកខ្លួនពង្រីកទីផ្សារនៃផលិតផលដែលផលិតក្នុងប្រទេស ជាក់ស្ដែង ម្សៅភីហ្សា និងគ្រឿងទេសរបស់សិប្បកម្មលោក មានសន្ទុះ គាំទ្រនិងតម្រូវការខ្ពស់ ពោលគឺកើនឡើងរហូតដល់ប្រមាណ ៧០ ភាគរយ ធៀបនឹងមុនពេលមានបញ្ហាជាមួយថៃ។
លោកបានបន្តថា កាលពីមុន អាជីវករមួយចំនួនបានប្រើប្រាស់ផលិតផលថៃច្រើន ដូចជា ម្សៅភីហ្សាទឹកជ្រលក់ និងគ្រឿងផ្សំជាច្រើនទៀត ប៉ុន្តែនៅពេលមានបញ្ហាជម្លោះព្រំដែន និងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ ធ្វើឱ្យអាជីវករស្ទើរតែទាំងអស់បានបញ្ឈប់ការលក់របស់ថៃ។ លោកថា៖
“ការបញ្ឈប់ការលក់ផលិតផលថៃពីសំណាក់អាជីវករខ្មែរ មកពីកត្តាមួយចំនួន ដូចជាផលិតផលនោះ ពិបាកនាំចូល បើចូលបានក៏ត្រូវអស់ថ្លៃខ្ពស់ ដូច្នេះអាជីវករក៏ត្រូវលក់ក្នុងតម្លៃខ្ពស់ ដែលពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក។ ម្យ៉ាងទៀត ដោយសារតែកម្លាំងពហិការពីសំណាក់ប្រជាពលរដ្ឋខ្មែរ ផលិតផលថៃភាគច្រើនមិនមានអ្នកទិញទៀតទេ ហើយបើសិនជានាំចូលមកក៏លក់មិនដាច់ដែរ ទើបអាជីវករក៏ផ្លាស់ប្តូរមកប្រើប្រាស់ក្នុងស្រុកកាន់តែច្រើន។”
លោក កឹម សាន បានបញ្ជាក់ថា ទន្ទឹមនឹងទីផ្សារកើនឡើងខ្ពស់បែបនេះ សិប្បកម្មរបស់លោកក៏បានផលិតនូវផលិតថ្មីៗបន្ថែមទៀត ដើម្បីបំពេញនៅលើទីផ្សារ ដោយរំពឹងថាអាចជំនួសផលិតផលរបស់ថៃទាំងស្រុងនៅពេលអនាគត ហើយបើសិនជាថៃបើកព្រំដែនវិញ ហើយមានការនាំចូលវិញ ក៏ខ្មែរមានផលិតផលជារបស់ខ្មែរសម្រាប់ផ្គត់ផ្គង់លើទីផ្សារស្រាប់ទៅហើយ៕